ភ្នំពេញ៖ ជាមួយនឹងការធ្វើពិពិធកម្មទីផ្សាររបស់ខ្លួន ក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរ-អ៊ែរ គ្រោងចាប់ផ្តើមពង្រីកជើងហោះហើរទៅកាន់គោលដៅធំៗចំនួន៤ទៀត និងបន្ថែមការបញ្ជាទិញយន្តហោះរហូតដល់១២គ្រឿងគិតត្រឹមឆ្នាំ២០២០ខាងមុខ។
លោក លឹម កៅ អគ្គនាយករងនៃក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរ-អ៊ែរបានថ្លែងឲ្យដឹងក្នុង ពិធីសម្ភោធការចាប់ផ្តើមជើងហោះហើររវាងក្រុងសៀមរាប និងទីក្រុងហុងកុងកាលពីម្សិលម៉ិញនេះថា ការហោះហើរត្រង់នាពេលនេះ គឺចាប់ផ្តើមប្រតិបត្តិការហោះហើរពេលព្រឹក ដឹកជញ្ជូនអ្នកដំណើរ ចេញពីក្រុងសៀមរាប ទៅកាន់ទីក្រុងហុងកុង និងពេលរសៀលត្រូវបានដឹកជញ្ជូនអន្កដំណើរ ត្រឡប់ពីទីក្រុងហុងកុង មកដល់ក្រុងសៀមរាបវិញ។ ប្រតិបត្តិការហោះហើរនេះ ក្នុង១សប្តាហ៍ ២ថ្ងៃ គឺថ្ងៃអាទិត្យ និងថ្ងៃពុធ ។លោករំពឹងទុកថា អតិថិជននឹងរីករាយជាមួយសេវាកម្មថ្មីនេះ ។ក្រៅពីហុងកុង ក្រុមហ៊ុនមានគម្រោង បើកផ្លូវហោះហើរថ្មីៗ បន្ថែមទៀតទៅកាន់ប្រទេសថៃ សឹង្ហបូរី និងបណ្តាខេត្តផ្សេងៗទៀតនៃប្រទេសចិន ព្រោះក្រុមហ៊ុនកំពុងកំណត់ចក្ខុវិស័យទីផ្សារទៅកាន់ឥណ្ឌាផងដែរ នឹងគ្រោងនាំភ្ញៀវទេសចរឥណ្ឌា មកទស្សនាអង្គរវត្ត ព្រោះថាប្រាសាទអង្គរវត្តនៅកម្ពុជា គឺជាប្រាសាទហិណ្ឌូធំបំផុតនៅក្នុងពិភពលោក។
លោកបន្តថា តាមគំរោងរបស់ក្រុមហ៊ុននេះ គឺនៅឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរជាតិកម្ពុជាអង្គរ-អ៊ែរនឹងបង្កើនការហោះហើរ ទៅកាន់គោលដៅកាន់តែច្រើន ជាមួយនឹងគម្រោងបង្កើនយន្តហោះបំរើការដឹកជញ្ជូនអ្នកដំណើរ ឲ្យបានដល់១២ គ្រឿង គឺធុន ATRs ចំនួន៤គ្រឿង និងយន្តហោះធុន Airbus ចំនួន៨គ្រឿង។