ដោយនៅ វឌ្ឈនា
សឹង្ហបុរីៈ តម្លៃលំនៅឋាននៅក្នុងប្រទេសសឹង្ហបុរី បានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជាង២ឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលបានព្យាករណ៍ថាសេដ្ឋកិច្ចរបស់ប្រទេស នឹងមានការងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចអាក្រក់បំផុត ដែលបង្កឡើងដោយជំងឺកូវីដ១៩ ចាប់តាំងពីទទួលបានឯករាជ្យ។

-->
យោងតាមគេហទំព័រ www.hindustantimes.com បានចុះផ្សាយកាលពីពេលថ្មីៗនេះថា តម្លៃអចលនទ្រព្យប្រភេទលំនៅឋាន នៅក្នុងប្រទេសសឹង្ហបុរីបានកើនឡើង២,១ភាគរយ ក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំនេះ។ នោះគឺជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីត្រីមាសទី២ ឆ្នាំ ២០១៨ ដោយមានការកើនឡើង៣,៤ ភាគរយ។
គេហទំព័រនេះបន្តថា កំណើននេះបង្ហាញពីកំណើន ត្រីមាសទីជាប់ៗគ្នា ដោយផ្ទុយទៅនឹងក្តីបារម្ភថា តម្លៃផ្ទះនឹងធ្លាក់ចុះស្របពេលមានការបិទប្រទេស និងការបិទព្រំដែនដែលធ្វើឱ្យប៉ះពាល់ដល់វិសទេសចរណ៍ និងពាណិជ្ជកម្ម។
គេហទំព័រនេះបន្ថែមថា ផ្ទុយទៅវិញប្រទេសសិង្ហបុរី បានភ្ជាប់ទំនាក់ទំនងជាមួយនឹងបណ្តាប្រទេស ជាមួយនឹងប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ ចក្រភពអង់គ្លេស និងអាមេរិកដែលទីផ្សារអចលនទ្រព្យ នៅក្នុងប្រទេសទាំងនេះ បានកើនឡើងក្នុងអំឡុងពេលមានការរីករាលដាលដោយជំងឺកូវីដ១៩ ។
តម្លៃអចលនទ្រព្យ នៅក្នុងប្រទេសនេះអាចនឹងកើនឡើងបន្ថែមទៀត នៅឆ្នាំនេះដោយសាររដ្ឋាភិបាលរំពឹងថា សេដ្ឋកិច្ចនឹងកើនឡើងពី៤ភាគរយ ទៅ៦ភាគយ ដោយស្ទុះឡើងពីការធ្លាក់ចុះ ៥,៨% កាលពីឆ្នាំមុន។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានបន្ធូរបន្ថយវិធានការណ៍គម្លាតសង្គម និងបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងលើកដំបូង ចំពោះបុគ្គលិកផ្នែកថែទាំសុខភាព។
លោកស្រី Christine Sun ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សានៅក្រុមហ៊ុន OrangeTee & Tie Pte បានថ្លែងថា អ្នកទិញលំនៅឋានអាចនឹងទទួលបានភាពជឿទុកចិត្តបន្ថែមទៀត ក្រោយពីការចាក់វ៉ាក់សាំងរបស់ប្រទេសសិង្ហបុរីនាពេលនេះ៕