កម្ពុជា មានច្បាប់ជួយប្រជាពលរដ្ឋ ក្នុងករណីរងផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ផ្សេងៗ ពួកគេនឹងទទួលបាននូវការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋាភិបាល ដើម្បីដោះស្រាយតាមផ្លូវច្បាប់ តាមរយៈការដាក់ចេញនូវវិធានរួម ដែលកំណត់ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ លើគោលការណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារនៃច្បាប់ ។

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយ “អនុក្រឹត្យស្តីពីការដាក់ឱ្យប្រើប្រាស់ស្តង់ដានីតិវិធីប្រតិបត្តិ សម្រាប់ការងារដោះស្រាយ ផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍” កាលពីថ្ងៃម្សិលម៉ិញ លោកអូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅថា សិក្ខាសាលាមានគោលដៅផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តស្តង់ដារ នីតិវិធីប្រតិ​បត្តិ សម្រាប់ការងារដោះស្រាយផលប៉ះពាល់ដោយ​សារគម្រោងអភិវឌ្ឍន៍ ដើម្បីធានាបានការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈដាក់ចេញនូវវិធានរួម ដែលកំណត់ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយនៃគោលការណ៍ និងនីតិវិធីប្រតិ​បត្តិស្តង់ដារ ក្នុងការងារដោះស្រាយផលប៉ះពាល់ ក៏ដូចជាការងារធ្វើលទ្ធកម្មដី។

លោកបន្តថា “រាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការបែងចែក ដោយសមធម៌ នូវផលនៃកំណើនសេដ្ឋកិច្ច ដែលកម្ពុជាយើងកំពុងទទួលបាន” ។ លោកបន្តថា “ជាក់ស្តែងស្តង់ដានីតិវិធីនេះ ត្រូវបានរៀបចំឡើងសំដៅធានាថា ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍ទាំងអស់ នឹងទទួលបាននូវការយកចិត្តទុកដាក់ និងដោះ​​ស្រាយ ដោយមានការពិគ្រោះយោបល់ត្រឹមត្រូវជាមួយពួកគាត់ ប្រក​ប​ដោយភាពសមរម្យ យុត្តិធម៌ សេចក្តីថ្លៃថ្នូរ”។

លោកទេសរដ្ឋមន្រ្តីបានបន្តថា ការដាក់ឱ្យប្រើប្រាស់ “ស្តង់ដានីតិវិធីប្រតិបត្តិសម្រា​ប់ ការងារដោះស្រាយផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍”នេះគឺជាជោគ​ជ័យដ៏ធំថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់គម្រោងវិនិយោគសាធារណៈនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here