ដោយគង់ សូរិយា
ភ្នំពេញ៖ អ្នកជំនាញក្នុងវិស័យទេសចរណ៍ និងអាកាសចរណ៍បានលើកឡើងថា កម្ពុជាមិនទាន់រងផលប៉ះពាល់ពីការដំឡើងថ្លៃប្រេងឥន្ឋនៈ ដែលធ្វើឲ្យសំបុត្រយន្តហោះឡើងថ្លៃនៅឡើយទេ ប៉ុន្តែពួកគេបានព្រមានថា ប្រសិនជាមានការដម្លើងថ្លៃសំបុតត្រយន្តហោះវិស័យទេសចរណ៍នឹងរងផលប៉ះពាល់។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី៧ មិថុនានេះថា មកទល់ពេលនេះ លោកស្រីមិនទាន់ឃើញមានការដំឡើងថ្លៃសំបុត្រយន្តហោះ ពីក្រុមហ៊ុនអាកាសចរណ៍នានានៅឡើយទេ ប៉ុន្តែប្រហែលជានឹងមានការដំឡើងនាពេលខាងមុខ ព្រោះនៅពេលប្រេងឡើងថ្លៃ ក្រុមហ៊ុននានា នឹងឡើងថ្លៃទាំងក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក និងក្រុមហ៊នដឹកជញ្ជូនតាមផ្លូវគោក។
លោកស្រីបន្តថា “ប្រសិនជាមានការតម្លើងថ្លៃសំបុត្រយន្តហោះ នឹងមានផលប៉ះពាល់ដល់លំហូរភ្ញៀវទេសចរណ៍ ហើយកញ្ចប់ទេសចរណ៍មួយចំនួន នឹងត្រូវលុបចោល ហេតុនេះយើងមិនចង់ឲ្យមានការដំឡើងថ្លៃនោះទេ”។លោកស្រីបន្តថា “នៅពេលឡើងថ្លៃសំបុត្រយន្តហោះ ក្រុមហ៊ុនទាំងនោះមិនងាយបញ្ចុះតម្លៃវិញទេ ទោះជាតម្លៃប្រេងសាំងធ្លាក់ចុះក្តី ព្រោះគោលនយោបាយក្រុមហ៊ុននិមួយៗមិនងាយផ្លាស់ប្តូរទេ”។
ទីប្រឹក្សាសមាគមដដែលនេះ លោកហូ វណ្ឌីបានថ្លែងស្រដៀងគ្នាថា តាមធម្មតាសំបុត្រយន្តហោះតែងតែឡើងថ្លៃតាមរដូវកាល ហេតុនេះនៅពេលមានការឡើងថ្លៃប្រេងឥន្ឋនៈ ពួកគេនឹងដាក់តម្លៃបញ្ចូលនៅក្នុងសំបុត្រយន្តហោះរបស់ខ្លួន។ លោកបន្តថា ជាធម្មតា ការដំឡើងថ្លៃសំបុត្រយន្តហោះតិចឬច្រើន វានឹងមានផលប៉ះពាល់មិនល្អដល់ភ្ញៀវទេសចរណ៍និងធ្វើឲ្យមានការលុបកញ្ចប់ទេសចរណ៍ផងដែរ។
លោកបន្តថា “ថ្មីនេះៗនេះមិនទាន់ឃើញមានការដំឡើងថ្លៃ សំបុត្រយន្តហោះនៅឡើយទេ តែករណីមានការដំឡើងថ្លៃ ក៏មិនមានផលប៉ះពាល់ដល់ភ្ញៀវទេសចរណ៍ធ្ងន់ធ្ងរនោះទេ”។
ថ្នាក់ដឹកនាំមួយរូបនៃក្រុមហ៊ុនអាកាសចរណ៍ JC Airline ដែលជាក្រុមហ៊ុនអាកាសចរណ៍ធំមួយរបស់កម្ពុជា បានថ្លែងឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា នៅពេលតម្លៃប្រេងឡើងថ្លៃ អ្វីៗវានឹងឡើងទាំងអស់ ចរន្តនៃសេដ្ឋកិច្ចវាមានសភាពបែបនេះ ប៉ុន្តែតើវាមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ប៉ុណ្ណា យើងមិនទាន់ដឹងនៅឡើយទេ តែលោកគិតថាវានឹងមិនធ្ងន់ធ្ងរនោះទេ។
លោកបន្តថា “ទោះជាយ៉ាងណារហូតមកទល់ពេលនេះ ក្រុមហ៊ុនអាកាសចរណ៍ JC Airline មិនទាន់បានតម្លើងថ្លៃសំបុត្រយន្តហោះនៅឡើយទេ”៕