ដោយ រ៉ាវី
ភ្នំពេញ៖ ខេត្តកំពង់ស្ពឺ បានក្លាយជាតំបន់ឧស្សាហកម្មយ៉ាងឆាប់រហ័ស ដោយមានវត្តមានរោងចក្រ សហគ្រាសយ៉ាងច្រើនបានបើកដំណើរការនៅខេត្តមួយនេះ ដែលថ្នាក់ដឹកនាំខេត្តបានសម្តែងក្តីរីករាយ និងបានបង្ហើបថា ឧស្សាហកម្មក្នុងខេត្តនេះបានផ្តល់ចំណូល២០លានដុល្លារក្នុងមួយខែ ដល់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង បានថ្លែងឲ្យដឹងកាលពីដើមសប្តាហ៍នេះថា នៅពេលបច្ចុប្បន្ននេះ បើគេនិយាយពីតំបន់សេដ្ឋកិច្ចពិសេស ត្រូវបានគេសម្លឹកឆ្ពោះទៅកាន់ទឹកដីខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ ដែលមានទីតាំងនៅមិនឆ្ងាយពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មរាជធានីភ្នំពេញ ដ្បិតទីនេះក្រៅពីមានភូមិសាស្ត្រល្អនិងអំណោយផលលើការដឹកជញ្ជូន វានៅមានភាពល្អប្រសើរជាច្រើនទៀត វិសាសលភាពទីតាំងមានភាពធំទូលាយ តម្លៃអចលនទ្រព្យនៅមានកម្រិតទាប ជាពិសេសភាពសម្បូរបែបនៃកម្លាំងពលកម្ម ដែលភាគច្រើនជាប្រជាជនដែលកំពុងរស់នៅក្នុងតំបន់ស្រាប់។
លោកបន្តថា បច្ចុប្បន្ននេះ ខេត្តបាននិងកំពុងពង្រីកវិសាលភាពផ្នែកសេដ្ឋកិច្ច បានកាន់តែប្រសើរជាងមុន តាមរយៈលំហូរនៃអ្នកវិនិយោគជាច្រើន ដែលបានសាងងស់រោងចក្រ សហគ្រាសធំៗ ដែលសរុបមានចំនួន១៣០ទីតាំង (រោងចក្រស្បែកជើង និងរោងចក្រកាត់ដេរសំលៀកបំពាក់)។ ដោយឡែកសម្រាប់សិប្បកម្មខ្នាតមធ្យម និងក្រោមមធ្យ ម នៅតាមមូលដ្ឋានជាលក្ខណៈគ្រួសារផ្សេងៗ មានរហូតដល់ប្រមាណ៤៦០០មូលដ្ឋានដែលអាចអនុគ្រោះ និងផ្តល់ការងារជូនប្រជាកម្មករក្របខណ្ឌ បានប្រមាណ៩១,០០០នាក់ និងក្រៅក្របខណ្ឌបានប្រមាណជិត៤០,០០០នាក់។
លោកបន្តថា ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាស ក៏ដូចជាសិប្បកម្មនានា ដែលកំពុងមានសកម្មភាពនាពេលបច្ចុ ប្បន្ននេះ វាពិតជាមានសារសំខាន់បំផុត ក្នុងការចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចជាតិ ក៏ដូចជាផ្តល់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងអ្នកចំណាកស្រុកមកពីតាមបណ្តាខេត្តផ្សេងៗផងដែរ ដែលយ៉ាងហោយណាស់សម្រាប់កម្មករក្របខណ្ឌ យ៉ាងហោចណាស់អាចទទួលបានចំណូលប្រចាំខែ មិនក្រោម១៧០ដុល្លារនោះទេ ខណៈដែលកម្មករជំនាញមួយចំនួន ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រមួយចំនួនស្ថិតក្នុងក្រុងច្បារមន អាចមានលទ្ធភាពទទួលបានចំណូលចាប់ពី៦០០ទៅ៧០០ដុល្លារក្នុងមួយខែ។
ដោយឡែកចំពោះកម្មករក្រៅក្របខណ្ឌវិញ អាចទទួលបានចំណូលអាស្រ័យទៅតាមលទ្ធភាព និងសកម្មភាពព្យាយាមរបស់ខ្លួន ដែលបម្រើការងារនៅតាមបណ្តាសិប្បកម្មនានា ហើយក៏មានអ្នកខ្លះ អាចរកចំណូលបានតាមរយៈការដោះដូរកម្លាំងកាយដោយការបេះផ្លែស្វាយ និងធ្វើការនៅក្នុងសិប្បកម្មស្ករអំពៅជាដើម។
លោក វ៉ី សំណាងបានថ្លែងឲ្យដឹងផងដែរថា ក្នុងនាមលោកជាអជ្ញាធរ និងជាអភិបាលនៅក្នុងខេត្ត លោកបានបង្ហាញពីកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះបណ្តាអ្នកវិនិយោគគ្រប់ជាតិសាសន៍ទាំងអស់ ដែលមានបំណងមកបណ្តាក់ទុន ដោយដាក់ទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ យ៉ាងរីករាយជាមួយនឹងការយកចិត្តទុកដាក់ ក្នុងការចូលរួមចំណែកសម្រួល ផ្តល់សេវាសាធារណៈងាយស្រួលផងដែរ។
ខេត្តកំពង់ស្ពឺបច្ចុប្បន្ន បានតភ្ជាប់គ្នាជាមួយរាជធានីភ្នំពេញរួចហើយ នៅតាមបណ្តោយផ្លូវជាតិលេខ។ រាជរដ្ឋាភិបាលបានរៀបចំ តំបន់តាមផ្លូវជាតិលេខ៤ពីរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ជាតំបន់ឧស្សាហកម្មនៅឆ្នាំ២០២៥ខាងមុខនេះ៕