ដោយ ៖ គង់ សូរិយា
ភ្នំពេញ ស្របពេលតម្រូវការមានការកើនឡើង ចំនួនអាផាតម៉ិនបានដាក់ចូលទីផ្សារបាននិងកំពុងបន្តកើនឡើង ដោយគិតរហូតដល់ដំណាច់ត្រីមាសទី៣នេះចំនួនអាផាតម៉ិនដាក់ចូលទីផ្សារបានកើនដល់៧៧០០យូនីត។
ដោយ ៖ គង់ សូរិយា
ភ្នំពេញ ស្របពេលតម្រូវការមានការកើនឡើង ចំនួនអាផាតម៉ិនបានដាក់ចូលទីផ្សារបាននិងកំពុងបន្តកើនឡើង ដោយគិតរហូតដល់ដំណាច់ត្រីមាសទី៣នេះចំនួនអាផាតម៉ិនដាក់ចូលទីផ្សារបានកើនដល់៧៧០០យូនីត។
នាយិកាប្រតិបត្តិនៃក្រុមហ៊ុន CBRE Cambodia អ្នកនាង អាន សុធីតា បានថ្លែងឲ្យដឹងកាលពីល្ងាចថ្ងៃម្សិលម៉ិញនេះថា គិតត្រឹមដំណាច់ត្រីមាសទី៣នេះ អាផាតម៉ិនចំនួន២១គម្រោង និងមានផ្ទះចំនួន១២០០យូនីតបានដាក់ចូលទីផ្សារ ដែលធ្វើឲ្យចំនួនយូនីតសរុប ដាក់ចូលទីផ្សារកើនដល់ ៧៧០០យូនីត និងខុនដូបានដាក់ចូលទីផ្សារចំនួន ១៩០០យូនីត ដែលធ្វើឲ្យយូនីតខុនដូដាក់ចូលទីផ្សារកើនដល់ ៦១០៩ យូនីត។
អ្នកនាងបន្តថា អាផាតម៉ិន និងខុនដូមានភាពខុសគ្នា ដោយសារអាផាតម៉ិន ធ្វើឡើងដោយអ្នកវិនិយោគម្នាក់ និងប្រើប្រាស់សម្រាប់ជួល។ ចំណែកខុនដូអភិវឌ្ឍន៍ដោយមនុស្សម្នាក់ដូចគ្នា តែធ្វើឡើងសម្រាប់លក់ ដែលមានម្ចាស់កម្មសិទ្ឋច្រើននៅក្នុងអាគារនោះ ប៉ុន្តែតម្លៃជួលមានភាពខុសគ្នាផងដែរ ដោយអាផាតម៉ិនអាចជួលក្នុងតម្លៃរង្វង់១៨ដុល្លារ និងខុនដូអាចជួលក្នុងរង្វង់១៥ដុល្លារប៉ុណ្ណោះ ក្នុងមួយម៉ែត្រការ៉េ ដោយសារយូនីតនៅតាមខុនដូមានទំហំតូចៗ ធៀបជាមួយអាផាតម៉ិន ដែលមានយូនីតធំៗជាង និងមានប្រព័ន្ឋគ្រប់គ្រងល្អជាង។
អ្នកនាងបន្តថា “ការប្រើប្រាស់អាផាតម៉ិននៅតែមានភាពល្អប្រសើរ ដោយអត្រាជួលមានប្រមាណ៨១ភាគរយ ខណៈចំនួនខុនដូកំពុងកើនឡើងនូវការផ្គត់ផ្គង់ផងដែរ”។
លោកឧកញ៉ា នួន រិទ្ឋី អគ្គនាយកក្រុមហ៊ុន Khmer Foundation Appraisal ដែលបានវិនិយោគអាផាតម៉ិន KFA នៅតំបន់បឹងត្របែកបានថ្លែងថា ទីផ្សារអាផាតម៉ិននៅតែមានភាពល្អប្រសើរ ដោយសារតម្រូវការបន្តកើនឡើង ព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ ដែលធ្វើឲ្យអ្នកវិនិយោគអន្តរជាតិកាន់តែច្រើនចូលមកកាន់កម្ពុជា។
លោកបន្តថា សមាហរណកម្មអាស៊ាន ក៏ជាផ្នែកមួយយ៉ាងសំខាន់ដែលធ្វើឲ្យមានលំហូរទូនវិនិយោគ និងទីផ្សារការងារផ្លាស់ប្តូរគ្នាទៅវិញទៅមក សម្រាប់ អ្នកមានជំនាញខ្ពស់ និងថ្នាក់ដឹកនាំក្រុមហ៊ុននានា។ នៅពេលពួកគេមកកម្ពុជាជាស្វ័យប្រវត្តិពួកគេត្រូវការកន្លែងស្នាក់នៅ ហេតុនេះអាផាតម៉ិនជាជម្រើសចម្បងរបស់ពួកគេ៕