ដោយ វុត្ថា
ភ្នំពេញ៖ ជាសមាជិកមួយនៃសហភាពអឺរ៉ុប ប្រទេស Denmark ជាប្រទេសមានសេដ្ឋកិច្ចរីកចំរើនមួយ នៅក្នុងប្លុកនេះ ដោយប្រទេសនេះគ្រោងនឹងសាងសង់អកគារស្នាក់នៅកំពស់៤៤ ជាន់ ស្មើនឹងកំពស់សរុប១៤៦ ម៉ែត នៅក្នុងទីក្រុង Aarhus ដែលជាទីក្រុងលំដាប់ទី២របស់ប្រទេសនេះ ។
អគារខ្ពស់កប់ពពកនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សម្រាប់ការពាណិជ្ជកម្ម និងស្នាក់នៅ។
-->
អគារនេះជាកម្មសិទ្ធ និងសង់ដោយក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ NorCap ដែលទទួលបានសិទ្ធិលក់ដី ពីក្រុមប្រឹក្សាទីក្រុង Aarhus សម្រាប់គម្រោងសាងសង់អគារដែលមានឈ្មោះថា Lighthouse ។ តែដីសម្រាប់សាងសង់គឺជាកម្មសិទ្ធិរបស់ទីក្រុង។
អគារនេះ ត្រូវបានរចនាប្លង់ដោយក្រុមហ៊ុន 3XN ហើយនឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ ២០១៨ នេះ និងគ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២១ខាងមុនេះ។
ក្រុមហ៊ុន Aarsleff របស់ប្រទេស Denmark នាំមុខគេ បានចុះកិច្ចសន្យាទទួលការងារសាងសង់ សហការជាមួយនឹងក្រុមហ៊ុន Ramboll ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៤៥ ជាអ្នកគ្រប់គ្រងខាងរចនាម៉ូដ និងវិស្វកម្ម។
អគារខ្ពស់កប់ពពកនេះ មានអាផាតមិនចំនួន២០០ រួមជាមួយហាងកាហ្វេ ភោជនីយដ្ឋាន មជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ ក្លឹប Kayak និងកន្លែងមើលទេសភាព ព្រមទាំងមាន បា បែបភោជនីយដ្ឋាននៅជាន់ខាងលើបង្អស់នៃអគារផងដែរ។ អគារនេះត្រូវបានគេរចនាប្លង់ ដើម្បីទទួលកំដៅពីព្រះអាទិត្យសម្រាប់រដូវរងារ និងផ្តល់នូវទេសភាពល្អឥតខ្ចោះ ។
តែទោះយ៉ាងណាគេមិនទាន់បង្ហាញពីតម្លៃនៃអគារនេះនៅឡើយទេ ពាក់ព័ន្ធនឹងការសាងសង់ និងតម្លៃអាផាតមិននីមួយៗ។
សម្រាប់ខុនដូនៅក្នុងអគារនេះ វិញមានទំហំពី៥០០ ទៅ៣០០០ហ្វីតចាប់ពីគ្រែ១ រហូតដល់ បន្ទប់ដែលមានគ្រែចំនួន៥។
លោក Kim Herforth Nielsen ស្ថាបត្យករនៃក្រុមហ៊ុន 3XN បានឲ្យដឹងថា នេះគឺជាអគារលំនៅដ្ឋាន ដ៏ទំនើបមួយក្នុងទីក្រុង Aarhus ដែលអាចមើលទេសភាពមហាសមុទ្រនៅជុំវិញបាន។ អគារនេះមានយ៉រគ្រប់ជាន់នីមួយៗ សម្រាង់លំហែកាយ និងមើលទេសភាពដ៏អស្ចារ្យនៃទីក្រុងនេះ៕