ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ សេដ្ឋវិទូនានាបានលើកឡើងស្រដៀងគ្នាថា អតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងពាណិជ្ជកម្ម កម្ពុជា និងប្រទេសចិន មិនមែនជារឿងអវិជ្ជមានទាំងស្រុងនោះទេ ប៉ុន្តែកម្ពុជាគួរបង្កើនការនាំចេញ និងពង្រឹងភាពជាដៃគូជាមួយចិន ក៏ដូចជាបណ្តាប្រទេសក្នុងតំបន់។

-->
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិលោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងឲ្យដឹងក្នុងឱកាសសន្និសីទ ស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងតំបន់ក្រោមគំនិតផ្ដួចផ្ដើមខ្សែរក្រវ៉ាត់ និងផ្លូវកាលពីម្សិលម៉ិញនេះថា បញ្ហាអតុល្យភាពពាណិជ្ជកម្មរបស់កម្ពុជា និងចិន និងប្រទេសក្នុងតំបន់ មិនមែនមានន័យអវិជ្ជមានទាំងស្រុងនោះទេ ព្រោះប្រទេសចិន និងប្រទេសធំៗដទៃទៀតប្រៀបដូចជាប្រទេសយក្សដោយមានប្រជាជនជាច្រើនលាននាក់ ខណៈដែលកម្ពុជាមានចំនួនប្រជាជនត្រឹមតែ១៥លាននាក់តែប៉ុនណ្ណោះ ហើយបញ្ហាអតុល្យភាពនេះជារឿងធម្មតា ប៉ុន្តែយើងក៏ត្រូវព្យាយាមបង្កើនសមត្ថភាព ក្នុងការនាំចេញរបស់ខ្លួនផងដែរ។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចប្រចាំរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថា បញ្ហាអតុល្យភាពពាណិជ្ជកម្ម កម្ពុជា និងប្រទេសចិននេះមិនអាចគេចផុតនោះទេ ព្រោះប្រទេសចិនជាប្រទេសដែលធំ ប៉ុន្តែកម្ពុជាក៏អាចបង្កើនទំហំការនាំចេញរបស់ខ្លួនបានដែរ ដោយយើងអាចពិភាក្សាជាមួយចិនដោយផ្ទាល់ ហើយកំណត់ផលិតផលដែលចិនត្រូវការពីកម្ពុជា ដោយមិនត្រូវទុកជាទីផ្សាររបស់យើង ជាទីផ្សារបំរ៉ុងនោះទេ និងត្រូវធ្វើយ៉ាងណាឲ្យចិនក្លាយជាអ្នកវិនិយោគដោយផ្ទាល់ រឺជាអ្នកទិញដោយផ្ទាល់ លើផលិតផលកសិកម្មមួយចំនួន ដូចជា ស្វាយចន្ទី ដំឡូងមីជាដើម។

លោកបន្តថា កម្ពុជាក៏អាចបង្កើនទំហំពាណិជ្ជកម្មជាមួយប្រទេសចិន តាមរយៈទេសចរណ៍ផងដែរ ដែលកម្ពុជាត្រូវធ្វើយ៉ាងណាទាក់ទាញទេសចរណ៍មកឲ្យបានច្រើន ហើយត្រូវបង្កើតផលិតផលទេសចរណ៍ ដើម្បីឲ្យពួកគេចំណាយប្រាក់ច្រើននៅកម្ពុជាផងដែរ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឲ្យដឹងថា ប្រទេសចិនជាដៃគូរនាំទំនិញចូលកម្ពុជាលំដាប់លេខ១ចាប់ពីឆ្នាំ១៩៩៨កន្លងមក ហើយប្រទេសចិន ក៏ជាទីផ្សារនាំអង្ករចេញធំបំផុតរបស់កម្ពុជាផងដែរ។ កាលពីឆ្នាំ២០១៦ចិនបាននាំចូលមកកម្ពុជា ក្នុងទំហំទឹកប្រាក់៤.៥៥០លានដុល្លារអាមេរិកប្រមាណជា៣៦,៩%នៃការនាំចូលសរុប។ ចំណែកឯទំហំទឹកប្រាក់ដែលកម្ពុជានាំចេញទៅចិនវិញមានចំនួនត្រឹមតែ៦០៩លានដុល្លារអាមេរិកតែប៉ុណ្ណោះ ដែលវាស្មើនឹង ៦%នៃការនាំចេញសរុប៕
