រដ្ឋមន្រ្តីពាណិជ្ជកម្មរំពឹងកម្ពុជា ថៃសម្រេចបាននូវទំហំពាណិជ្ជកម្ម១៥ពាន់លានដុល្លារ

0

ដោយ ដែន ចែងចាំង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានបង្ហាញសុទិដ្ឋិនិយម ចំពោះទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃថា នឹងអាចសម្រេចបានទំហំ ១៥ប៊ីលានដុល្លារ នៅត្រឹមឆ្នាំ២០២០ តាមផែនការដែលគ្រោងទុក ខណៈដែលឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានចំនួន ៦ប៊ីលានដុល្លាររួចទៅហើយ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានថ្លែងក្នុងជំនួបជាមួយលោកប៉ានីយ៉ារ៉ាក់ ពូលធុប ឯកអគ្គរាជទូតថៃប្រចាំនៅកម្ពុជាកាលពីថ្ងៃទី១១ មិថុនាកន្លងមក ដោយបានលើកឡើង អំពីទំនាក់ទំនងស្អិតរមួតរវាងប្រទេសកម្ពុជា និងថៃ ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិការលើវិស័យពាណិជ្ជកម្ម ដូចជាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបើកច្រកព្រំដែនភ្នំដី ក្នុងខេត្តបាត់ដំបង និងច្រកបានខៅឌីន ក្នុងខេត្តស្រះកែវ ដែលនឹងជួយសម្រួ​លដល់ការដឹកជញ្ជូនទំនិញ ការធ្វើដំណើរចេញ-ចូលរបស់ភ្ញៀវទេសចរអន្តរជាតិ និងការពង្រីកកិច្ចសហការធុរកិច្ចរបស់ពាណិជ្ជករនៃប្រទេសទាំងពីរ។

លោកប៉ាន សូរស័ក្តិ ក៏បានស្នើដល់ភាគីថៃ ចាត់វិធានការណ៍ឲ្យបានម៉ឺងម៉ាត់ចំពោះករណីប្រើប្រាស់និមិត្តសញ្ញាជាតិរបស់កម្ពុជា (ប្រាសាទអង្គរវត្ត) នៅលើបាវអង្កររបស់ថៃ ដែលកំពុងធ្វើចរាចរណ៍លក់នៅតាមទីផ្សារមួយចំនួន ក្នុងទីក្រុងម៉ុងរេអាល់នៃប្រទេសកាណាដា។

ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា លោកប៉ានីយ៉ារ៉ាក់ ពូលធុប បានជម្រាបឯកឧត្តមរដ្ឋមន្ត្រី អំពីចំណាត់ការរបស់អាជ្ញាធរថៃ ក្នុងការជូនដំណឹងដល់ភាគីពាក់ព័ន្ធ តាមរយៈកិច្ចសហការជាមួយ តំណាងពាណិជ្ជកម្មនៃប្រទេសកាណាដា ដើម្បីទប់ស្កាត់មិនឲ្យទំនិញអង្ករខាងលើមានវត្តមានតទៅទៀត នៅតាមទីផ្សារក្នុងទីក្រុងម៉ុងរេអាល់។ លើសពីនេះ លោកឯកអគ្គរាជទូត ក៏បានថ្លែងអំណរគុណដល់លោកប៉ាន សូរស័ក្តិ ដែលកន្លងមកបានជួយសម្របសម្រួលពាណិជ្ជករថៃ ក្នុងការធ្វើធុរកិច្ច និងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មផ្សេងៗ នៅក្នុងប្រទេសកម្ពុជា។

កាលពីកំឡុងខែមីនា កន្លងមកនេះ កម្ពុជា និងថៃ បានរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-ថៃឡង់ដ៏ លើកទី៦ (6th JTC) នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់លើបញ្ហាប្រឈមផ្សេងៗ សំដៅជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបាន ១៥ប៊ីលានដុល្លារ នៅឆ្នាំ២០២០។ភាគីទាំងពីរបានព្រមព្រៀង ពង្រឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម ការបើកច្រកព្រំដែនថ្មីៗបន្ថែម និងការរៀបចំឲ្យមានវេទិកាធុរកិច្ច និងវិនិយោគកាន់តែច្រើន។

លើសពីនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារចំនួនពីរគឺ ទី១ យុទ្ធសាស្ត្រកំណើន នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តាមបណ្តាខេត្តនៅជាប់ព្រំដែន និងទី២ អនុ  ស្សរណៈស្តីពី កិច្ចសហប្រតិបត្តិការជំរុញពាណិជ្ជកម្មទ្វេភាគីថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here