ដោយៈសហការី
ភ្នំពេញៈក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមឧបត្ថម្ភទឹកប្រាក់ចំនួន១០០.០០០ ដុល្លារ ជូនដល់សមាគមមូលនិធិត្រីចក្រយានកម្ពុជា សម្រាប់ឆ្នាំ២០២០ និងឆ្នាំ២០២១។
ការចូលរួមឧបត្ថម្ភថវិកានេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ។ សកម្មភាពនេះ គឺជាការចូលរួមរបស់ក្រុមហ៊ុនជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់កម្រិតជីវភាពរបស់សមាជិក ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូ។
-->

សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើត និងទទួលស្គាល់ដោយរដ្ឋាភិបាល តាមរយៈប្រកាសលេខ ១៩០ប្រក ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩។ កាលពីឆ្នាំ២០១៨ សមាគមបានទទួលថវិកាវិភាគទានដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន៥០០លានរៀលជាការឧបត្ថម្ភដំបូង និង២៤ម៉ឺនដុល្លារប្រចាំឆ្នាំ។

ចាប់ពីឆ្នាំ២០១៩មក ក្រុមហ៊ុន ប៉េង ហួត គ្រុប និងក្រុមហ៊ុនផ្សេងៗទៀតបានចាប់ផ្តើមចូលរួមឧបត្ថម្ភជាថវិកាចំនួន៥ម៉ឺនដុល្លារក្នុង១ឆ្នាំ។
នៅពេលចាប់ផ្ដើមដំណើរការដំបូង សមាគមមានសមាជិកសកម្ម ដែលជាអ្នកប្រកបរបរធាក់ស៊ីក្លូសរុប ចំនួន៣២៣រូប ប៉ុន្តែនាពេលបច្ចុប្បន្នសមាគម នៅសល់សមាជិកសកម្មជាង២០០រូបតែប៉ុណ្ណោះ ដោយមូលហេតុសមាជិកមួយចំនួន បានទទួលមរណភាពដោយជរាពាធ និងរោគាពាធ៕