ដំណឹងល្អ! ក្រុងបីរបស់កម្ពុជា នឹងចាប់ផ្តើមអនុវត្តន៍ប្រព័ន្ឋចម្រោះទឹកស្អាត

0

ដោយ វុត្ថា

ភ្នំពេញ៖ ក្រុងចំនួនបីរបស់កម្ពុជា គឺក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ នឹងទទួលបានបណ្ដាញចម្រោះទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកប្រកបដោយប្រសិទ្ធភាព ក្រោមគម្រោងសិក្សាសមិទ្ធិលទ្ធភាព​ និងផែនការមេរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

លោកទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុលបានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួង​សាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនប៉េជីង អឺបេន ខនស្ត្រាក់សិន គ្រុប ខូ អិល ធីឌី ស្ដីពី“កិច្ចសហប្រតិបត្តិការ លើគម្រោងសិក្សាសមិទ្ធិលទ្ធភាព​ និងផែនការមេ សម្រាប់បណ្ដាញទឹកកខ្វក់និងប្រព័ន្ធរំដោះទឹក ក្រុងសៀមរាប ក្រុងព្រះសីហនុ និងក្រុងតាខ្មៅ”កាលពីម្សិលម៉ិញនេះថា អនុស្សរណៈនៃការយោគ​យល់​នេះ ធ្វើឡើងក្នុងគោលបំណងសិក្សាផែនការមេឱ្យបានស៊ីជម្រៅ ក្នុងការក​សាង​បណ្ដាញ​ទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្នុងក្រុងទាំងបី ដើម្បីលើកម្ពស់គុណភាព​សេវាសាធារណៈជូន​ប្រជា​ពលរដ្ឋ ទឹកស្អាត បរិ​ស្ថាន​ស្អាត និងកាត់​បន្ថយ​ការ​ចំណាយថវិកាជាតិ ក៏ដូចឆ្លើយតបទៅនឹងកំណើនភ្ញៀវទេសចរ ដែលនឹងមានការកើនឡើងរហូតដល់ដប់លាននាក់ក្នុងឆ្នាំ២០២៣។

លោកបន្តថា “កិច្ចសហការរវាងវិស័យឯកជន និង​វិស័យរដ្ឋក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ និងរួមចំណែកដល់ការកាត់បន្ថ​យ​ភាពក្រីក្ររបស់ប្រជាពលរដ្ឋ”។

បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូនបាននឹង​កំពុង​សហការ​ជាមួយអង្គការ JICA ក្នុងការរំដោះទឹកក្នុងទីក្រុងភ្នំពេញផងដែរ។

លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមប៉េជីង អឺបេន ខនស្ត្រាក់សិនគ្រុប ខូ អិល ធីឌី ដែលបានសហការជាមួយក្រសួងសាធា​រណការ និងដឹក​ជ​ញ្ជូ​ន​ ក្នុងការសិក្សាផែនការមេសម្រាប់បណ្ដាញទឹកកខ្វក់ និងប្រព័ន្ធរំដោះទឹកក្រុងទាំងបី៕

LEAVE A REPLY

Please enter your comment!
Please enter your name here