ទេសាភិបាលធនាគារជាតិ៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំនើន ៧%បន្តទៀត

0

ដោយ គង់ សូរិយា

ភ្នំពេញ៖ ទេសាភិបាលនៃធនាគារជាតិកម្ពុជាបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបាន​កំណើនជាង៧ភាគរយ ក្នុងរយៈពេលជាងពីរទសវត្សរ៍និងសម្រេចកំនើន ៧ភាគរយបន្តទៀតសម្រាប់រយៈពេលវែងខាងមុខ។

លោកជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Panyarak Poolthup ឯកអគ្គរាជទូកថ្មី ប្រទេសថៃប្រចាំកម្ពុជា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ នេះថា  ការរីកចម្រើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងរយៈពេលជាង២ទស្សវត្សមកនេះ កម្ពុជាទទួលបានកំណើន៧ភាគរយ ហើយនៅពេលខាងមុខនោះទៀត កម្ពុជាក៏នៅតែទទួលបានកំណើនរឹងមាំក្នុងរង្វង់៧ភាគរយបន្តទៅទៀត ។

លោកបន្តថា “ ចំពោះអត្រាអតិផរណាមានកំនើនប្រមាណ៥ភាគរយ  ជាក់ស្តែងនៅក្នុងឆ្នាំ២០១៨នេះ កម្ពុជាមានអតិផរណា៣ភាគរយ បើគិតក្នុងរយៈពេលមធ្យម គឺក្នុងចន្លោះក្រោម៣ភាគរយដដែល”។

ជាមួយគ្នានេះ លោកទេសាភិបាល ក៏បានសម្ដែងនូវការអបអរសាទរដែលប្រទេ​សថៃ បានចូលរួមចំណែកក្នុងការវិនិយោគវិស័យធនាគារ ហើយធនាគារទាំងនោះ បាននិងកំពុងដើរតួនាទីសំខាន់ ក្នុងការគាំទ្រគោលនយោបាយស្ថិរភាពហិរញ្ញវត្ថុ និងគោលនយោបាយគាំទ្រកំណើនរបស់កម្ពុជា ឲ្យបានរីកចម្រើនកាន់តែខ្លាំង។

លោកបន្តថា “ការអនុវត្តគោលនយោបាយ ក្នុងការរក្សាស្ថិរភាពហិរញ្ញវត្ថុ គាំទ្រកំណើនក្នុងវិស័យធនាគារជាអន្លើៗដូចជា ការពង្រឹងដើមទុនក្នុងវិស័យធនាគារ ការដាក់ចេញនូវវិធានការម៉ាក្រូប្រុង ប្រយ័ត្នមួយចំនួនធំ  ផ្អែកលើស្តង់ដារអន្តរជាតិ ព្រមទាំងការពង្រឹងនូវបទប្បញ្ញាតិដែលយើងមានកន្លងផងដែរ”។

ឯកអគ្គរដ្ឋទូតថៃប្រចាំកម្ពុជាលោក Panyarak Poolthup បានថ្លែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវកំណើនដ៏ល្អ  និងជាកំណើនខ្ពស់នៅក្នុងតំបន់ និងនៅក្នុងពិភពលោក  ដែលកម្ពុជាគួរតែមានមោទ​នភាព។

ប្រមុខរដ្ឋាភិបាលកម្ពុជា និងថៃបានប្តេជ្ញាចិត្តរួមគ្នាបង្កើនទំហំពាណិជ្ជកម្មឲ្យកើន​ដល់១៥ពាន់លានដុល្លារនៅឆ្នាំ២០២០ខាងមុខ ខណៈឆ្នាំ២០១៧កន្លងមកនេះទំហំពាណិជ្ជកម្មប្រទេសទាំងពីរ សម្រេចបានទឹកប្រាក់៦០០០លានដុល្លារអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here