ដោយ វុត្ថា
ភ្នំពេញ៖ នៅក្នុងឱកាសអមដំណើរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំនៅប្រទេសថៃ កាលពីថ្ងៃម្សិលម៉ិញលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូធុរជនថៃ ដឹកនាំដោយលោក Chanitr Charnchainarong ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ។
កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងរកលទ្ធភាពជំរុញ សក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជាលើវិស័យសំខាន់ៗ ដូចជា កសិកម្ម កម្មន្តសាល និងកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែន សំដៅពង្រឹងនិងពង្រីកទំហំពាណិជ្ជកម្ម បង្កើនឱកាសការងារ និងបង្កើនខ្សែសង្វាក់ផលិតកម្ម ក្នុងបរិបទនៃយុទ្ធសាស្ត្រថៃបូកមួយ (Thailand-Plus-One Strategy)។
លោក Chanitr បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រួលនីតិវិធី ធ្វើពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្មកន្លងមក ដែលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោក Chanitr ក៏បានជម្រាបជូន លោកប៉ាន សូរស័ក្តិ អំពីចំណាប់អារម្មណ៍អំពីការបង្កើនវិនិយោគបន្ថែមទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តបន្ទាយមានជ័យ ព្រមទាំងស្នើឲ្យកម្ពុជាជួយជំរុញកិច្ចសហប្រតិបត្តិការឲ្យបានល្អបន្ថែមទៀត ក្នុងការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ជាពិសេសតាមច្រកព្រំដែនខេត្តប៉ៃលិន។
ជាកិច្ចឆ្លើយតបរដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានថ្លែងអំណរគុណដល់ធុរជនថៃដែលបានចាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា។ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានជម្រាបជូនភាគីថៃអំពីជំហរគាំទ្រ ផ្តល់កិច្ចសម្រួលក្នុងការធ្វើពាណិជ្ជកម្ម និងបង្កលក្ខណៈងាយស្រួលក្នុងការធ្វើពាណិជ្ជកម្ម ហើយជួយដោះស្រាយនូវកង្វល់នានា ដែលវិនិយោគិនជួបប្រទះ។
លោកប៉ាន សូរស័ក្តិ ក៏លើកទឹកចិត្តឲ្យវិនិយោគិនថៃពិចារណាយកកម្ពុជា ជាមូល ដ្ឋានក្នុងការផលិត ផលិតផលនានាដើម្បីធ្វើការនាំចេញទៅផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងពិភពលោក ដោយសារកម្ពុជាមានសក្តានុពលកម្លាំងពលកម្មវ័យក្មេង និងទទួលបានភាពអនុគ្រោះពន្ធពីទីផ្សារធំៗលើពិភពលោក។
លោក Chanitr បានថ្លែងអំណរគុណចំពោះការគាំទ្រ របស់ក្រសួងពាណិជ្ជកម្មដល់ធុរជនថៃ និងបានសន្យាខិតខំទាក់ទាញធុរជនថៃមកធ្វើពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងកម្រិតខ្ពស់បន្ថែមទៀត៕