ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា បានប្រកាសថាស្ពានកោះកុង ដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់គ្រុបនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ដោយមិនចាំបាច់បង់ប្រាក់ចាប់ពីថ្ងៃទី២ វិច្ឆិកាស្អែកនេះហើយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសរសេរលើទំព័របណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរនិយាយជារួម និងនិយាយដោយឡែកបងប្អូនប្រជាពលរដ្ឋនៅខេត្តកោះកុង ក្នុងនាមរាជរដ្ឋាភិបាលខ្ញុំព្រះករុណាខ្ញុំបានសម្រេចទិញយក ត្រឡប់មកវិញ ស្ពានឆ្លងកាត់ដៃសមុទ្រខេត្តកោះកុងទៅប្រទេសថៃដែលវិនិយោគដោយក្រុមហ៊ុនលី យ៉ុងផាត់ ដើម្បីឲបងប្អូនប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ដោយពុំចាំបាច់បង់ថ្លៃ ចាប់ពី ម៉ោង ០០:០០ នាទី ថ្ងៃទី២ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ដើម្បីអបអរព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអុំបុក។
សម្តេចបានបន្តថា ចំពោះកិច្ចការដែលនៅសេសសល់ សូមឲក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួង សេដ្ធកិច្ច និងហិរញ្ញវត្ថុ និងសាលាខេត្តកោះកុង ពិភាក្សាជាមួយក្រុមហ៊ុនលី យ៉ុងផាត់ ដោះស្រាយនៅពេលក្រោយ។ ខ្ញុំព្រះករុណាខ្ញុំសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងទទួលបានផលប្រយោជន៏ពីការ សម្រេចនេះ។