ដោយ លាងគង់ យិន ស្ថាបនិកគេហទំព័រ Propertyarea.asia
ភ្នំពេញ៖ ប្រព័ន្ឋការពារសង្គម ឬសំណាញ់សុវត្ថិភាពសង្គមបាននិងកំពុងអនុវត្តន៍ដោយរដ្ឋាភិបាល ជាគោលនយោបាយដ៏មុតស្រួចមួយ ដើម្បីនាំប្រទេសនេះទៅកាន់ឋានៈ ជាប្រទេសមានប្រាក់ចំ ណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ការកើនឡើងនូវផលទុនជាតិសរុប និងប្រាក់ចំណូលដែលរកបានដោយ រដ្ឋាភិបាល បាននិងកំពុងធ្វើឲ្យរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាន់តែមានលទ្ឋភាពចំណាយលើការវិនិយោគសាធារណៈលើប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋ និងវិនិយោគលើមនុស្ស តាមរយៈការដាក់ចេញនូវប្រព័ន្ឋគាំពារសង្គមមួយ ដែលមានភាពរ៉ឹងមាំ និងកក់ក្តៅសម្រាប់ប្រជាជនប្រទេសមួយនេះ។
-->

ការផ្លាស់ប្តូរប្រទេសចេញពីភាពក្រីក្រ
ជាមួយនឹងផែនការ គោលនយោបាយ និងយុទ្ឋសាស្រ្តច្បាស់លាស់ រដ្ឋាភិបាលកម្ពុជាបាន និងកំពុងនាំកម្ពុជាទៅកាន់វិបុលភាពមួយ។ ជាក់ស្តែងកាលពីឆ្នាំ២០១៦ ធនាគារពិភពលោកបានចេញរបាយការណ៍វាយតម្លៃ និងចាត់ចំណាត់ថ្នាក់ថ្មីដល់កម្ពុជា ដែលចាកចេញពីប្រទេសកំពុងអភិវឌ្ឍន៍តិចតួច មកកាន់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ប្រទេសដែលប្រជាជនម្នាក់ៗ មានប្រាក់ចំណូលប្រមាណ១០៣០ដុល្លារ ដល់៤៨០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ។

ធនាគារអភិវឌ្ឈន៍អាស៊ីក៏បានហៅកម្ពុជា “ជាខ្លាសេដ្ឋកិច្ច”ថ្មីមួយក្នុងតំបន់ ដោយសារប្រទេសនេះ សម្រេចបានកំនើនសេដ្ឋកិច្ច៧,៧ភាគរយ ក្នុងរយៈពេល ជាងពីរទសវត្សរ៍ ហើយជាប្រទេសឯកគ្គករកំនើនមួយ ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅក្នុងពិភពលោក។
ជាមួយនឹងកាលានុវត្តន៍ភាពមាសនេះ រាជរដ្ឋាភិបាលបានវិភាគថវិកាចូលដល់សង្គមយ៉ាងច្រើន ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីសម្រួលការតភ្ជាប់ ប្រជាជនពីតំបន់មួយទៅតំបន់មួយ បង្ខិតទីក្រុងកាន់តែកៀកនឹងតំបន់ជនបទ ជាក់ស្តែងអត្រាភាពក្រីក្របានថយចុះពីជាង៥០ភាគរយ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ មកនៅក្រោម១០ភាគរយនាពេលបច្ចុប្បន្ននេះ។

មហិច្ឆតា
ឆ្នាំ២០១៧កន្លងមក ផលទុនជាតិសរុបរបស់ជាតិ បានកើនឡើងដល់ជាង២០ពាន់លានដុល្លារអាមេរិក ហើយប្រាក់ចំណូលប្រជាជនម្នាក់ៗបានកើនពី១៣០២ដុល្លារកាលពីឆ្នាំ២០១៦ ដល់១៤៣៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងកើនឡើងដល់១៩០០ដុល្លារ សម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំនៅឆ្នាំ២០២០។
កំនើនប្រាក់ចំណូល ដោយសារកំនើនសេដ្ឋកិច្ច តាមរយៈការដាក់ចេញនូវយុទ្ឋសាស្រ្តគៀងគរចំណូលស៊ីជម្រៅ ជាលទ្ឋផលឆ្នាំ២០១៧ក្រសួងសេដ្ឋកិច្ចរកចំណូលជូនជាតិបានជិត៥០០០លានដុល្លារអាមេរិក ដែលធ្វើឲ្យរដ្ឋាភិបាលអាចមានលទ្ឋភាពចំណាយចរន្តដោយខ្លួនឯងបាន និងអាចមានលទ្ឋភាពចំណាយពីរភាគបីនេះការចំណាយលើការវិនិយោគសាធារណៈ។
ជាមួយនឹងលទ្ឋភាពនៃការចំណាយកាន់តែច្រើន និងមានគោលដៅពង្រីក សក្តានុពល និងនាំកម្ពុជាទៅកាន់ឋានៈថ្មីមួយទៀត រាជរដ្ឋាភិបាលបាននិងកំពុងដាច់ចេញនូវគោលនយោបាយ និងផែនការយុទ្ឋសាស្រ្តជាច្រើនទៀត ដើម្បីនាំកម្ពុជា ទៅកាន់ឋានៈជាប្រទេសមានប្រាក់ចំណូលមធម្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០ខាងមុខ។
តាមការចាត់ចំណាត់ថ្នាក់របស់ធនាគារពិភពលោកបានឲ្យដឹងថា ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ គឺសំដៅដល់ប្រជាជនអាចរកប្រាក់ចំណូលបានចន្លោះពី៤៨០០ដុល្លារ ដល់១២០០០ដុល្លារ និងប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់ សំដៅដល់ប្រជាជនមានប្រាក់ចំណូល ចាប់ពី១២០០០ដុល្លារឡើងទៅក្នុងមួយឆ្នាំ។
សេដ្ឋវិទូនានាបានយល់ស្រប និងជឿលើអ្វីដែលរាជរដ្ឋាភិបាលបានដាក់ចេញ។
ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ លោកបណ្ឌិតម៉ី កល្យាណបានថ្លែងថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានកំនើនល្អប្រសើរ សម្រាប់រយៈពេលមធម្យមខាងមុខ ព្រោះវិស័យស្នូលដែលជម្រុញកំនើនសេដ្ឋកិច្ច នាពេលបច្ចុប្បន្ននេះនៅតែមានភាពរ៉ឹងមាំ ដែលអាចនាំកម្ពុជាទៅកាន់គោលដៅ ដែលបានដាក់ចេញដោយរដ្ឋាភិបាល។
លោកបន្តថា “ក្រុមសេដ្ឋវិទូរបស់រដ្ឋាភិបាល ពួកគេមានសមត្ថភាពជំនាញខ្ពស់ ហើយខ្ញុំជឿថា ការព្យាករណ៍របស់ពួកគេមានលក្ខណៈវិទ្យាសាស្រ្ត និងអាចទុកចិត្តបាន”។

ការស្រោចស្រព
ការឆ្ពោះទៅកាន់គោលដៅ ដែលបានដាក់ចេញដោយប្រមុខរដ្ឋាភិបាល ប្រសិនជាគ្មានការវិភាជន៍ថវិកាច្បាស់លាស់ និងត្រឹមត្រូវទេ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋក៏មិនកើនឡើងដែរ។ ជាក់ស្តែងរាជរដ្ឋាភិបាលបានកំណត់ប្រាក់ខែមន្រ្តីរាជការថ្នាក់ទាបបំផុត ឲ្យទទួលបានប្រាក់១លានរៀល នៅដំណាច់ឆ្នាំនេះ។
ជាមួយគ្នានេះប្រាក់ខែអប្បបរិមារបស់កម្មករ និយោជិតបានកើនឡើងដល់១៧០ដុល្លារនៅឆ្នាំនេះ និងប្រព័ន្ឋការពារសង្គមដែលបានដាក់ចេញ ពិតជាអាច ឲ្យប្រជាពលរដ្ឋមានលទ្ឋភាពសន្សំប្រាក់ និងលទ្ឋភាពចំណាយកាន់តែច្រើន ដែលធ្វើឲ្យចរន្តសេដ្ឋកិច្ចកាន់តែរសរវើកឡើង។
នៅពេលមន្រ្តីរាជការ កម្មករ និយោជិតក្នុងប្រព័ន្ឋ និងក្រៅប្រព័ន្ឋមានចំណូលកើនឡើង ពួកគេនឹងចំណាយកាន់តែច្រើនលើជីវភាពប្រចាំថ្ងៃ ដែលធ្វើឲ្យកំលាំងទិញក្នុងទីផ្សារកើនឡើង។
នៅពេលកំលាំងទិញកើនឡើង ជាស្វ័យប្រវត្តិប្រាក់ទាំងអស់នោះ នឹងធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរសរវើក ហើយប្រជាពលរដ្ឋនឹងទទួលបានចំណូលប្រកបដោយសមធ៌មទាំងអស់គ្នា (ចំណូលទទួលបានអាស្រ័យលើលទ្ឋភាព និងសមត្ថភាពរបស់បុគ្គលនិមួយៗ)។
ជាស្វ័យប្រវត្តិ ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនឹងកើនឡើងគ្រប់គ្នា ដោយមិនអាចបដិសេធបាន គ្រាន់តែចំណូលទទួលបានតិចឬច្រើន អាស្រ័យលើធនធាន សមត្ថភាព និងលទ្ឋភាពរបស់ពួកគេ។
ការកសាងសុខដុមនីយកម្ម
ជាមួយនឹងការបង្កើនប្រាក់បៀរវត្សរ៍មន្រ្តីរាជការ កម្មករ និយោជិត និងកម្មករក្រៅប្រព័ន្ឋបាន និងកំពុងទទួលបានផលប្រយោជន៍ ពីសេវាសាធារណៈដែលផ្តល់ជូនពីរដ្ឋាភិបាលដោយឥតគិតថ្លៃ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម របស់ក្រសួងការងារ សេវាមូលនិធិសមធ៌ម ទទួលការព្យាបាលដោយឥតគិតថ្លៃរបស់ក្រសួងសុខាភិបាល។
អ្វីកាន់តែពិសេសទៀតនោះ រាជរដ្ឋាភិបាលបានដកចេញជាច្រើននូវសេវាកម្មមិនចបាច់មួយចំនូន ដោយយកថវិកាពីរដ្ឋ ទៅសងវិស័យឯកជន ដូចជា ការលើកលែងការបង់ថ្លៃឆ្លងកាត់ផ្លូវជាតិលេខ៤ ការលើកលែងការបង់ថ្លៃស្ពានកោះកុង ការលើកលែងការបង់ថ្លៃស្ពានព្រែកព្នៅ លើកលែងការបង់ថ្លៃផ្លូវឡើងភ្នំបូកគោ ការលើកលែងមិនយកពន្ឋលើទោចក្រយានយន្តជាដើម។

លើសពីនេះ ប្រមុខរដ្ឋាភិបាលក៏បានផ្តល់ឲ្យស្រ្តីមានផ្ទៃពោះ ជាកម្មករ និយោជិត ដែលសម្រាលកូនមួយ (ទោះរស់ឬស្លាប់)ទទួលបានប្រាក់៤០ម៉ឺនរៀលសម្រាប់កូនមួយ កូនភ្លោះពីរបាន៨០ម៉ឺនរៀល កូនភ្លោះបីទទួលបាន១,២លានរៀល និងផ្តល់សេវាពិនិត្យដល់ក្រុមជនងាយរងគ្រោះជាច្រើនទៀតផងដែរ។
កម្មករ និយោជិតក៏នឹងទទួលបានប្រាក់ចូលនិវត្តន៍នៅពេលពួកគេឈានចូលវ័យចូលនិវត្សរ៍ពីការងារផងដែរ។ នេះជាអ្វីដែលរដ្ឋាភិបាលបានននិងកំពុងគិតគូ ដើម្បីជួយក្រុមងាយរងគ្រោះ និងប្រជាជនមានប្រាក់ចំណូលទាប និងមធ្យមកម្រិតទាប ឲ្យចាកផុតពីភាគក្រីក្រ និងមានគុណភាពជីវិតកាន់តែប្រសើរឡើង។
មិនត្រឹមតែកម្មករ និយោជិតក្នុងប្រព័ន្ឋទេ កម្មករនិយោជិត ក្រៅប្រព័ន្ឋក៏កំពុងទទួលបានអត្ថប្រយោជន៍ផងដែរ ពីរបបបេឡាជាតិសន្តិសុខសង្គម ហើយប្រមុខរដ្ឋាភិបាលកម្ពុជាបាន ក៏បានសម្រេចកាលពីពេលថ្មីៗនេះ ក្នុងការផ្តល់ប្រាក់ឧបត្ថម្ភដល់ស្រ្តីមានផ្ទៃពោះចំនួន៧៦ម៉ឺនរៀល ដែលផ្តល់កំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយពេលសម្រាល។
តាមរយៈមូលដ្ឋានសេដ្ឋកិច្ចដ៏រ៉ឹងមាំ ដូចជា វិស័យវាយណភ័ណ្ឌកាត់ដេរ វិស័យទេសចរណ៍ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងវិស័យអចលនទ្រព្យ វិស័យថ្មីមួយ ដែលជាធនធានធម្មជាតិរបស់កម្ពុជា នោះគឺប្រេងកាតកម្ពុជានឹងអាចទទួលបានដំណក់ប្រេងតំបូងនៅចុងឆ្នាំ២០១៩ ឬដើមឆ្នាំ២០២០ខាងមុខ នឹងធ្វើឲ្យរដ្ឋាភិបាលមានលទ្ឋភាពកាន់តែច្រើន ក្នុងការវិនិយោគសាធារណៈ ពិសេសសុខមាលភាពសង្គម ដើម្បីនាំប្រទេសនេះទៅកាន់វិបុលភាព និងភាពរ៉ុងរឿងនាពេលអនាគត។
ហេតុនេះការដាក់ចេញនូវប្រព័ន្ឋគាំពារសង្គម នឹងនាំកម្ពុជាទៅកាន់ភាពរ៉ុងរឿង ហើយស្នាមញញឹមជាថ្មីបាន និងកំពុងលេចឡើងលើផ្ទៃមុខរបស់ប្រជាជនកម្ពុជាជាថ្មី បន្ទាប់ពីពួកគេរងទឹកភ្នែកអស់រយៈពេលជាច្រើនទសវត្សរ៍។
ដូច្នេះការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ជារឿងសំខាន់មិនអាចខ្វះបាន ដែលប្រជាជនកម្ពុជាទាំងអស់ត្រូវចូលរួម និងថែររក្សាឲ្យបាន ដើម្បីនាំនាវាកម្ពុជាទៅកាន់ភាពជាអរិយប្រទេស ដែលសម្បូរដោយភោគទ្រព្យ និងសុខដុមនីយកម្ម៕