ភ្នំពេញ៖ អាជ្ញាធរអគ្គិសនីកម្ពុជា (EDC) នឹងបញ្ជូនខ្សែបណ្តាញថាមពលអគ្គិសនីសេសាន២ មកកាន់រាជធានីភ្នំពេញនៅចុងឆ្នាំនេះ បន្ទាប់ពីបានសាកល្បងខ្សែបណ្តាញបញ្ជូននិងអនុស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយកំពង់ចាមទៅក្រចេះ និងស្ទឹងត្រែង។
បើយោងតាមការជូនដំណឹងពីអាជ្ញាធរអគ្គិសនីកម្ពុជា ដែលគេហទំព័រអចលនទ្រព្យ និងសេដ្ឋកិច្ចឈានមុខគេ (Propertyarea.asia)ទទួលបាននាព្រឹកថ្ងៃទី១ វិច្ឆិកានេះបានឲ្យដឹងថា ខ្សែបណ្តាញបញ្ជូន និងអនុស្ថានីយ២៣០គីឡូវ៉ុល ភ្ជាប់ពីអនុស្ថានីយកំពង់ចាម ទៅក្រចេះ និងស្ទឹងត្រែងនោះ ត្រូវបានអគ្គិសនីកម្ពុជា (EDC) ដាក់បញ្ជូនអគ្គិសនីសាកល្បងរួចហើយ ចាប់ពីថ្ងៃទី៣០ ខែតុលា កន្លងមកនេះ ដើម្បីត្រៀមដំណើរការពេញលេញ ក្នុងការបញ្ជូនអគ្គិសនីពីវារីអគ្គិសនីសេសានក្រោម២ មកកាន់ទីក្រុងភ្នំពេញ នៅចុងឆ្នាំ២០១៧ ខាងមុខ ដើម្បីបំពេញបន្ថែម និងបង្កើនបន្ទុកសម្រាប់ចែកចាយអគ្គិសនីបន្ត។

-->
អគ្គិសនីកម្ពុជានឹងធ្វើឲ្យមានការកែលម្អស្ថានភាពផ្គត់ ផ្គង់អគ្គិសនីជាបន្តបន្ទាប់ នៅក្នុងខេត្តទាំង៤នៃភូមិភាគឦសាន គឺខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងខេត្តមណ្ឌលគិរី ដើម្បីកាត់បន្ថយដល់ការរអាក់រអួល ឈានទៅដល់ការដាច់ចរន្តអគ្គិសនីជាអតិបរមា ក្នុងទិសដៅជម្រុញលើកគុណភាពអគ្គិសនីឲ្យបានប្រសើរ ជាងមុន ក្នុងនោះថ្លៃអគ្គិសនីនឹងថយចុះមកស្មើ នឹងថ្លៃអគ្គិសនីនៅតំបន់បណ្តាញជាតិផងដែរ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមលលោក ស៊ុយ សែន បានថ្លែងឲ្យដឹងកាលពីពលថ្មីៗនេះថា កម្ពុជាលែងមានការខ្វះខាតទៀតហើយ ព្រោះអគ្គិសនីដើរដោយធ្យូងថ្មដែលកំពុងផ្គត់ផ្គង់សព្វថ្ងៃ មានថាមពល៥០៥មេហ្គាវ៉ាត់ រោងចក្រវារីអគ្គិសនីចំនួន៦កន្លែង មានថាមពល៩២៨មេហ្គាវ៉ាត់ រួមជាមួយ ការផ្គត់ផ្គង់ថាមពលអគ្គិសនីផ្សេងៗផងដែរ។ ចំណែកខ្សែបញ្ជូនតង់ស្យុងខ្ពស់ មានកម្លាំងចាប់ពី១១៥ ដល់២៣០គីឡូវ៉ុល បច្ចុប្បន្នកំពុងសាងសង់មានប្រវែងជាង៥០០គីឡូម៉ែត្រផងដែរ ។
លោកបន្តថា បច្ចុប្បន្នយើងបានតភ្ជាប់បណ្តាញ ចូលភូមិបានចំនួន៨០ភាគរយ នៃភូមិទាំងអស់នៅទូទាំងប្រទេស ក្នុងនោះផ្ទះប្រជាពលរដ្ឋ ដែលបានភ្ជាប់អគ្គិសនីប្រើប្រាស់ បានគ្របដណ្តប់ចំនួន៦០ភាគរយ។ ចំណែកអាជ្ញាប័ណ្ណដែលគ្របដណ្តប់នៃភូមិទូទាំងប្រទេស បានជាង៩០ភាគរយហើយឈានទៅគ្របដណ្តប់គ្រប់ភូមិទាំងអស់នៅឆ្នាំ២០២០ខាងមុខនេះ៕