ដោយស៊ីវ ម៉េង
ភ្នំពេញៈ ក្រុមហ៊ុន OCIC បាននិងកំពុងរៀបចំតំបន់កំសាន្តពេលរាត្រី និងផ្លូវថ្មើជើងនៅជុំវិញទៅក្រុងរណបកោះពេជ្រ ដែលកំពុងរីកចម្រើននិងបង្ហាញនូវវត្តមានអាគារខ្ពស់ៗកាន់តែច្រើន។
អគ្គនាយករងក្រុមហ៊ុន OCIC លោកទូច សំណាង បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា បច្ចុប្បន្នទីក្រុងកោះពេជ្រកំពុងមានការអភិវឌ្ឍយ៉ាងលឿន ហើយយើងកំពុងរៀបចំតំបន់កំសាន្តនាពេលរាត្រី និងផ្លូវថ្មើជើងនៅជុំវិញទីក្រុងនេះ ព្រោះក្នុងផែនការមេអភិវឌ្ឍន៍ គឺទីក្រុងនេះនឹងមានផ្លូវថ្មើជើងនិងផ្សាររាត្រីព័ទ្ឋជុំវិញ។
លោកបន្តថា “បច្ចុប្បន្នការអភិវឌ្ឍផ្ទៃដីលើទីក្រុងទាំងមូល ទើបសម្រេចបានប្រមាណ៥០ភាគរយប៉ុណ្ណោះ ខណៈសាលសន្និសីទដែលមានពេលបច្ចុប្បន្ននេះ នឹងផ្លាស់ប្តូរទៅតំបន់ទីក្រុងរណបជ្រោយចង្វារនាពេលអនាគត” ។
លោកទូច សំណាង បានបន្តថា យ៉ាងណាក៏ដោយផែនការមេអភិវឌ្ឍន៍ទីក្រុងនេះ កំពុងដើរតាមលំអានត្រឹមត្រូវហើយ ដោយបច្ចុប្បន្នមានផ្នែកជាច្រើនបាន និងកំពុងបញ្ចប់ការរៀបចំផ្លូវថ្មើជើង និងមានភោជនីយដ្ឋានចម្រុះដែលបំរើឲ្យការកំសាន្តនាពេលរាត្រី។
តំបន់កោះពេជ្រ និងជុំវិញបាននិងកំពុងប្រែមុខមាត់ ជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់់អន្តរជាតិ ដោយបច្ចុប្បន្នវត្តមានអាគារពាណិជ្ជកម្មធំៗកំពុងរីកដុះដាល ព្រោងព្រាត ដែលនឹងធ្វើឲ្យតំបន់នេះក្លាយជាតំបន់ដើរទិញទំនិញមួយ នាពេលអនាគត។
បច្ចុប្បន្នផ្សារទំនើបជាច្រើនបាននិងកំ ពុងពង្រីកវត្តមាននៅតំបន់នេះ ដូចជា ផ្សារក្នុងអាគារ The Bridge, AEON MALL1, ផ្សារ One Mall, ផ្សារ The Capital ស្ថិតក្នុងគំរោង The PeAk ជាដើម៕