ដោយៈ ប៊ី
ភ្នំពេញៈ យោងតាមការសិក្សារបស់គេហទំព័រ Propertyarea.asia និង Cambodiafinancialtimes បានរកឃើញថា ប្រជាជនកម្ពុជាភាគច្រើនមានទំនោរទៅលើការវិនិយោគនៅក្នុងវិស័យដីធ្លីច្រើនជាងការវិនិយោគផ្ទះសម្បែង ក្រោមហេតុផលថា ការវិនិយោគលើដីធ្លីមានភាពងាយស្រួលជាងការលក់ផ្ទះ ហើយអាចទទួលបានចំណេញច្រើនក្នុងពេលដ៏ខ្លី។
មិនថាចចំពោះការទិញផ្ទះ ឬទិញដីនោះទេ គឺសុទ្ធតែមានសារៈប្រយោជន៍របស់វារៀងៗខ្លួន តែអ្វីដែលសំខាន់គឺគោលបំណងរបស់អ្នក ថាតើទិញក្នុងគោលបំណងអ្វី? អ្នកត្រូវបែងចែកឱ្យច្បាស់ថាអ្នកទិញទុកសម្រាប់វិនិយោគ ឬទិញសម្រាប់រស់នៅ?
-->
មនុស្សចំនួន២១នាក់ ក្នុងចំណោម៣០នាក់ ដែលបានឆ្លើយតបនឹងសំនួររបស់គេទំហំព័រ Propertyarea.asia បង្ហាញចំណាប់អារម្មណ៍ថា ការវិនិយោគលើដីធ្លីនឹងបង្កើតផលចំណេញបានលឿនជាងផ្ទះ ហើយមានភាពងាយស្រួលលក់ជាងផ្ទះ។
អ្នកឆ្លើយតបម្នាក់បានឱ្យដឹងថា គាត់ទិញដីទុក ហើយសុខចិត្តជួលផ្ទះនៅ ព្រោះស្រលាញ់ដីណាស់ ខណៈដែលអ្នកឆ្លើយតបម្នាក់ទៀតបានឱ្យដឹងថា គាត់ទិញដីទុកដើម្បីជាទុនដំបូង និងឈានទៅដល់ការទិញផ្ទះជាជំហានបន្ទាប់។
ការបញ្ចេញមតិនានាទាក់ទងនឹងការទិញផ្ទះ និងដី៖
អ្នកជំនាញនៅក្នុងវិស័យនេះបានលើកឡើងថា បើអ្នកមិនទាន់មានផ្ទះជាកម្មសិទ្ធិរបស់ខ្លួនទេ ការទិញផ្ទះសម្រាប់រស់នៅ គឺជារឿងដំបូងដែលអ្នកត្រូវតែធ្វើ និងស័ក្ដិសមបំផុតសម្រាប់អ្នក ព្រោះអ្នកទិញហើយ អ្នកអាចចូលរស់នៅបានភ្លាមៗ ឬចំណុចពិសេសមួយទៀតនោះ បើអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ អ្នកគួរទិញផ្ទះដោយការបង់រំ ព្រោះអ្នកត្រូវចំណាយប្រាក់សម្រាប់បង់រំលស់ប្រចាំខែ ដោយប្រាក់មួយចំណែក ហើយអ្នកអាចចំណេញពីប្រាក់ដែលអ្នកធ្លាប់បង់ថ្លៃផ្ទះជួលរាល់ខែ។
ដោយឡែក បើអ្នកចង់ទិញដីសម្រាប់សាងសង់ផ្ទះខ្លួនឯង អ្នកត្រូវចំណាយពេលសម្រាប់ការសាងសង់ ហើយកំឡុងពេលសាងសង់អ្នកនៅតែចំណាយថ្លៃជួលផ្ទះនៅបណ្ដេះអាសន្ន ទម្រាំផ្ទះរបស់អ្នកសាងសង់រួច។ មួយវិញទៀតបើអ្នកមានបំណងចង់ទិញបង់រំលស់ទៀតនោះ នឹងធ្វើឱ្យអ្នកចំណាយពេលយូរ ព្រោះទម្រាំអ្នកបង់រំលស់ដីដាច់ អ្នកត្រូវមានប្រាក់សម្រាប់សាងសង់ផ្ទះទៀត នោះធ្វើឱ្យអ្នកត្រូវសន្សំប្រាក់យូរសម្រាប់ផ្ទះមួយ។
ការវិនិយោគលើអចលនទ្រព្យទាំងពីរប្រភេទនេះសុទ្ធសឹងតែផ្ដល់ផលចំណេញនៅពេលក្រោយ។ ជាក់ស្ដែង បើអ្នកវិនិយោគលើការទិញដី អ្នកអាចចំណេញបានលឿនជាងផ្ទះ ប៉ុន្ដែក្នុងរូបរាងជាតម្លៃ និងហាងឆេងដីតែប៉ុណ្ណោះ។ លុះត្រាតែអ្នកលក់ដីមួយកន្លែងនោះចេញ ទើបឃើញថ្លៃចំណេញបន្ទាប់ពីរយៈពេលទិញទុកជាសាច់ប្រាក់សុទ្ធ៕