ដោយៈ ម៉ាណេត
ភ្នំពេញៈ គម្រោង និងសកម្មភាពពុះដីឡូត៍លក់ ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីកើនឡើងជាបន្តបន្ទាប់ និងមានសន្ទុះខ្លាំងជាងការវិនិយោគ អភិវឌ្ឍន៍រមណីយដ្ឋាន ខណៈខេត្តនេះ បាននិងកំពុងក្លាយជាគោលដៅ របស់អ្នកវិនិយោគក្នុងស្រុកជាច្រើន ដោយភាគច្រើនបានបង្ហាញពីគម្រោងអភិវឌ្ឍន៍។

-->
លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Chailin Sear Realty Co,.Ltd បានថ្លែងប្រាប់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ថា សកម្មភាពពុះដីឡូត៍លក់ក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរីមានការកើនឡើងឡើងជាបន្តបន្ទាប់។
ទោះបីវិស័យអចលនទ្រព្យ មានភាពស្ងប់ស្ងាត់បន្តិច ដោយសារវិបត្តិកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០ កុម្ភៈ ប៉ុន្តែលោកស៊ា ឆៃលីនបានលើកថា ទីផ្សារដីឡូត៍ក្នុងខេត្តមណ្ឌលគិរី ចាប់ផ្តើមមានសកម្មភាព និងការកើនឡើងនូវប្រជាប្រិយភាព ជាងការវិនិយោគរមណីយដ្ឋាននាពេលបច្ចុប្បន្ន។
លោកប្រាប់ទៀតថា “ជាមួយនឹងសម្ទុះនៃការអភិវឌ្ឍ នៅក្នុងខត្តពេលនេះ សកម្មភាពពុះដីឡូត៍ នឹងមានកាន់តែច្រើននៅក្នុងខេត្តមណ្ឌលគិរី ហើយតម្លៃក៏នឹងកើនឡើងតាមនោះដែរនាពេលខាងមុខ” ។
ខេត្តមណ្ឌលគីរីនាពេលបច្ចុប្បន្ន កំពុងក្លាយជាគោលដៅរបស់អ្នកវិនិយោគក្នុងស្រុកជាច្រើន ដោយភាគច្រើនបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យទេសចរណ៍ដោយការបង្កើតជាតំបន់កម្សាន្តបែបកែច្នៃ រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបលំហែរកាយដែលមានតម្លៃចាប់ ពីជាង៣ម៉ឺនដុល្លាររហូតដល់៥ម៉ឺនដុល្លារក្នុងមួយខ្នង។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ថា ការវិនិយោគលើវិស័យអចលនទ្រព្យ នៅក្នុងខេត្តមណ្ឌលគិរីនាពេលបច្ចុប្បន្នភាគច្រើន ជាការវិនិយោគរបស់អ្នកវិនិយោគក្នុងស្រុក ដែលគម្រោងនៅខេត្តនេះ អ្នកវិនិយោគបានផ្តោតលើរមណីយដ្ឋានបែបលំហែរកាយច្រើនជាង។
លោកបន្តថា “សកម្មភាពសេដ្ឋកិច្ចរបស់ខេត្តបានងើបបន្តិចម្តងៗ ប៉ុន្តែវាត្រូវការពេលវេលា ហើយកំលាំងទិញនៅមូលដ្ឋាននៅមានកម្រិតនៅឡើយ” ។ លោកបន្តថា “ខេត្តមណ្ឌលគិរីពិតជាមានការពុះដីឡូត៍លក់ច្រើន និងគំរោងសាងសង់ផ្ទះល្វែងមួយចំនួន ប៉ុន្តែការសាងសង់ផ្ទះលក់នៅមានចំនួនតុចតួច ដោយសារកត្តាតម្រូវការនៅមានទំហំតតូចនភៅឡើយ” ។
លោកស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា បច្ចុប្បន្នមានគម្រោងអភិវឌ្ឍន៍ជាច្រើន កំពុងបង្ហាញខ្លួនជាបន្តបន្ទាប់ ជាពិសេសនៅក្នុងក្រុងសែនមនោរម្យ និងតំបន់ដែលស្ថិតនៅជាប់ក្រុងក្នុងរូបភាព ដូចជា ការសាងសង់បណ្តុំលំនៅដ្ឋានលំហែរក្បែរជើងភ្នំជាដើម។

លោកបានបន្តថា “គម្រោងអភិវឌ្ឍន៍ថ្មីៗពីវិស័យឯកជន ខ្ញុំនៅមិនទាន់ក្តាប់បានច្បាស់នៅឡើយនោះទេ ប៉ុន្តែគម្រោងអភិវឌ្ឍន៍ក្រោមផែនការ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគម្រោងសាងសង់ព្រលានយន្ដហោះ ក្នុងតំបន់ដែលស្ថិតនៅស្រុកអូររាំង គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សា ដោយក្រុមហ៊ុនចិនដែលទទួលបានសិទ្ធិពីរដ្ឋាភិបាល ដែលអាចនឹងគ្រោងចាប់ផ្តើមការដ្ឋាននៅចុងឆ្នាំនេះ” ៕