ដោយ៖ ដែន ចែងចាំង
ភ្នំពេញ៖ ការប្រមូលផលស្រូវរដូវវស្សាបានចាប់ផ្តើមហើយ នៅតាមបណ្តាខេត្តភូមិភាគពាយ័ព្យ ដោយតម្លៃនៅដើមរដូវប្រមូលផលឆ្នាំនេះ មានភាពល្អប្រសើរជាងឆ្នាំមុន។
លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ឋសមាគមរោងម៉ាស៊ីនកិនស្រូវកម្ពុជានិងជាអគ្គនាយកធនាគារស្រូវកម្ពុជា បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី១ វិច្ឆិកានេះថា ការប្រមូលផលស្រូវបានចាប់ផ្តើមនៅក្នុងខេត្តពោធិសាត់ និងបាត់ដំបងបណ្តើរៗហើយ ដោយតម្លៃស្រូវប្រមូលទិញឆ្នាំនេះ មានតម្លៃ ១១៥០រៀលក្នុងស្រូវសើមមួយគីឡូក្រាម ខណៈឆ្នាំមុនតម្លៃស្រូវមានចន្លោះពី៦០០ ទៅ៨០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។
-->

លោកឧកញ៉ាបានបន្តថា “ទិន្នផលស្រូវឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុន ហើយកសិករក៏ទទួលបានឳកាសចំណេញច្រើនជាងមុន តាមរយៈផ្សារប្រមូលទិញស្រូវនៅតាមសហគមន៍។លោកបន្តថា “ការបង្កើតផ្សារនៅតាមសហគមន៍សម្រេចបានជាង៤០ភាគរយហើយ និងរំពឹងបញ្ចប់នៅឆ្នាំ២០១៨ខាងមុខ សំរា ប់ខេត្តពោធិសាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យ។
លោកឧកញ៉ា ភួ ពុយ បានបន្តថា ការបង្កើតផ្សារសហគមន៍ មានប្រយោជន៍ ណាស់សម្រាប់កសិករដូចជា ទី១ ជួយកសិករមិនឲ្យបារម្ភពីកង្វះទីផ្សារ នៅពេលរដូវប្រមូលផល ទី២ ជួយពួកគេមិនឲ្យពិបាកក្នុងការដឹកជញ្ជូនឆ្ងាយ ទី៣ ជួយពួកគេឥ្យប្រមូលផលបានច្រើនជាងមុន ដោយសារការប្រមូលផលមិនសូវជ្រុះគ្រាប់ស្រូវ និងជួយសម្រួលតម្លៃជីដល់ពួកគេ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧត្តុនិយមបានឲ្យដឹងថា ការប្រមូលផលស្រូវរដូវវស្សាឆ្នាំនេះ សម្រេចបាន ៥៣ម៉ឺនហិកតាហើយ ស្មើនឹងផ្ទៃដី ៥៣០,២៦៩ហិកតា និងស្មើនឹង ២០ភាគរយនៃផ្ទៃដីដាំដុះទំហំ ២,៦៤៨,9៤៣ហិកតា៕