ធ្វើដូចម្ដេច ទើបអាចទិញអចលនទ្រព្យទទួលបានចំណេញ ?

0

ចំណេះដឹងខ្លីៗ

ភ្នំពេញ ៖ ជាទូទៅ ចំពោះការទិញអចលនទ្រព្យតែងត្រូវបានគេរំពឹងថា នឹងអាចទទួល​បាន​ផល​ចំណេញនាពេលខាងមុខ ប៉ុន្តែប្រសិនបើអ្នកទិញមិនចេះពីរបៀប​នៃការទិញ​វិញ ក្រៅពីមិនបានចំណេញ ថែមទាំងប្រឈមនឹងភាពខាតបងក៏មានដែរ។ បើដូច្នេះ តើគួរទិញអចលនទ្រព្យយ៉ាងដូចម្ដេចទើបមិនជួបហានិភ័យ និងអាចទទួលបាន​ចំណេញ​ច្រើននៅពេលអនាគត់?

អ្នកជំនាញបានក្រើនរំលឹក និងផ្តល់ជាគន្លឹះយ៉ាងដូច្នេះថា ប្រសិនបើចង់ចំណេញ​នៅ​លើ​ការវិនិយោគវិស័យអចលនទ្រព្យលុះត្រាតែអ្នកទិញត្រូវមានភាពវ័យឆ្លាត និងចេះ​ក្តាប់​ឱកាសមាសឱ្យបាន ។

ទិញអចលន្រព្យដែលកំពុងជាប់បំណុល ៖ ម្ចាស់បំណុលដែលបានលង់ខ្លួនយក​អចលនទ្រព្យ​ទៅ​បញ្ចាំដើម្បីខ្ចីលុយពីធនាគារ ឬពី​ឯកជន នោះមានន័យថា ពួកគាត់​កំពុង​តែផុងខ្លួនទៅក្នុងស្ថានភាពអាក្រក់ ខណៈ​ដែល​​គ្មានលទ្ធភាពបង់ នោះម្ចាស់​បំណុល​អាចនឹងរឹបអូសអចលនទ្រព្យ​ដែលជាទ្រព្យ​បញ្ចាំនោះទៅប្រកាសលក់បន្ទាន់​ក្នុងតម្លៃមួយទាបជាងទីផ្សារ ឬម៉្យាងទៀតកូន​បំណុល​​ដែលជាម្ចាស់ អាចសុំឱ្យម្ចាស់​បំណុលស្វែងរអតិថិជនមកទិញទ្រព្យ​បញ្ចាំរបស់​ខ្លួនក្នុងតម្លៃថោក។ ប្រការនេះ អ្នកអាច​មានឱកាសទិញបានអចលនទ្រព្យ​ដែលមាន​តម្លៃ​ថោក សម្រាប់លក់ចេញ​វិញនៅពេលអនាគត់ក្នុងតម្លៃខ្ពស់ ដែលអាចទទួលបាន​ចំណេញច្រើន ។

ទិញអចលនទ្រព្យនៅពេលដែលត្រូវការលក់បន្ទាន់ ៖ គួរទិញអចលនទ្រព្យណាដែល​គេកំពុងត្រូវការលក់ ហើយគួរលក់ចេញវិញនៅពេល​ដែលគេត្រូវការទិញ។ នៅពេល​ដែល​គេត្រូវការលក់ មានន័យថា គេប្រាកដជាត្រូវការ​លុយជាចាំបាច់ ដូច្នេះគេអាច​លក់នៅក្នុងតម្លៃមួយថោក ឬទាបជាងតម្លៃទីផ្សារ​យ៉ាង​ប្រាកដ។ ខណៈនេះ អ្នកអាច​ទិញ​បានយ៉ាងស្រួល និងមានឱកាសទទួលបាន​ចំណេញ​ខ្ពស់នៅពេលថ្ងៃអនាគត់។​ ការលក់អចលទ្រព្យបន្ទាន់ អាចជាអ្នកមាន​តម្រូវ​ការផ្លាស់ប្ដូរលំនៅដ្ឋាន អ្នកដែលមាន​វិបត្តិបំណុល អ្នកដែលត្រូវការលុយដើម្បីទិញ​អចលនទ្រព្យនៅទីតាំងថ្មីដែលគិតថា​ល្អជាងជាដើម ។

ទិញអចលនទ្រព្យដែលមិនទាន់កែច្នៃ ៖ អចលនទ្រព្យដែលមិនទាន់កែច្នៃ រួមមាន​ដូចជា ផ្ទះចាស់ៗ ដីបឹង ដីប្រឡាយ ដីលិច​ទឹក ដីព្រៃ …ដែលមើលទៅមិនទាន់គួរជាទី​ចាប់អារម្មណ៍ និងមានបរិយាកាសមិនល្អ និងមិនសូវមានមនុស្សរស់នៅជុំវិញជាដើម។ អចលនទ្រព្យប្រភេទនេះ មិនទាន់មាន​តម្លៃខ្ពស់នោះទេ ដោយសារតែវាមិនទាន់​សោភ័ណភាព។ ទាំងអស់នេះ អ្នកអាចទិញ​វាយកមកកែច្នៃ កែលម្អបន្ថែម ដូចជាកាប់​ឆ្កា​ព្រៃ ចាកដីបន្ថែម តុបតែងលម្អឱ្យក្លាយ​ជា​លំនៅដ្ឋានគួរជាទីរស់នៅ ហើយធ្វើការ​លក់​ចេញវិញក្នុងតម្លៃមួយដែល​អាចប្រកួត​ប្រជែង​នៅលើទីផ្សារបាន នោះអ្នកនឹង​ទទួល​បានចំណេញកប់ក្តោងយ៉ាងប្រាកដ។

ទិញអចលនទ្រព្យដែលមានទីតាំងឆ្ងាយពីទីប្រជុំជន ៖ ចំណុចនេះ អ្នកអាចចំណាយ​ពេល​យូរបន្តិចក្នុងការទទួលបានចំណេញ ។ អចលនទ្រព្យ ដែលមានទីតាំងនៅឆ្ងាយ តែងមានតម្លៃថោក ហើយនឹងអាចកើនតម្លៃថ្លៃទ្វេដងនៅពេលដែលគម្រោងអភិវឌ្ឍ​រីកសាយភាយទៅដល់ ។ អចលនទ្រព្យដែលស្ថិតនៅតំបន់ក្រុងវាមានតម្លៃថ្លៃ​ខ្ពស់​ណាស់​ទៅហើយ ដែលអាចនិយាយបានថាតម្លៃឡើងកប់ពិដាន និងមិនអាចបន្ត​ឡើង​ទៀតបាននោះទេ។ ដូច្នេះការទិញអចលនទ្រព្យនៅឆ្ងាយពីក្រុងបន្តិចអាច​នៅសល់​គម្លាយ និងទទួលបានចំណេញច្រើន ប៉ុន្តែក៏មិនគួរទិញទីតាំងដែលស្ថិតនៅ​ឆ្ងាយពី​ក្រុង ឬទីប្រជុំជនពេកនោះដែរ ពីព្រោះការពង្រីកគម្រោងអភិវឌ្ឍមិនអាចឈានទៅ​ដល់ក្នុងពេលដ៏ខ្លីនោះទេ ។ ភាគច្រើន អ្នកវិនិយោគនៅលើវិស័យអចលនទ្រព្យ​តែង​ប្រើវិធីសាស្ត្រ ដូចជា មានលុយតិចទិញដីនៅជាយក្រុង ឬជាយតំបន់ទីប្រជុំជន លុះនៅ​ពេលដែលអាចលក់ទទួលបានចំណេញកើនធនធានច្រើន នោះគេនឹងវិល​ត្រឡប់​ចូលមកវិនិយោគនៅក្នុងតំបន់ក្រុងវិញ និងបន្តពង្រីកវិសាលភាពនៅតាម​តំបន់មួយចំនួនទៀតដែលមានសក្ដានុពល និងស្ថិតនៅក្បែរក្រុងជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here