មហាយក្សចិនមានមហិច្ឆតាពង្រីកទីផ្សាររូបិយប័ណ្ណយ័នរបស់ខ្លួនលើទីផ្សារអន្តរជាតិ

0

ដោយៈឧត្តម

ហុងកុង:  មហាយក្សចិន មានមហិច្ឆតាបង្កើតទីផ្សាររូបិយប័ណ្ណបរទេស ក្នុងស្រុកដ៏រឹងមាំមួយ ដើម្បីជួយជំរុញការចរាចររូបិយប័ណ្ណយ័ន ឱ្យកាន់តែទូលំទូលាយនៅលើទីផ្សារអន្តរជាតិ ហើយការចាប់ផ្ដើមបង្កើតកិច្ចសន្យាទិញដូររូបិយប័ណ្ណមួយ សម្រាប់វិនិយោគិនក្នុងស្រុក នឹងជួយពន្លឿនរបៀបវារៈរបស់ក្រុមអ្នកធ្វើគោលនយោបាយ នៃរដ្ឋាភិបាលក្រុងប៉េកាំង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃទី៧ មេសា។

តាមរយៈព្រឹត្តិបត្រមួយចេញផ្សាយកាលពីថ្ងៃអង្គារ ទី៦ មេសា ក្រុមអ្នកស្រាវជ្រាវនៅធនាគារប្រជាជនចិន (People’s Bank of China) ហៅកាត់ PBOC ដែលជាធនាគារកណ្តាលរបស់មហាយក្សចិន បានស្នើឱ្យបង្កើតទីផ្សារទិញដូររូបិយប័ណ្ណយ័ន មួយនៅក្នុងប្រទេសចិន ដើម្បីជួយវិនិយោគិនការពារខ្លួន ឱ្យបានកាន់តែប្រសើរពីហានិភ័យរូបិយប័ណ្ណ។

កិច្ចសន្យាទិញដូរនេះ នឹងអនុញ្ញាតឱ្យវិនិយោគិនទិញ ឬដូររូបិយប័ណ្ណយ័ន ក្នុងចំនួនជាក់លាក់ណាមួយ តាមតម្លៃដែលបានកំណត់ នៅពេលវេលាជាក់លាក់ណាមួយនាពេលអនាគត។ កត្តានេះ នឹងអនុញ្ញាតឱ្យវិនិយោគិនធ្វើកិច្ចសន្យាជាក់លាក់ លើអត្រាប្ដូរប្រាក់មួយ ដើម្បីធានាដល់ការធ្វើប្រតិបត្តិការអាជីវកម្មនាពេលអនាគត និងការពារហានិភ័យ ពេលដែលថ្លៃរូបិយប័ណ្ណចិន មួយនេះឡើងចុះៗជាបណ្ដោះអាសន្នមួយ រយៈពេល ខ្លី។ វាក៏នឹងធ្វើឱ្យវិនិយោគិនអាចប៉ាន់ស្មានដឹង អំពីតម្លៃរូបិយប័ណ្ណនេះនៅពេលអនាគតផងដែរ។

ផ្សារភាគហ៊ុនក្រុងហុងកុង ផ្សារភាគហ៊ុនសិង្ហបុរី និងផ្សារភាគហ៊ុនសហរដ្ឋអាមេរិក Chicago Mercantile Exchange ផ្ដល់កិច្ចសន្យាទិញដូររួចហើយ សម្រាប់ការជួញដូររូបិយប័ណ្ណយ័ន នៅឯនាយសមុទ្រ។ ផ្សារភាគហ៊ុនក្រុងហុងកុង គ្រោងចាប់ផ្តើមបង្កើតកិច្ចសន្យាទិញដូរ “តូច” មួយនៅក្នុងឆមាសទី១ ដើមឆ្នាំ២០២១ នេះដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារតូចចង្អៀត ដែលមានអ្នកចូលរួមតិច។

ទោះជាយ៉ាងណា បណ្ដាវិនិយោគិនចិន ក្នុងស្រុកមិនទាន់ត្រូវបានអនុញ្ញាតឱ្យទិញដូរឧបករណ៍ហិរញ្ញវត្ថុ (Financial Instrument) បរទេសនៅឡើយទេ ប៉ុន្តែរដ្ឋាភិបាលបង្ហើបថា ខ្លួនកំពុងពិចារណាអនុញ្ញាតឱ្យពួកគេទិញដូរ។

ព្រឹត្តិបត្ររបស់ធនាគារកណ្តាលចិន ដែលសរសេរដោយអ្នកស្រាវជ្រាវ Lei Yao និង Han Xintao នេះបានរកឃើញថា មានទំនាក់ទំនងនឹងគ្នាយ៉ាងទូលំទូលាយ រវាងអត្រាប្តូរប្រាក់ក្នុងទីផ្សារចិនដីគោក និងអត្រាប្តូរប្រាក់នៅឯនាយសមុទ្រ ដូចជា ក្រុងហុងកុង ទីក្រុងឡុងដ៍ និងប្រទេសសិង្ហបុរី ជាដើម។

ធនាគារកណ្ដាលមួយនេះ បានចូលរួមអំពាវនាវឱ្យសាងសង់ “មជ្ឈមណ្ឌលហិរញ្ញវត្ថុរូបិយប័ណ្ណយ័នជាសកល” (Global Yuan Financial Centre) មួយនៅក្រុងសៀងហៃ ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់មហាយក្សចិន ផងដែរ។ ការបង្កើតមជ្ឈមណ្ឌលក្នុងស្រុកមួយសម្រាប់ការទិញដូររូបិយ

ប័ណ្ណយ័ន គឺស្របទៅនឹងយុទ្ធសាស្រ្តសេដ្ឋកិច្ច របស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលជំរុញធ្វើយ៉ាងណាឱ្យប្រទេសនេះ កាន់តែឯករាជ្យម្ចាស់ការលើខ្លួនឯង ដើម្បីកាត់បន្ថយផលប៉ះពាល់ នៃការគំរាមកំហែងពីខាងក្រៅ។

ទោះជាយ៉ាងណា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង នៅក្នុងការជំរុ​ញឱ្យមានការប្រើប្រាស់រូបិយប័ណ្ណយ័ន របស់ខ្លួនកាន់តែច្រើននៅបរទេស មានសន្ទុះរីកចម្រើនយឺតយ៉ាវណាស់ ហើយនៅតែចាញ់រូបិយប័ណ្ណដុល្លារអាមេរិកឆ្ងាយដាច់ ទោះបីជារូបិយប័ណ្ណដុល្លារធ្លាក់ចុះ ចំណែកទីផ្សារទូទាត់ទូទាំងពិភពលោក និងទុនបម្រុងអន្តរជាតិ (Foreign Exchange Reserves) ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្ដី៕

LEAVE A REPLY

Please enter your comment!
Please enter your name here