មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន ដ៏​ធំ​មួយ​បើក​ដំណើរការ​នៅ​ផ្លូវជាតិ​លេខ៤

0

ដោយ ដួង ចន្ទ្រា

ភ្នំពេញ៖ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចិន​ដ៏​ធំ​មួយ បាន​បើក​ដំណើរការ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ៤ ដែលជា​តំបន់ឧស្សាហកម្ម​ដ៏​ធំ​របស់​កម្ពុជា និង​កំពុង​ក្លាយជា​ទីតាំង​វិនិយោគ​ដ៏​ធំ​នៅ​ភាគ​ខាងលិច​ក្រុងភ្នំពេញ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍​ក្នុងពេល​ចូលរួម​ពិធី​បើក​តំបន់ឧស្សាហកម្ម ដែលមាន​ឈ្មោះ​ចេ​ឌូ​បា​យី​កម្ពុជា-ចិន ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ក្នុង​ឃុំ​រការ ស្រុក​អង្គ​ស្នូល ខេត្តកណ្តាល នា​ព្រឹក​ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ​ថា មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ នឹង​បង្កើត​ឱកាស​ការងារ និង​ប្រាក់ចំណូល​ជូន​ប្រជាជន លើកកម្ពស់​វិស័យ​ទេសចរណ៍​ជាតិ ព្រមទាំង​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចិន ថែមទៀត។

លោក​បន្តថា សេដ្ឋកិច្ចកម្ពុជា​កំពុងមាន​កំនើន​រឹងមាំ និង​វឌ្ឍនភាព​នៃ​វិស័យ​សំណង់ ដែល​ធ្វើ​ឲ្យ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​ស​ម្ភា​រ និង​គ្រឿង​សង្ហា​រឹមប្រណិតៗ ហើយ​ការមកដល់​នៃ​ផ្សារ​ពាណិជ្ជកម្ម​ចិន នឹង​ផ្តល់​ជម្រើស​កាន់តែច្រើន​សម្រាប់​ប្រជាជន​កម្ពុជា ដែល​ប្រាថ្នា​ចង់បាន​ជីវិត​រស់នៅ​តាមបែប​ស៊ី​វិ​ល័យ ស្របតាម​បរិបទ​រីកចម្រើន​នៃ​វិស័យសេដ្ឋកិច្ច។

ជាមួយគ្នានេះ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា បាន​អំពាវនាវ​ដល់​សហគ្រិន និង​ផលិតករ​កម្ពុជា សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដាក់តាំង​បង្ហាញ​ផលិតផល និង​មុខទំនិញ នៅក្នុង​បរិវេណ​ពិ​ព៌​ណ ដែល​ផ្តល់ជូន​ដោយ​ក្រុមហ៊ុន ចេ​ឌូ​បា​យី គ្រឿង​សង្ហា​រឹម គ្រុប ដើម្បី​ស្វែងរក​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម មកពី​ប្រទេស​ចិន សំដៅ​លក់ និង​ចែកចាយ​ទៅកាន់​ទីផ្សារធំៗនៅក្នុង​ប្រទេស​ចិន។

លោកស្រី Zhang Ying អនុប្រធាន​មន្ទីរ​ពាណិជ្ជកម្ម នៃ​ខេត្ត​ស៊ី​ឈួន​ប្រទេស​ចិន បាន​ជម្រាបជូន​អង្គពិធី អំពី​សក្តានុពល​សេដ្ឋកិច្ច​របស់​ខេត្ត​ស៊ី​ឈួន ដែលជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ធំ​មួយ​នៅក្នុង​ប្រទេស​ចិន ហើយ​ការវិនិយោគ​បង្កើត​ផ្សារ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ដើម្បី​ធ្វើ​គំរូ​ផ្សារ​លើកដំបូង​របស់​ខេត្ត​ស៊ី​ឈួន នៅក្នុង​តំបន់​អាស៊ាន សំដៅ​ឆ្លើយតប​នឹង​គោលនយោបាយ​ផ្លូវ​មួយ ខ្សែក្រវ៉ាត់​មួយ របស់​រដ្ឋាភិបាល​ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here