ដោយ វុត្ថា
ភ្នំពេញ៖ នៅទីបំផុតសហភាពអឺរ៉ុប បានចាប់ផ្តើមចាប់អារម្មណ៍ក្នុងការពង្រីកទំនាក់ទំនង និងបង្កើនទំហំពាណិជ្ជកម្មនៅកម្ពុជា តាមរយៈការបើកការតាំងពិព័រណ៍ផលិតផលមកពីអឺរ៉ុបនៅចុងខែមិថុនានេះ។
ថ្លែងក្នុងសន្និសីទកាសែត ស្តីពីការតាំងពិព័រណ៍ផលិតផលមកពីអឺរ៉ុប (EuroFair) នៅព្រឹកថ្ងៃទី២២ ខែមិថុនានេះ លោក Arnaud DARC ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានលើកឡើងថា នេះគឺជាលើកទីមួយដែលព្រឹត្តការណ៍នេះរៀបចំឡើង ក្នុងគោលបំណងជំរុញពង្រីក និងបង្កើតទំនាក់ទំនង ក៏ដូចជាពង្រឹងចំណងមិត្តភាព រវាងកម្ពុជានិងអឺរ៉ុប សម្រាប់បច្ចុប្បន្នកាលក៏ដូជាសម្រាប់អនាគតកាល។ លោកបន្តថា ក្នុងព្រឹត្តិការណ៍នោះ មានក្រុមហ៊ុនប្រមាណជាង៤០មកពីអឺរ៉ុប នឹងនាំផលិត ផល ដូចជា គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខាសុខាភិបាល គ្រឿងម៉ាស៊ីន ម្ហូបអាហារ និងផលិតផលជាច្រើនទៀត មកចូលរួមបង្ហាញពិព័រណ៌នេះ។







