ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ សហព័ន្ឋស្រូវ អង្ករកម្ពុជាបានត្រៀមអង្ករប្រណីតបីប្រភេទ សម្រាប់ចូលរួមប្រកួតក្នុងសន្និសីទស្រូវអង្ករពិភពលោក ដែលនឹងត្រូវរៀបចំឡើងនៅទៅក្រុងម៉ាកាវ ប្រទេសចិនចាប់ពីថ្ងៃទី៦ដល់៨ វិច្ឆិកាខាងមុខនេះ។
អង្ករក្រអូបប្រណីតចំនួន ២សំណាក និងអង្ករក្រអូបធម្មតាចំនួន១សំណាក នឹងត្រូវជ្រើសរើស ដើម្បីយកទៅប្រកួតប្រជែងនៅថ្ងៃទី១ វិច្ឆិកានេះ ដែលរៀបចំឡើងដោយសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយសហព័ន្ធចុងភៅកម្ពុជា ដើម្បីជ្រើសរើសយកអង្ករដែលល្អបំផុត។
-->

លោក សុខ ពុទ្ធីវុធ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានលើកឡើងថា ការប្រកួតប្រជែងឆ្នាំនេះ មានការចូលរួមពីក្រុមហ៊ុនជាច្រើន ជាពិសេសការចូលរួមពីសំណាក់សហគមន៍កសិកម្មដោយផ្ទាល់ ដើម្បីឈានទៅរកការប្រកួតប្រជែងក្នុងពិភពលោក។លោកបន្តថា ក្នុងការប្រកួតប្រជែងក្នុងស្រុកនេះ មានប្រភេទអង្ករចំនួន៣ ដែលបានដាក់ចូលប្រកួតប្រជែង ក្នុងនោះមានដូចជា អង្ករក្រអូបប្រណីត អង្ករក្រអូបធម្មតា និងអង្ករសគ្រាប់វែង ដែលមកពីការចូលរួមពីសហគមន៍កសិកម្មចំនួន៦ និងសហគ្រាសម៉ាស៊ីនកិន កែច្នៃស្រូវ អង្ករ និងក្រុមហ៊ុននាំចេញអង្ករចំនួន១។

លោកបន្តថា “ការប្រកួតប្រជែងនេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់ ដោយមានគណៈកម្មការដាក់ពិន្ទុជំនាញៗជាច្រើនចូលរួម និងវាយតំលៃទៅលើរូបរាង ក្លិន ព៌ណ រសជាតិពេលចំអិនហើយជាដើម។
អង្ករក្រអូបប្រណីតមានប្រភេទអង្ករចំនួន៥ ដែលត្រូវបានរាប់បញ្ចូលរួមមាន អង្ករផ្ការំដួល ផ្កាម្លិះ ផ្ការំដេង ផ្ការមៀត និងអង្ករសុមាលី។ ចំណែកឯអង្ករក្រអូបធម្មតាវិញរួមមាន អង្ករសែនក្រអូប និងអង្ករផ្កាខ្ញី។

អង្កររបស់ប្រទេសកម្ពុជា ធ្លាប់ជាប់ចំណាត់ថ្នាក់អង្ករល្អដាច់គេលេខ១លើពិភពលោក ក្នុងរយៈពេល៣ឆ្នាំជាប់គ្នា គឺកាលពីឆ្នាំ២០១២ រហូតដល់ឆ្នាំ ២០១។ចំណែកឆ្នាំ២០១៦ អង្ករកម្ពុជាបានជាប់ក្នុងចំណាត់ថ្នាក់លំដាប់៣ផងដែរ៕