ដោយ ដួង ចន្រ្ទា
ភ្នំពេញ៖ ដំណឹងល្អសម្រាប់អ្នកដាំក្រូចថ្លុងកោះទ្រង់ ដែលស្ថិតក្នុងភូមិសាស្រ្តខេត្តក្រចេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្ម បានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវម៉ាកសម្គាល់ភូមិសាស្ត្រទំនិញចំពោះ«ក្រូចថ្លុងកោះទ្រង់» ដែលជាផ្លែឈើហូបធម្មជាតិដ៏ពេញនិយម មានឱជារសឆ្ងាញ់ពិសា។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិនៅថ្ងៃទី២៥ មិថុនានេះបានអញ្ជើញប្រកាសដាក់ក្រូចថ្លុងកោះទ្រង់ ជាផលិតផលសម្គាល់ភូមិសាស្រ្ត ដែលនឹងផ្តល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាសហគមន៍ទេសចរណ៍ ស្ថិតនៅស្របតាមបណ្តោយដងទន្លេមេគង្គនេះ។
លោកប៉ាន សូរស័ក្តិបានលើកឡើងពីអត្ថប្រយោជន៍ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដែលឧបករណ៍ទីផ្សាដ៏រមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់ ដើម្បីអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច ហើយការដាក់ឲ្យប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថ្មីថ្ងៃនេះ នឹងជួយបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាជនមូលដ្ឋាន ព្រមទាំងទាំងលើកកម្ពស់វិស័យទេសចរណ៍ជាតិថែមទៀត។







