ដោយ គង់ សូរិយា
ភ្នំពេញ៖ ប្រទេសកម្ពុជាកំពុងធ្វើឲ្យផ្អើលពិភពលោកម្តងទៀតហើយ តាមរយៈការស្ថាបនាទូក”ង”វែងជាងគេលំដាប់ពិភពលោក នៅខេត្តព្រៃវែងធ្វើឡើងដើម្បីបំបែកកំណត់ត្រាពិភពលោក។
កាលពីចុងសប្តាហ៍មុន កម្មវិធីបើកសាច់ទូកកំណាត់ចុងក្រោយបានធ្វើឡើងហើយក្រោមវត្តមាន លោកស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកងិន បាណាល់ អនុប្រធានគណៈកម្មការផលិតទូក “ង”វែងជាងគេ។ មកដល់ពេលនេះ ធ្វើបានជាង៧០ភាគរយហើយ។ កំណាក់ក្រោយនេះ គឺធ្វើសាច់ទូកផ្នែកកណ្តាលតែម្តង។
-->
លោកងិន ងិនបាណាល់បានឲ្យដឹងកាលពីសប្តាហ៍មុននេះថា ការបើកសាច់ទូកលើកនេះ ជាកំណាត់ចុងក្រោយហើយ ពោលគឺការធ្វើទូកនេះ ត្រូវបានរៀបពិធីបើកសាច់ទូកផ្នែកខាងក្បាល និងកន្ទុយទូកមុន។ ផ្នែកទាំងពីរនេះបានធ្វើរួចរាល់ហើយ នៅពេលកំណាត់ទីបីចុងក្រោយធ្វើបានរួចរាល់ រូបរាងទូកនឹងចេញជាផ្លូវការ ហើយនឹងដាក់ដំណើរការសាកល្បង។

តាមការបញ្ជាក់ពីប្រភពខាងលើបានឲ្យដឹងថា ទំហំទូកនេះមានការប្រែប្រួលខុសពីការគ្រោងទុកបន្តិច ព្រោះបើតាមការគ្រោងទុក ទូកវែងជាងគេលើពិភពលោកនេះ មានប្រវែង៨៥,៥ម៉ែត្រ ទទឹង១,៥៥ម៉ែត្រ ដាក់ចំណុះទូកបាន១៧៩នាក់។ ក្បាលទូកឆ្លាក់ចេញជាក្បាលនាគ កន្ទុយឆ្លាក់ចេញជាកន្ទុយហង្ស។ ប៉ុន្តែតាមសភាពជាក់ស្តែងក្រោយ ពេលបើកសាច់ទូកទំហំទូក អាចធំជាងការគ្រោងទុកទៅទៀត។
សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តព្រៃវែងផលិតទូក”ង”បញ្ជាក់ថា គោលបំណងនៃការកសាងទូកវែងជាងគេលើពិភពលោកនេះ ដើម្បីបំបែកឯតទគ្គកម្មកំណត់ត្រាពិភពលោក និងដើម្បីរំលឹកឡើងវិញនូវស្នាព្រះហស្ថរបស់ព្រះមហាក្សត្រខ្មែរ គ្រប់ជំនាន់ក្នុងការប្រើប្រាស់ទូក ជាមធ្យោបាយមួយក្នុងការការពារទឹកដី។

ការផលិតទូកនេះ ដើម្បីបង្ហាញពីប្រវត្តិដ៏យូរលង់នៃការផលិត និងការប្រើប្រាស់ទូករបស់ខ្មែរតាំងពីសម័យបុរាណ និងជួយលើកតម្កើងកិត្យានុភាពជាតិ ដោយបង្ហាញឲ្យពិភពលោកទាំងមូលបានដឹងកាន់តែច្បាស់ថា កម្ពុជាអាចបង្កើតស្នាដៃដ៏អស្ចារ្យមួយបាន មិនត្រឹមតែកសាងប្រាសាទ ដ៏អស្ចារ្យរបស់មហាវីរក្សត្រជំនាន់មុនទេ ប៉ុន្តែកូនខ្មែរជំនាន់ក្រោយក៏អាចសាងបានភាពអស្ចារ្យរបស់ខ្លួនដោយឡែកផងដែរ៕