ដោយគង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុនកូរ៉េមួយគ្រោងចំណាយទឹកប្រាក់២០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតដ្រូននៅកម្ពុជា នៅឆ្នាំ២០១៩ខាងមុខនេះ និងយកកម្ពុជាជាមូលដ្ឋានផលិតដើម្បីនាំចេញទៅកាន់ប្រទេសជិតខាង។
អគ្គនាយកក្រុមហ៊ុន S.D.I Air Co,Ltd លោក Chung IL Nyung បានមានប្រសាស ន៍ឲ្យដឹងកាលពីថ្ងៃទី២៥ មិថុនាកន្លងមកថា ក្រុមហ៊ុនលោកបានចាប់ផ្តើមផលិតដ្រូនជាច្រើនប្រភេទនៅប្រទេសកូរ៉េកាលពីជាង១ឆ្នាំមុន និងបាននាំចេញទៅលក់នៅប្រទេសរុស្ស៊ី ហើយគ្រោងនាំយកមកលក់នៅប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។ លោកបន្តថា ទន្ទឹមនឹងការនាំចូលដ្រូនផលិតរួច ក្រុមហ៊ុនគ្រោងនឹងបង្កើតរោងចក្រផលិតដ្រូននៅកម្ពុជានៅឆ្នាំក្រោយ ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ឬនៅក្នុងខេត្តកំពង់ចាម។
លោកបន្តថា យើងនឹងយកប្រទេសកម្ពុជា ជាមូលដ្ឋានផលិតកម្ម និងធ្វើការនាំចេ ញទៅកាន់ប្រទេសក្នុងតំបន់ ព្រោះកម្ពុជាមានភាពអំណោយផលក្នុងការវិនិយោគ ពិសេសរដ្ឋាភិបាលកម្ពុជា បានផ្តល់ភាពងាយស្រួលច្រើនក្នុងការវិនិយោគនៅកម្ពុជា។លោកបន្តថា វានឹងជារោងចក្រធំមួយ ដែលនឹងមិនត្រឹមផលិតដ្រូននោះទេ ប៉ុន្តែនឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាផងដែរ។
ដ្រូនដែលផលិតដោយក្រុមហ៊ុន S.D.I Air Co, Ltd មានច្រើនប្រភេទ ដូចជាដ្រូន សំរាប់បាញ់ពន្លត់អគ្គិភ័យ ដ្រូនសំរាប់ជួយសម្រួលការងារក្នុងវិស័យឧស្សាហកម្ម និងដ្រូនសំរាប់ជួយសំរួលការងារក្នុងវិស័យកសិកម្ម។
លោក Chung IL Nyung បានបន្តថា ដោយសារប្រទេសកម្ពុជាមានភាពអំណោយផលសំរាប់វិស័យកសិកម្ម លោកជឿជាក់ថា ទីផ្សារកម្ពុជាមានភាពអំណោយផលសំរាប់ផលិតផលរបស់លោក ពិសេសការប្រើប្រាស់ដ្រូន សម្រាប់បាញ់ថ្នាំកសិកម្មដែលផ្តល់ផលចំណេញច្រើនទាំងពេលវេលា ទាំងសុខភាព និងមិនប្រើប្រាស់កំលាំងពលកម្មច្រើននោះទេ។លោកបន្តថា ការបាញ់ថ្នាំកសិកម្មតាមបែបប្រពៃណី បានធ្វើឲ្យជាតិថ្នាំជ្រាបចូលក្នុងខ្លួនមនុស្ស ដែលធ្វើឲ្យពុល និងសុខភាពទ្រុឌទ្រោម ប៉ុន្តែការប្រើប្រាស់ដ្រូនមិនប៉ះពាល់សុខភាពនោះទេ ហើយចំណាយពេលវេលាខ្លី និងមិនខាតបង់កំលាំងពលកម្ម ព្រោះដ្រូនមួយអាចជំនួសកំលាំងមនុស្សបាន១០០នាក់៕