ដោយ គង់ សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន Jet Group បានសហការជាមួយគណកម្មធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និងស្ថាប័នពាក់ព័ន្ឋដើម្បីលើកកំពស់ផលិផលខ្មែរនៅក្នុងទីផ្សារ និងធ្វើឲ្យផលិតផលខ្មែរកាន់តែមានគុណភាព។
លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន Jet Group បានមានប្រសាសន៍ក្នុងពិធីបើកសិក្ខាសាលានាព្រឹកថ្ងៃទី២៦ មិថុនានេះថា ការដែលក្រុមហ៊ុន Jet Group សហការជាមួយអគ្គលេខាធិការដ្ឋានជម្រុញភូមិ១ផលិតផល១ គឺក្នុងគោលបំណងលើកទឹកចិត្តដល់បណ្តាផលិតករ សិប្បករខ្មែរ ឲ្យស្វែងយល់កាន់តែច្បាស់ពីចង្វាក់ផលិតកម្ម ការកែលម្អរគុណភាពផលិតផល ការវេចខ្ចប់ ឲ្យត្រូវតាមស្តង់ដា ដើម្បីងាយស្វែងរកទីផ្សារលក់ផលិតផល ក្នុងន័យធ្វើយ៉ាងណា រួមគ្នាដោះស្រាយបញ្ហានានា និងលើកស្ទួយផលិតផលខ្មែរ។
លោកជា សំណាង អគ្គលេខាធិការនៃ អគ្គលេខាធិ- ការដ្ឋានជម្រុញចលនាភូមិ១ផលិតផល១បានមានប្រសាសន៍ឲ្យដឹងផងដែរថា គណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ផលិតផល១ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៏វិស័យកសិកម្ម និងជនបទ។
លោកបន្តថា អគ្គលេខាធិការដ្ឋានជម្រុញភូមិ១ ផលិតផល១ មានតួនាទីសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ឋជាដៃគូអភិវឌ្ឍន៏ និងវិស័យឯកជន ដើម្បីអនុវត្តុយន្តការនានាដែលមានចែងក្នុងគោលនយោបាយជាតិស្តីពីការជម្រុញភូមិ១ផលិតផល១ ដែលជាផែនទីចង្អុលផ្លូវសម្រាប់អនុវត្តពីឆ្នាំ ២០១៦-២០២៦។
អនុប្រធានគណៈកម្មាធិការជាតិជម្រុញចលនាភូមិ១ ផលិតផល១ លោកស៊ុន គន្ធរ បានមានប្រសាសន៏ថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅខេត្តអូយតា (Oita) ប្រទេសជប៉ុន កាលពីឆ្នាំ២០០១ ដែលជាខេត្តមួយអនុវត្តទស្សនាទានចលនាភូមិ១ផលិតផល១ ប្រកបដោយជោគជ័យ ហើយបច្ចុប្បន្នទស្សនាទាននេះ ត្រូវបានយកមកប្រើប្រាស់នៅតាមបណ្តាប្រទេសជាច្រើននៅក្នុងពិភពលោក។ ចំណែកឯកម្ពុជាវិញ ទស្សនាទាន “ភូមិ១ផលិតផល១” នេះក៏មានយូរណាស់មកហើយ ដោយប្រជាជនកម្ពុជានៅតាមតំបន់នានាៗបានផលិតនូវផលិតផលផ្សេងៗជាច្រើន ប្រកបដោយភាពច្នៃប្រឌិតតាមបែបប្រពៃណីដោយប្រើប្រាស់វត្ថុធាតុដើម និងធនធានដែលមានស្រាប់នៅក្នុងភូមិ ស្រុក ដើម្បីបង្កើនចំណូលនៅក្នុងគ្រួសារ។
លោកបន្តថា “គោលដៅជាយុទ្ឋសាស្រ្តនៃការជំរុញចលនាភូមិ១ ផលិតផល១ គឺមានចរិកជាការលើកកំពស់ផលិតផលក្នុងស្រុក រួមមានការផលិត ការវិចខ្ចប់ និងការរកទីផ្សារសំរាប់ផលិតផលក្នុងស្រុកទាំងនោះ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងការអភិវឌ្ឍន៏សេដ្ឋកិច្ចជនបទ ដូចប្រសាសន៏ដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងថា “ត្រូវធ្វើឲ្យបានល្អ ធ្វើឲ្យបានច្រើន និងលក់ឲ្យដាច់”៕