ដោយៈគង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តកំពង់ស្ពឺ លោកវ៉ី សំណាង បានឱ្យដឹងថា មានក្រុមហ៊ុនមកពីប្រទេសមីយ៉ាន់ម៉ាចំនូន២០បាននិងកំពុងស្វែងទីតាំង ដើម្បីរៀបចំការវិនិយោគនៅខេត្តកំពង់ស្ពឺ។
អភិបាលខេត្តរូបនេះបានមានប្រសាសន៍ឲ្យដឹងថា មានក្រុមហ៊ុនខ្លះ គេត្រូវប្ដូរទីតាំងរោងចក្រ ពីប្រទេសភូមាឬមីយ៉ាន់ម៉ាមកកាន់កម្ពុជា ដោយក្រុមហ៊ុនទាំងនោះទើប មកទាក់ទងខាងយើង។ ជាក់ស្ដែង កាលពីចូលឆ្នាំខ្មែរនេះ មាន២០រោងចក្រ កំពុងដើររកទីតាំងដើម្បីសាងសង់ ឬជួលរោងចក្រថ្មីឱ្យទាន់ហេតុការណ។
បច្ចុប្បន្ន ខេត្តកំពង់ស្ពឺមានគម្រោងវិនិយោគជាង២០០គំរោង ក្នុងនោះរោងចក្រ សហគ្រាសកំពុងដំណើការមាន១៥៣រោចចក្រ ហើយរោងចក្រខ្លះទៀតកំពុងងស្ថិតក្នុងការសាងសង់ ដែលអាចផ្តល់ការងារដល់ប្រជាជនជាង១២ម៉ឺននាក់។
លោកបន្តថា “បច្ចុប្បន្នមានរោងចក្រ សហគ្រាស ក៏ដូចជា គម្រោងវិនិយោគធំៗនានា ទាំងកំពុងតែបើកដំណើរការ ក៏ដូចជា គម្រោងដែលត្រៀមនឹងមកវិនិយោគទាំងអស់ នៅតែបន្តតាមផែនការ ទោះប្រទេសកំពុងមានវិបត្តិកូវីដក៏ដោយ” ។
លោកវ៉ី សំណាង បានមានប្រសាសន៍ឲ្យដឹងទៀតថា គម្រោងទាំងអស់នៅតែដើរដដែល មិនទាន់មានគម្រោងណាមួយបិទនៅឡើយនោះទេ ទោះកម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដក្តី។
អភិបាលខេត្តកំពង់ស្ពឺរូបនេះ ក៏បានប្ដេជ្ញាថានឹងបន្តលើកកម្ពស់វិស័យធំ២ នៅខេត្តកំពង់ស្ពឺ ពោលគឺវិស័យឧស្សាហកម្ម និងវិស័យទេសចរណ៍ ខណៈវិស័យទាំង២នេះ បាន និងកំពុងដើរតួរជាស្នូលដ៏សំខាន់ ក្នុងការទាក់ទាញអ្នកវិនិយោគជាបន្តបន្ទាប់៕