ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ទីផ្សារដីឡូត៍សម្រាប់សាងសង់ផ្ទះលំហែរកាយ នឹងងើបឡើងខ្លាំង ក្រោយវិបត្តិកូវីដ១៩ បញ្ចប់នាពេលខាងមុខនេះ ដោយសារហេតុផលមួយចំនួន។
លោកឆម ចំរើនអគ្គនាយកក្រុមហ៊ុន Atsolutions Properties & Investment PLC បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារដីឡូត័សម្រាប់សាងសង់ផ្ទះលំ ហែរ នៅតាមបណ្តាខេត្តកៀកនឹងរាជធានីភ្នំពេញ ពិសេសតំបន់ឆ្នេរដូចជាខេត្តកំពត កែប កោះកុង ព្រះសីហនុជាដើម មានតម្រូវការខ្ពស់រួចទៅហើយ ក្រោយរលកទី១និងទី២នៃវិបត្តិកូវីដនៅកម្ពុជា។
លោកបន្តថា “កំណើននៃការទិញដីឡូត៍ប្រភេទនេះ ដោយសារប្រជាជនមិនអាចចេញដំនើរទៅកំសាន្តនៅបរទេសបាន អញ្ចឹងពួកគេបង្វែរមករកកន្លែងលំហែរ ក្នុងស្រុក ដោយទិញដី ឬផ្ទះលំហែដែលសាងសង់ស្រាប់ នៅតាមមូលដ្ឋានខាងលើ” ។ លោកបន្តថា “ទំហំដី២០គុណនឹង៣០ម៉ែត្រ និងទំហំ៥០គុណ១០០ម៉ែត្រ នៅតាមតំបន់ភ្នំ ដែលមានទេសភាព ខ្យល់អាកាសបរិសុទ្ឋ ទទួលបានការទិញច្រើនពីអតិថិជន” ។
លោកឆម ចំរើន បានសម្តែងសុទិដ្ឋិនិយមថា ទីផ្សារនេះនឹងបន្តរីកចម្រើនរយៈពេលវែងបន្តទៀត ដោយសារប្រជាជនកម្ពុជាចូលចិត្តកំសាន្ត ប្រាក់ចំណូលមានការកើនឡើង ពិសេសក្រោយពេលវិបត្តិកូវីដបញ្ចប់ ទីផ្សារដីឡូត៍បែបនេះ នឹងមានតម្រូវការខ្ពស់បន្ថែមទៀតនាពេលអនាគត។
តំបន់ជើងភ្នំបូកគោ ជាទីតាំងមួយមានភាពស័ក្តសម សម្រាប់សាងសង់ផ្ទះលំហែរ ដោយសារមានទេសភាព ខ្យល់អាកាសបរិសុទ្ឋ និងមានចម្ងាយជិតរាជធានីភ្នំពេញ នៅពេលផ្លូវជាតិលេខ៣សាងសង់បញ្ចប់នៅខែកញ្ញាខាងមុខនេះ។
លោក Color Tan អគ្គនាយកក្រុមហ៊ុន Youngsia Real Estate បានមានប្រសាសន៍ថា តំបន់ជើងភ្នំបូកគោ កំពុងមានសក្តានុពលលើផ្នែកនេះ ដោយសារហេតុផលជាច្រើន ទី១ ជាតំបន់ស្ថិតនៅជើងភ្នំ ដែលមានព្រៃឈើ ទេសភាពខៀវស្រងាត់ ជិតដងព្រែក និងមានខ្យល់អាកាសបរិសុទ្ឋ ជាពិសេសគំរោងនេះ ស្ថិតនៅកណ្តាលទីក្រុងបូកគោ ដែលស ម្តេចតេជោ ទើបអនុម័តកាលពីពេលថ្មីៗនេះ។
លោកបានលើកសរសើរគម្រោងដីឡូត៍បូកគោលែនដ៏ ដែលអ្នកអិវឌ្ឍន៍បានរៀបចំហេដ្ឋារចនាសម្ព័ន្ឋរួចជាស្រេច ដូចជា ផ្លូវចូលគំរោងទំហំ១៨ម៉ែត្រ មានតបណ្តាញទឹកស្អាត អគ្គិសនី ប្រព័ន្ឋលូធំ នៅតាមក្បាលដីនិមួយៗរួចស្រេច ដែលអ្នកចង់ទិញសម្រាប់សាងសង់ផ្ទះ លំហែរកាយមានភាពងាយស្រួល មិនពិបាករត់ការនាំមកនូវភាពស្មុគ្រស្មាញផងដែរ។
លោកបានបន្តថា ជាមួយគ្នានេះ តាមលោកដឹងគំរោងបូកគោលែនដ៏ ក៏បាននិងកំពុងសាងសង់់ ហាងកាហ្វេជាផ្ទះយន្តហោះ នៅពីមុខគំរោងនេះមានផ្ទះអាជីវកម្ម ដែលអាចប្រកបមុខរបរបាន ព្រោះគំរោងនេះស្ថិតនៅចម្ងាយ២០០ម៉ែត្រប៉ុណ្ណោះ ពីខ្លោងទ្វារចូលរមណីយដ្ឋានភ្នំបូកគោ ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុនសុខាគ្រុប។
ជាមួយគ្នានេះ លោកបណ្ឌិតគីម ហ៊ាង ប្រធាន KW Cambodia បានមានប្រសាសន៍៍ថា តំបន់ជើងភ្នំបូកគោមានលក្ខណៈអំណោយផលទាំងទីតាំងភូមិសាស្ត្រ អាកាធាតុ និងផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ហេតុនេះសក្តានុពលតំបន់នេះ ពិតជាមានភាពល្អប្រសើរ ប៉ុន្តែអ្វីៗត្រូវរង់ចាំសេដ្ឋកិច្ចដើរល្អឡើងវិញ នៅពេលជំងឺកូវីដ១៩បញ្ចប់ទៅ៕