ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគទៅលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់ មិនមែនសុទ្ធតែងាយទទួលបាននោះទេ បើយើងគ្មានចំណេះដឹងច្បាស់លាស់។

ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការវិនិយោគទៅលើវិស័យអចលនទ្រព្យ ប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់ មិនមែនសុទ្ធតែងាយទទួលបាននោះទេ បើយើងគ្មានចំណេះដឹងច្បាស់លាស់។

ផ្ទុយទៅវិញ ដើម្បីអាចគេចផុតពីហានិភ័យលើការវិនិយោគ ឬខាតបង់ទ្រព្យ និងពេលវេលាចាំបាច់ ត្រូវតែមានភាពប្រាកដប្រជា និងយល់ដឹងពីវិស័យមួយនេះឱ្យបានច្បាស់លាស់ ជៀសវាងការវិនិយោគដោយភាពប្រថុយប្រថាន។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានចែករំលែកពីចំណោះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន ពាក់ព័ន្ធទៅនឹងការវិនិយោគក្នុងវិស័យអចលទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់ ដើម្បីវិនិយោគលើអចលនទ្រព្យ ទទួលបានប្រាក់ចំណេញ អ្នកត្រូវវិនិយោគដោយមើលទៅលើស្ថានការណ៍ ពេលវេលា ស្ថានភាពផ្លូវទីតាំង និងសមស្របនឹងតម្រូវការជាក់ស្ដែង។
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យរូបនេះ ក៏បានលើកឡើងផងដែរថា “មិនមែនអ្នកមានលុយ ទិញអចលនទ្រព្យទុកលក់បន្តសុទ្ធ តែអាចមានឱកាសទទួលបានចំណេញនោះទេ ហើយបើអាចចំណេញក៏ត្រូវចំណាយពេលយូរ ឬច្រើនឆ្នាំ ឬចំណេញបានតិចតួច មិនស្មើនឹងការប្រាក់ដាក់នៅធនាគារក៏មានដែរ ប្រសិនបើការទិញអចលនទ្រព្យទាំងនោះ មិនត្រូវបានឆ្លងកាត់ការសិក្សា ការវិនិច្ឆ័យពីតម្រូវការពិតប្រាកដ ពោលគឺជាការវិនិយោគដោយភាពប្រថុយប្រថាន និងគ្មានជំនាញផ្បាស់លាស់” ។
លោកសុខនីមបានបញ្ជាក់ថា មុននឹងសម្រេចចិត្តទិញ ត្រូវអង្កេតតាមដានអចលនទ្រព្យគោលដៅគ្រប់ពេលវេលា ដើម្បីឱ្យដឹងពីអ្វីដែលបានកើនឡើង ក្នុងកន្លែងនោះឬតំបន់នោះថាតើ នឹងមានហាងលក់ដូរកំពុងសង់ ឬក៏មានគម្រោងសាងសង់អគារខ្ពស់ដែរឬទេ? ហើយត្រូវធ្វើផែនការគ្រប់យ៉ាងឱ្យបានហ្មត់ចត់ និងដំណើរការតាមជំហានមួយៗច្បាស់លាស់មុនពេលសម្រេចចិត្ត ដោយគិតតាមក្បួនខ្នាតឱ្យបានល្អិតល្អន់ជាមុន។ យើងត្រូវគិតថាទិញយកមកធ្វើអ្វី? បានផលតបស្នងត្រឡប់មកវិញប៉ុន្មាន ហើយអាចប៉ះពាល់ដល់លំហូរសាច់ប្រាក់ឬទេ។

លោកថា ទាំងនេះគ្រាន់តែជាចំណុចបឋម ដែលត្រូវយកចិត្តដាក់ពិចារណាមុនការសម្រេចចិត្តវិនិយោគ ដើម្បីចៀសផុតពីហានិភ័យ៕