ដោយៈ រ៉ាណេត
ភ្នំពេញៈ ស្ថិតនៅក្នុងបរិបទនៃសម័យកាលវិបត្តិកូវីដី១៩ ដែលកំពុងធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ប៉ះពាល់ដល់ការប្រកបអាជីវកម្ម ស្ទើរគ្រប់វិស័យក៏ដោយ ប៉ុន្តែសម្រាប់អ្នកវិនិយោគ ដែលមានភាពឆ្លាតវៃ ជាពិសេសអ្នករកស៊ីនៅក្នុងវិស័យដីធ្លី អាចមានវិធីយកលុយពីអ្នកដទៃដើម្បីវិនិយោគ ហើយអាចទទួលបានប្រាក់ចំណេញទាំងអស់គ្នា។

-->
ស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KEY Real Estate លោកសន សៀប បានមានប្រសាសន៍នៅថ្ងៃចុងសប្ដាហ៍នេះថា នៅក្នុងអំឡុងពេលកើតមានវិបត្តិសេដ្ឋកិច្ច ដែលបណ្តាលមកពីជំងឺកូវីដ១៩នេះ បានជះឥទ្ធិពលអាក្រក់ទៅដលើការប្រកបអាជីវកម្មជាច្រើន តាំងប្រភេទអាជីវកម្មខ្នាតធំ និងខ្នាតតូច ស្ទើរគ្រប់វិស័យ ដែលក្នុងនោះទីផ្សារអចលនទ្រព្យ ក៏ទទួលរងនូវសម្ពាធយ៉ាងធ្ងន់ធ្ងរផងដែរ។
លោកបន្តថា “នៅក្នុងពេលនេះ ម្ចាស់អាជីវកម្មភាគច្រើន សុទ្ធតែទទួលរងនូវផលប៉ះពាល់ដូចគ្នា ជាពិសេសក្នុងកំពុងពេលជាង១ខែចុងក្រោយនេះ រហូតមានម្ចាស់អាជីវកម្មខ្លះ កើតមានបញ្ហាចរន្តសាច់ប្រាក់បន្ទាន់ ឬមានធុរៈចាំបាច់ណាមួយដូចជាដោះស្រាយទៅលើប្រាក់ខែបុគ្គលិក រួមជាមួយនឹងការសងត្រឡប់ ទៅនឹងបំណុលធនាគារជាដើមរហូតអាចប្រកាសលក់អចលនទ្រព្យ នៅទីតាំងណាមួយក្នុងតម្លៃក្រោយទីផ្សារ ដើម្បីងាយស្រួលលក់ចេញ” ។
រូបភាពដែលបានលើកឡើងខាងលើនេះ បានបង្ហាញឱ្យឃើញពីវិបត្តិហិរញ្ញវត្ថុរបស់ម្ចាស់អាជីវកម្ម ដែលជាម្ចាស់អចនទ្រព្យ ដែលត្រូវបានប្រកាសលក់ក្នុងតម្លៃក្រោមទីផ្សារ ប៉ុន្តែវាក៏ជាឱកាសល្អ សម្រប់អ្នកវិនិយោគនៅក្នុងវិស័យនេះផងដែរ។ ក្នុងករណីនេះ អ្នកមានលុយគ្រប់គ្រាន់កាន់តែមានឱកាស ប៉ុន្តែសម្រាប់អ្នកវិនិយោគ ដែលគ្មានលុយក្នុងដៃគ្រប់គ្រន់ ក៏នៅតែមានឱកាសដូចគ្នា ដោយការប្រើវិធីសាស្ត្រយកលុយពីអ្នកដទៃ ឬកម្ចីពីធនាគារដើម្បីវិនិយោគ ហើយទទួលយកប្រាក់ចំណេញ ត្រឡប់មកវិញទាំងអស់ គ្នា។
លោកសន សៀប បានបញ្ជាក់ថា “ប្រសិនបើយើងជាអ្នករកស៊ី នៅក្នុងវិស័យដីធ្លីពិតប្រាកដ មានបទពិសោធន៍ និងមានចំណេះដឹងពាក់ព័ន្ធ នឹងទីផ្សារច្បាស់លាស់គឺពិតជាអាចមើល ដឹងពីឱកាសដែលអាចទទួលបានចំណេញ ពីការទិញអចលនទ្រព្យដែលមានតម្លៃក្រោយទីផ្សារជាមិនខាន” ។ លោកបន្តថា “ក្រោយពេលមើលឃើញពីឱកាស ការសម្រេចចិត្ត ស្វែងរកទុនបន្ថែមអាចមិនពិបាកនោះទេ ដោយអាចមានប្រភពពីសាចញាតិ មិត្តភ័ក្ដិអ្នករួមអាជីព ឬអាចជាកម្ចីពីធនាគារ ដោយការប្រៀបធៀបទៅលអត្រាការប្រាក់ ដែលត្រូវចំណាយត្រឡប់ និងកម្រិតនៃប្រាក់ចំណេញ ដែលទទួលបានមមកវិញ” ។
ដូច្នេះ ទោះជាយើងគ្មានលុយគ្រប់គ្រាន់នៅនឹងដៃ ប៉ុន្តែក៏អាចយកលុយពីអ្នកដទៃមកវិនិយោគយកចំណេញបានដូចគ្នា។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ Century21 Advance បានទទួលស្គាល់ ទៅនឹងការលើកឡើងខាងលើនេះ ប៉ុន្តែសម្រាប់អ្នកដែលអនុវត្តនូវវិធីសាស្ត្រមួយនេះចាំបាច់ ត្រូវតែមានជំនាញក្នុងការវាយតម្លៃ និងស្គាលើពីសន្ទុះទីផ្សារអចលនទ្រព្យយ៉ាងច្បាស់លាស់ ដែលមិនមែនធ្វើឡើងដោយភាពប្រថុយប្រថាននោះទេ។

លោកបានបន្តថា “រាល់ការស្វែងរកប្រភពទុនបន្ថែម សម្រាប់វិនិយោគដោយប្រាក់កម្ចីទាំងខាងក្រៅ និងផ្នែកធនាគារគឺសុទ្ធតែជាការបង្កើតបំណុល រួមជាមួយនឹងការទទួលខុសត្រូវទៅលើអត្រាការប្រាក់” ។ លោកបន្តថា “ដូច្នេះមិនពេលសម្រេចចិត្តអនុវត្តនូវវិធីសាស្ត្រនេះ ត្រូវតែមានភាពប្រាកដប្រជា មានការគណនាទៅលើអត្រាការប្រាក់ លទ្ធភាពនៃការបង្វែរសាច់ប្រាក់ សងត្រឡប់ទៅធនាគារមុនពេលលក់ រួមជាមួយនឹងក្ដីរំពឹងទៅលើប្រាក់ចំណូល ដែលអាចទទួលបានពីការចំណេញ ក្រោយការលក់ចេញឱ្យបានច្បាស់លាស់ ជៀសវាងជួបវិបត្តិណាមួយដែលកើតមានខុសពីការគិត” ៕