ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលដែលការប្រកួតប្រជែងនៅតែបន្តកើនឡើង និងកំណើនប្រាក់ឈ្នួលជាបញ្ហាប្រឈមមួយ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងនូវបញ្ហាប្រឈម និងកត្តាអំណោយផលមួយចំនួន ដែលកម្ពុជានៅតែទាក់ទាញការវិនិយោគពីអន្តរជាតិ។
សម្តេចតេជោហ៊ុន សែនបានមានប្រសាសន៍ក្នុងជំនួបជាមួយកម្មករ និយោជិតជាង២ម៉ឺននាក់ នៅក្នុងខេត្តកំពង់ឆ្នាំងនាព្រឹកថ្ងៃទី២៨ មិថុនានេះដោយសម្តេចបានលើកជាសំណួរថា ហេតុអីបានជាអ្នកវិនិយោគ នៅតែបន្តមកវិនិយោគនៅកម្ពុជា ជាប្រទេសមានប្រាក់ឈ្នួលខ្ពស់ជាងគេ តម្លៃអគ្គិសនីថ្លៃជាងគេ និងហេដ្ឋារចនាសម្ព័ន្ឋក៏មិនល្អជាងគេដែរ? សម្តេចបានថ្លែងថា កត្តាសន្តិភាព ស្ថិរភាពនយោបាយ ជាការផ្តល់ទំនុកចិត្តរយៈពេលវែងសម្រាប់អ្នកវិនិយោគ។ លើសពីនោះកម្ពុជាអនុញ្ញាត្តឲ្យជនបរទេសបោះទុនវិនិយោ គ១០០ភាគរយ ដោយមិនចាំបាច់ចាប់ដៃគូជាមួយអ្នកវិនិយោគក្នុងស្រុកឡើយ។
សម្តេចបន្តថា ប្រទេសដែលអាចទាក់ទាញរោងចក្រពីកម្ពុជា រួមមាន បង់ក្លាដេស ឥណ្ឌា ឥណ្ឌូនេស៊ី វៀតណាម ភូមា និងប៉ាគីស្ថានជាដើម ដែលប្រទេសទាំងនេះមានតម្លៃកំលាំងពលកម្មទាបជាងកម្ពុជា ប៉ុន្តែដើម្បីជីវភាពកម្មករ និងដើម្បីជំរុញឲ្យកម្មករទទួលបានប្រាក់ខែអប្បរិមា១៧០ដុល្លារក្នុងមួយខែ រដ្ឋាភិបាលត្រូវធ្វើការងារពីរជាមួយរោងចក្រ សហគ្រាសទាំងនោះ រួមមាន ទី១ រដ្ឋាភិបាលពន្យាពេលយកពន្ឋកាត់ទុករហូតដល់ឆ្នាំ២០២២ និងទី២ ឈប់ទទួលយកកម្រៃពីការនាំចេញ ដែលការសម្រួលលើផ្នែកទាំងពីរនេះធ្វើឲ្យរដ្ឋាភិបាលបាត់ចំណូល៨០លានដុល្លារក្នុងមួយឆ្នាំ។
សម្តេចតេជោហ៊ុន សែនបានបន្តថា កាលពីឆ្នាំ១៩៩៧កម្ពុជាមានរោងចក្រតែ៦៤ប៉ុណ្ណោះ និងប្រាក់ឈ្នួលអប្បរិមាតែ៤០ដុល្លារក្នុងមួយខែ តែបច្ចុប្បន្នកម្ពុជាមានរោងចក្រ សហគ្រាសរុប១១៥៤ មានកម្មករ និយោជិតធ្វើការងារចំនួនជិត៧៨ម៉ឺននាក់ និងមានប្រាក់ឈ្នួលអប្បរិមាចំនួន១៧០ដុល្លារអាមេរិកក្នុងមួយខែ៕