ដោយ ដែន ចែងចាំង
ភ្នំពេញ៖ រដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមបោះជំហ៊ានកាន់តែវែងជាងមុន ដើម្បីរៀបចំមូលនិធិសម្រាប់សហគ្រិនភាព ដើម្បីជួយសម្រួលដល់ភាពលំបាកផ្សេងៗដល់អ្នកចាប់ផ្តើមអាជីវកម្មវ័យក្មេង។
រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោកវង្សី វិស្សុតបានមានប្រសាសន៍ ក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី “ការលើកកម្ពស់សហគ្រិនភាពនៅកម្ពុជា” នាព្រឹកថ្ងៃទី ២៩ ខែមិថុនាឆ្នាំ ២០១៨នេះថា ការបង្កើតមូលនិធិសហគ្រិនភាព ជាការដោះស្រាយ និងយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ទៅលើសហគ្រិនភាពកម្ពុជា ជាពិសេសសហគ្រាសធនតូចនិងមធ្យម រដ្ឋាភិបាលនឹងផ្ដល់ការជួយជាកញ្ចប់ ដល់បណ្ដាសហគ្រិនទាំងអស់អោយមានភាពរឹងមាំ។
-->
លោកបន្តថា “មូលនិធិសហគ្រិនភាព នឹងជួយដល់បណ្ដាសហគ្រិនក្នុងស្រុកទាំងអស់ជាពិសេស សម្រាប់សហគ្រាសធនតូច និងមធ្យមជាកញ្ចប់ដើម្បីអោយពួកគេមានភាពជោកជ័យ”។ លោកបន្តថា “ការជួយជាកញ្ចប់នេះផ្ដោតសំខាន់លើ ការជួយបង្កើនសមត្ថិភាពរបស់សហគ្រិនក្នុងស្រុក ដោយផ្ដល់ការសិក្សាបន្ថែមដល់ពួកគាត់ ស្វែងយល់ពីបញ្ហានានា និងវិធីដោះស្រាយជាដើម”។
រដ្ឋាភិបាលក៏គ្រោងជួយលើផ្នែកច្បាប់ទម្លាប់ ដោយមានការបន្ធូរបន្ថយពន្ធក្នុងទៅដល់សហគ្រាសផងដែរ ជាពិសេសគឺការជួយលើផ្នែកហិរញ្ញវត្ថុដល់ពួកគាត់ តែវាទាមទារអោយសហគ្រិនទាំងនោះ មានគុណភាពនិងសមត្ថភាពគ្រប់គ្រាន់ផងដែរ។
លោកវង្សី វិស្សុតបន្ថែមថា សព្វថ្ងៃសហគ្រិនវ័យក្មេងកម្ពុជា ហាក់នៅមានកង្វះខាតទំនាក់ទំនងជាមួយ សហគ្រិនជោគជ័យ ដើម្បីទទួលបានចំណេះដឹងបន្ថែមនៅឡើយ ដែលការផ្ទេរចំណេះដឹងនេះជារឿងសំខាន់ ដើម្បីដំណើរឆ្ពោះទៅរកការជោគជ័យខាងមុខ។ លោកបន្តថា ឯកឧត្តមចង់ឃើញមានការវិនិយោគពីកូនខ្មែរ មានការងើបឡើងខ្លាំង ដោយមិនត្រូវពឹងផ្អែកលើកការវិនិយោគពីបរទេសទាំងស្រុងនោះទេ ហេតុដូចនេះទើបរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់លើ សហគ្រាសធនតូចនិងមធ្យមក្នុងស្រុកជាខ្លាំង។
ទីប្រឹក្សាផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Market Consulting លោកង៉ែត ជូបានស្វាគមន៍គំនិតផ្តួចផ្តើមដ៏ប្រសើរនេះ ដោយលោកបានមានប្រសាសន៍ថា កន្លងមកមានការគិតគូរពីសហគ្រិនភាព ប៉ុន្តែមិនទាន់មានស្ថាប័នបែបនេះនៅឡើយ ហេតុនេះការបង្កើតមូលនិធិសហគ្រិនភាព ដើម្បីជួយសហគ្រិន និងជួយដល់អ្នកចង់ចាប់ផ្តើមអាជីវកម្មថ្មី ពិតជាមានសារៈសំខាន់ណាស់ ដើម្បីឲ្យពួកគេទទួលបានមូលនិធិ និងការបណ្តុះបណ្តាលផ្សេងៗ ដើម្បីធ្វើយ៉ាងណាឲ្យអាជីវកម្មរបស់ពួកគេទទួលបានជោគជ័យ ប្រកបដោយនិរន្តរភាព។
លោកបន្តថា “រដ្ឋាភិបាលគួរអញ្ជើញសហគ្រិនភាពជោគជ័យនានា ដើម្បីផ្តល់ជាគំនិតយោបល់ និងជួយលើការបណ្តុះបណ្តាលសហគ្រិននានា ហើយខ្ញុំត្រៀមខ្លួនជាស្រេចដើម្បីជួយការងារនេះ បើសិនជារដ្ឋាភិបាលត្រូវការ”។លោកបន្តថា “មូលនិធិនេះគួរដើរតួនាទីជាកន្លែងភ្ញាស់សហគ្រិនវ័យក្មេង ដើម្បីពួកគេអាចចាប់ផ្តើមជំនួញបាន និងទទួលបានជោគជ័យ”៕