រដ្ឋមន្ត្រីពាណិជ្ជកម្មថា ខ្មែរនឹងគាំទ្រផលិតផលខ្មែរកាន់តែច្រើន បើផលិតផលមានគុណភាព

0

ដោយ គង់ សូរិយា

ភ្នំពេញ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានអះអាងថា ប្រជាពលរដ្ឋខ្មែរ នឹងងាកមកគាំទ្រ ហើយប្រើប្រាស់រាល់ផលិតផលខ្មែរកាន់តែច្រើន នៅពេលណាដែលផលិតករ និងស​ហគ្រិនក្នុងស្រុកអាចផលិតទំនិញ ដែលមានគុណភាពខ្ពស់ជាមួយតម្លៃសមរម្យ។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីពាណិជ្ជកម្មបានមានប្រសាសន៍ក្នុងពិធីបើកព្រឹត្តិកា​រណ៍ពិព័រណ៍ផលិតផលខ្មែរ នៃយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៣ នៅខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨កន្លងមកនេះថា  ផលិតករទាំងអស់ត្រូវ បន្តខំប្រឹងអភិវឌ្ឍន៍គុណភាពផលិតផល ឲ្យបានកាន់តែប្រសើរថែមទៀត ដោយប្រើប្រាស់គំនិតច្នៃប្រឌិតទាំងបច្ចេកទេសផលិត ការវេចខ្ចប់ ការដាក់ម៉ាក និងការកំណត់តម្លៃ ព្រមទាំងធ្វើយុទ្ធសាស្ត្រទីផ្សារ ដើម្បីអាចប្រកួតប្រជែងជាមួយទំនិញនាំចូលពីបរទេស។

លោករដ្ឋមន្ត្រីបានលើកយកបញ្ហាប្រឈម និងលក្ខខណ្ឌដែលកម្ពុជាត្រូវបំពេញ ក្រោយចូលរួមនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបានពន្យល់អង្គពិធីអំពីវិធានការ​ណ៍រយៈពេលខ្លី ដែលរដ្ឋាភិបាលកំពុង អនុវត្តន៍ ដូចជាការយកពន្ធ និងការប្រើប្រាស់ច្បាប់ឧបាស្រ័យពាណិជ្ជកម្ម ដើម្បីទប់ស្កាត់ការហូរចូលនូវប្រភេទទំនិញ ដែលអាចបង្កផលប៉ះពាល់ដល់សុខមាលភាពប្រជាជននិងហានីភ័យចំពោះសេដ្ឋកិច្ចកម្ពុជា។

ទោះជាយ៉ាងណា លោកឧកញ៉ាតែ តាំងប៉ប្រធានសម្ព័ន្ឋសមាគមសហគ្រាសធុនតូច និងមធ្យមបានមានប្រ​សាសន៍ជំរុញឲ្យក្រសួងពាណិជ្ជកម្ម ទប់ស្កាត់ការនាំចូលផលិ​តផលពីបរទេស ដែលកំពុងវាយលុកទីផ្សារកម្ពុជា និងធ្វើឲ្យអាជីវករនៅតាមបណ្តាខេត្តមានការត្អូញត្អែរ ដោយសារទំនិញរបស់ថៃវាយដើរចែកចាយនៅតាមបណ្តាស្រុក នៃខេត្ត​និមួយៗយ៉ាងសកម្ម។លោកបន្តថា សកម្មភាពបែបនេះបាននិងកំពុងសម្លាប់ផលិតផលខ្មែរ ហេតុនេះទាមទារឲ្យក្រសួងយកចិត្តទុកដាក់។

លោកបន្តថា “ទោះជាយើងជាផ្នែកមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ានក្តី តែប្រទេ​សក្នុងតំបន់គេមានយន្តលការទប់ស្កាត់ផលិតផលយើង តាមរយៈការដាក់របាំងពាណិជ្ជកម្មនានា ហេតុនេះកម្ពុជាគួរតែអនុវត្តន៍បែបនេះ ដើម្បីឆ្លើយតបជាមួយប្រទេសទាំងនោះ​វិញ”។

ទាក់ទងនឹងគុណភាពផលិតផលខ្មែរ លោកឧកញ៉ាតែ តាំងប៉បានទទួលស្គាល់ថា ផលិតផលខ្មែរមានគុណភាពកាន់តែប្រសើរឡើង ប៉ុន្តែក៏មានផលិតករមួយចំនួនផលិត​មិនទាន់មានគុណភាពល្អប្រសើរផងដែរ ដែលទាមទារឲ្យអ្នកផលិតបង្កើនការយកចិត្តទុកដាក់ និងធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្លួនមានគុណភាពខ្ពស់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here