ដោយៈគង់ សូរិយា
ភ្នំពេញៈ រយៈពេល៥ខែនៃឆ្នាំ២០២១ ដែលជិតនឹងបញ្ចប់ហើយឈានចូលក្នុងខែថ្មី វិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអចលនទ្រព្យកម្ពុជា បានរងផលប៉ះពាល់យ៉ាងដំណំ ប៉ុន្តែតើអ្នកជំនាញនិយាយដូចម្តេចលើបញ្ហានេះ? ខណៈសុទិដិ្ឋនិយមចាប់ផ្តើមកើតមានជាបណ្តើរៗ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា(CVEA) លោកច្រឹក សុខនីមបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៣ ឧសភានេះថា ក្នុងរយៈពេល៥ខែនៃឆ្នាំ២០២១នេះ បញ្ហាប្រឈមក្នុងវិស័យនេះ គឺការលំបាកក្នុងការធ្វើដំណើររបស់វិនិយោគិនជាតិ និងអន្តរជាតិ ពិសេសក្នុងព្រឹត្តការណ៍២០កុម្ភៈ ដែលឈានដល់បិទខ្ទប់ការធ្វើដំណើរនេះ បានធ្វើឲ្យវិស័យនេះនិងវិស័យដទៃរងផលប៉ះពាល់ខ្លាំង។
-->
លោកបន្តថា “ក្នុងពេលប្រឈមនឹងបញ្ហានេះ វិស័យអចលនទ្រព្យមិនរងផលប៉ះពាល់ធ្ងន់ធ្ងរពេកនោះទេ គឺនៅតែឈរជើងបានរ៉ឹងមាំដដែល ប៉ុន្តែក្នុងវិបត្តិនេះ ក៏មានឱកាសមួយចំនួនផងដែរ”។លោកបន្តថា “ក្នុងពេលបញ្ហាប្រឈម យើងក៏ឃើញមានឱកាស ដោយអ្នកមានធនធាន ក៏អាចទិញអចលនទ្រព្យបានតម្លៃល្អផងដែរ”។
ទន្ទឹមនឹងនោះយើងក៏បានទទួលបទពិសោធន៍ថ្មី លើការប្រើប្រាស់បច្ចេកវិទ្យាទាក់ទងនឹងការទិញលក់ ដោះដូរក្នុងវិស័យអចលនទ្រព្យ ដោយអ្នកទិញលក់បានរៀបចំតាមប្រព័ន្ឋបច្ចេកវិទ្យាភាគច្រើនផងដែរ។
លោកច្រឹក សុខនីមបានបន្តថា “ភាពខ្លាំងរបស់វិស័យអចលនទ្រព្យមួយទៀត គឺគ្រឹះស្ថានហិរញ្ញវត្ថុនានា បានបន្តផ្តល់ឥណទានដល់វិស័យនេះផងដែរ ដែលធ្វើឲ្យវិស័យនេះនៅតែបន្តដំណើរទៅមុខ ទោះមិនលឿនដូចមុនពេលមានវិបត្តិក្តី”៕