លោកបណ្ឌិត គីម ហ៊ាង: មានកត្តាចំនួន៥បានជម្រុញធ្វើឲ្យដីឡើងថ្លៃ

0

ដោយ : គង់ សូរិយា
ភ្នំពេញ : ហេតុអីបានជាដីឡើងថ្លៃជាបន្តបន្ទាប់នៅកម្ពុជា? តើមានមូលហេតុអ្វីខ្លះនៅ​ពីក្រោយការឡើងថ្លៃតម្លៃដីធ្លីនៅក្នុងប្រទេសកម្ពុជា អ្នកជំនាញរបស់យើងបានបង្ហើបពីមូលហេតុដែលនាំឲ្យមានការកើនឡើងនូវតម្លៃព្រះធរណីនេះ។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ ឲ្យដឹងតាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា មានមូល​ហេតុនិងកត្តាសំខាន់ៗចំនួន៥ ដែលធ្វើឲ្យដីធ្លីឡើងថ្លៃ ទី១ កត្តានយោបាយៈ គឺសុខ​សន្តិភាព និងស្ថិរភាពនយោបាយជាផ្នែកមួយ ដែលធ្វើឲ្យតម្លៃដីធ្លីកើនឡើង ព្រោះបើសិនជាប្រទេសយើងគ្មានសន្តិភាព និងស្ថិរភាពនយោ​បាយ ក៏មិនមានអ្នកវិនិយោគចូលមកដែរ ហើយដីក៏មិនឡើងថ្លៃដែរ។ ទី២កត្តាសេដ្ឋកិច្ចៈ សេដ្ឋកិច្ចពិតជាមានសារៈសំខាន់ ព្រោះបើសេដ្ឋកិច្ចមិនកើនឡើង ប្រជាពលរដ្ឋក៏មិនមាន​ប្រាក់ចំណូលកើនឡើងដែរ ហើយអ្នកវិនិយោគបើពួកគេ មិនអាចរកផលចំណេញបាន ពួកគេក៏មិនមកវិនិយោគផងដែរ។
ទី៣ កត្តាពាណិជ្ជកម្ម និងសេដ្ឋកិច្ចមូលដ្ឋានៈ តាមធម្មតាពេលតំបន់ណាមួយគ្មាន​សកម្មភាពពាណិជ្ជកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍទេ ដីធ្លីក៏មិនឡើងថ្លៃនោះទេ។

ផ្ទុយទៅវិញ បើសិនជាតំបន់ណាមួយនោះមានសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្មផុសផុល តម្លៃដីធ្លី​នឹងកើនឡើងជាស្វ័យប្រវត្តិមិនខាន។ ទី៤ កត្តាប្រជាសាស្រ្តៈ ធម្មតាតម្លៃដីធ្លីមិនកើនឡើង​នៅទីវាលរហោស្ថាន ដែលស្ងប់ស្ងាត់ និងគ្មានមនុស្សរស់នៅច្រើននោះទេ បើទោះ​ជាកើនឡើង ក៏មិនកើនឡើងខ្លាំងដែរ ព្រោះថាទីណាមានមនុស្សច្រើន សកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនឹងកើនមាននៅតំបន់នោះ ហើយពេលណាសកម្មភាពពាណិជ្ជកម្មកើនឡើង តម្លៃដីធ្លីក៏កើនឡើងផងដែរ។
ទី៥ កត្តាហេដ្ឋារចនាសម្ព័ន្ឋៈ ជាការពិតហេដ្ឋារចនាសម្ព័ន្ឋជាផ្នែកមួយសំខាន់ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម
ព្រោះតំបន់ណាមួយមិនមានហេដ្ឋារចនាសម្ព័ន្ឋច្បាស់លាស់ ដីធ្លីនិងសកម្មភាពពាណិជ្ជកម្មនឹងមិនមានភាពប្រសើរនោះទេ។
ជាក់ស្តែងផ្លូវជាតិលេខ៦អា ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ក្រោយពេលរដ្ឋាភិបាលប្រកាសពង្រីកសកម្មភាណនៃការអភិវឌ្ឍន៍បានកើនឡើង ហើយតម្លៃដីធ្លីក៏បានកើនខ្ពស់លើសការរំពឹងទុកផងដែរ។ លោកគីម ហ៊ាងបញ្ជាក់ឲ្យដឹង៕

LEAVE A REPLY

Please enter your comment!
Please enter your name here