ដោយៈ ម៉ាណេត
ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ ពិសេសដីធ្លី លំនៅដ្ឋាន និងខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ ដែលបង្ហាញពីសញ្ញាកម្រើកវិញ នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

ដោយៈ ម៉ាណេត
ភ្នំពេញៈ ការទិញលក់អចលនទ្រព្យ ពិសេសដីធ្លី លំនៅដ្ឋាន និងខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗ ដែលបង្ហាញពីសញ្ញាកម្រើកវិញ នៃវិស័យអចលនទ្រព្យនៅកម្ពុជា។

ស្ថានភាពកំពុងងើបទៅរកភាពល្អប្រសើរបណ្តើរៗវិញនេះ បានកើតឡើងបន្ទាប់ពី រដ្ឋាភិបាលបានបញ្ចប់ការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាលហើយ ចាប់ពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១ និងបន្ធូរបន្ថយការធ្វើដំណើររបស់ប្រជាជន។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា បានថ្លែងប្រាប់ក្នុងសប្តាហ៍នេះថា វិនិយោគិនក្នុងវិស័យអចលនទ្រព្យ ចាប់ផ្តើមពិចារណា និងសិក្សាឡើងវិញបណ្តើរៗ និងទទួលយកព័ត៌មាន ដែលយើងផ្តល់ឱ្យពួកគាត់ ហើយយើងក៏ចាប់ផ្តើមធ្វើបច្ចុប្បន្នមួយចំនួនជូនវិនិយោគិនមួយចំនួន។
លោកបានថ្លែងថា “វិនិយោគិនភាគច្រើន សម្លឹងមើលលើវិស័យដីធ្លី និងផ្ទះ (លំនៅដ្ឋាន) បន្ទាប់ពីរដ្ឋាភិបាលចាប់ផ្តើមបន្ធូរបន្ថយ ការធ្វើដំណើររបស់ប្រជាជន” ។ លោកបានលើកឡើងថា “នេះជាសញ្ញាមួយល្អសម្រាប់វិស័យអចលនទ្រព្យ ដែលអ្នកវិនិយោគបង្កើនសកម្មភាពទិញលក់ និងវិនិយោគឡើងវិញ បន្ទាប់មានភាពស្ងប់ស្ងាត់ មួយរយៈពេលខ្លី” ។

បន្ទាប់ពីធ្វើបច្ចុប្បន្នភាពទីផ្សារអលនទ្រព្យ តម្លៃអចលនទ្រព្យមិនសូវមានសម្រាប់អតិថិជន ហើយតម្លៃអចលនទ្រព្យរក្សាភាពថ្លៃ និងនៅទ្រឹងដដែល។
ទាក់ទងនឹងវិស័យខុនដូ អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ ERA Cambodia លោកខន គង្គា មានប្រសាសន៍ថា បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ការទិញលក់ខុនដូចាប់ផ្តើមមានសកម្មភាពឡើងវិញជាបណ្តើរៗហើយ។
លោកបានថ្លែងថា “បើទោះបីអំឡុងការបិទខ្ទប់ភូមសាស្ត្រភ្នំពេញ និងក្រុងតាខ្មៅ នៅតែមានអ្នកទិញ ឬវិនិយោគិនមួយៗ ធ្វើការកក់តាមអនឡាញ ប៉ុន្តែល្បឿននៃការកក់ឬទិញមិនលឿនដូចការបើកចំហរនោះទេ” ។ លោកថ្លែងបន្តថា “បន្ទាប់ការបញ្ចប់ការបិទខ្ទប់ ភ្ញៀវខ្ញុំផ្ទាល់តែម្តងចាប់ផ្តើមចេញមកចុះកុងត្រា និងបន្តកក់ជាបណ្តើរ” ។
លោកបានបន្តថា អ្នកដែលមានធនធានល្អ ឬលំហូរសាច់ប្រាក់វិជ្ជមានគួរវិនិយោគលើខុនដូនាពេលនេះ គឺពេលល្អសម្រាប់វិនិយោគលើខុនដូ។
លោកគង្គាបានបញ្ជាក់ថា “វាមិនមានឱកាសណាល្អជាងពេលនេះទេ ដោយសារតែអំឡុងពេលកូវីដ១៩ តម្លៃខុនដូនៅតែរក្សាតម្លៃដើម ដោយមិនការឡើងថ្លៃ និងការបង់ប្រាក់ក៏មានការបត់បែន ហើយនាពេលតម្លៃខុនដូឡើងថ្លៃ ក្រោយកូវីដ១៩ ដែលនឹងផ្តល់ផលចំណេញដល់អ្នកវិនិយោគ” ។
លោកចេ សុន (លោកដង្ខៅ ) ជាអ្នកអភិវឌ្ឍន៍ដីឡូត៍មួយរូបបានឱ្យដឹងថា ចាប់តាំងពីមានការរីករាលដាលនៃកូវីដ១៩ ក្នុងឆ្នាំ២០២១ និងឈានដល់ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅមក សកម្មភាពពុះដីឡូត៏ និងការលក់មិនសូវមានដូចពីមុនឡើយ និងមានភាពស្ងប់ស្ងាត់។
លោកបានថ្លែងបន្តថា “ក្រោយពេលរដ្ឋាភិបាល ប្រកាសបើកដំណើរការឡើងវិញមានប្រជាពលរដ្ឋជាច្រើន ក៏បានចាប់ផ្ដើមស្វែងរកដីធ្លី សម្រាប់ទុកសង់ផ្ទះឬទិញទុកលក់ចំណេញនៅអនាគតឡើងវិញ ដែលធ្វើឱ្យសកម្មភាពនៃការពុះដីឡូត៏ និងការទិញលក់ចាប់ផ្ដើមកម្រើកជាងកាលពីមុនបន្តិច” ។
លោកចេ សុនបានឱ្យដឹងទៀតថា កាលពីពេលបិទខ្ទប់អ្នកដែលទិញដីឡូត៍ ភាគច្រើនជាពលករចំណាកស្រុក នៅក្រៅប្រទេសដូចជានៅកូរ៉េ នៅថៃជាដើម ហើយគេទិញដោយកក់លុយតាមធនាគារ ឬតាមវីងតាមភ្នាក់ងារវេរលុយជាដើម។ ប៉ុន្តែពេលបញ្ចប់ការបិទខ្ទប់ ពលរដ្ឋនៅក្នុងស្រុក ដូចជា នៅរាជធានីភ្នំពេញក៏ចាប់ផ្ដើមធ្វើដំណើរ និងទៅមើលទីតាំងគម្រោងអភិវឌ្ឍន៍ធ្វើឱ្យសកម្មភាពនៃការពុះ និងលក់ដីងើបបន្តិចឡើងវិញ យ៉ាងណាក៏ដោយក៏ វាមិនដូចនឹងមុពេលមានវិបត្តិ នៃព្រឹត្តិការណ២០កុម្ភៈ ២០២១នោះដែរ។
លោកបន្ថែមថា បើនិយាយជាទូទៅអ្នកអភិវឌ្ឍន៍ដ៏ឡូត៍មួយចំនួនធំ បានបាត់មុខបាត់មាត់ ដោយមិនឃើញចុះមកអភិវឌ្ឍគគ្រឹកគគ្រេង ដូចមុនទៀតឡើយ តែមានមួយចំនួនតូចនៅតបន្តសកម្មភាពរបស់ខ្លួន ទោះបីជាមានភ្ញៀវមកទិញតិចតួចជាងមុនក្ដី៕