ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៨ បានរកឃើញសហគ្រិនវ័យក្មេងឆ្នើមចំនួន៥រូបហើយ ដែលពួកគេមានស្នាដៃឆ្នើមលើអាជីវកម្ម និងមានផ្នត់គំនិតបង្កើតអ្វីដែលថ្មី។
កម្មវិធីនេះត្រូវបានរៀបចំដោយ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI) សាខាមេគង្គ និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC)។
សហគ្រិនវ័យក្មេងកម្ពុជា ទាំង៥រូបនោះរួមមាន ទី១ឈ្មោះគៀត អភិវឌ្ឍន៍ទទួលបានពានឆ្នើម ទី២ ឈ្មោះ ផាវ ដារ័ត្ន ពានរង្វាន់សង្គម ទី៣ ខេង វ៉ានដា ពានរង្វាន់ បច្ចេកវិទ្យា ទី៤ ឈ្មោះ ថូង ធីតា ពានរង្វាន់ សហគ្រិនឆ្នើមស្រ្តី ទី៥ ឈ្មោះ វី ថានី ពានរង្វាន់ អាជីវកម្មទើបបង្កើតថ្មី។
ម្ចាស់ពានរង្វាន់ទាំង៥រូប ក្រោយពីទទួលបានពានរង្វាន់ នឹងបន្តយកបទពិសោធន៍ ដែលខ្លួនមានទៅអភិវឌ្ឍន៍ក្រុមហ៊ុន និងបន្តចែករំលែកបទពិសោធន៍របស់ពួកគេដល់សង្គម ហើយមិនតែប៉ុណ្ណោះ នឹងបោះជំហ៊ានទៅកាន់ឆាកអន្តរជាតិផងដែរ។
អ្នករៀបចំកម្មវិធីនេះបានអះអាងថា ការផ្តល់ពានរង្វាន់នេះបានធ្វើឡើងដោយគណកម្មការវាយតម្លៃ ដែលមានឯករាជ្យភាព ដើម្បីធ្វើយ៉ាងណាឲ្យការផ្តល់ពានរង្វាន់នេះមានភាពយុត្តិធ៌ម តម្លាភាពនិងឯករាជ្យ៕