ដោយៈសុខុម
ហុងកុង: ថ្លៃឈ្នួលផ្ទះប្រណីតនៅតំបន់ The Peak ដែលជាតំបន់អចលនទ្រព្យមានហាងឆេងខ្ពស់បំផុតប្រចាំក្រុងហុងកុង កំពុងតែហក់ឡើងខ្ពស់មិនធ្លាប់មានជាប្រវត្តិសាស្ត្រ។
យោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅថ្ងៃទី១៤ ឧសភា នេះឱ្យដឹងថា ផ្ទះវីឡាដាច់ពីគេមួយ ដែលមានផ្ទៃក្រឡាសរុប៦៥២ម៉ែត្រការ៉េ នៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានគេជួលកាលពីពេលថ្មីៗនេះ ក្នុងតម្លៃខ្ពស់កប់ពពករហូតដល់ទៅ១,៦លានដុល្លារហុងកុង (២០៦,០០០ដុល្លារអាមេរិក) ក្នុងមួយខែ ដោយធ្វើឱ្យវាក្លាយជាផ្ទះ ដែលមានថ្លៃឈ្នួលខ្ពស់បំផុតនៅក្រុងហុងកុង ប្រចាំឆ្នាំ២០២១។
-->
យោងតាមភ្នាក់ងារអចលនទ្រព្យក្នុងស្រុកឱ្យដឹងថា ផ្ទះវីឡាប្រណីតដែលស្ថិតនៅតាមបណ្ដោយផ្លូវភ្នំ73 Mount Kellett Road ត្រូវបានជួលក្នុងតម្លៃប្រមាណ១,៦លានដុល្លារហុងកុង។ ទោះជាយ៉ាងណា អត្តសញ្ញាណរបស់អ្នកជួល មិនត្រូវបានទម្លាយឱ្យដឹងនោះទេ ព្រោះវាជាការសម្ងាត់។ ផ្ទះវីឡានេះកម្មសិទ្ធិរបស់ក្រុមហ៊ុនវិនិយោគ Giant Expert Investments ដែលនាយកក្រុមហ៊ុននេះមានឈ្មោះថា Yau Ka-cheung។

លោកEric Lee នាយកផ្នែកលក់ប្រចាំទីភ្នាក់ងារអចលនទ្រព្យ Centaline Property Agency បានលើកឡើងថា “ផ្ទះនេះប្រសិនបើដាក់លក់លើទីផ្សារ អាចនឹងលក់បានថ្លៃ១ពាន់លានដុល្លារហុងកុង (ជិត១២៩លានដុល្លារអាមេរិក)”។
លោកបានគូសបញ្ជាក់ថា ផ្ទះដែលអាចចតរថយន្តបានពីចន្លោះពី២០ ទៅ៣០គ្រឿង និងស័ក្ដិសមសម្រាប់ថៅកែក្រុមហ៊ុនធំៗ ដែលចូលចិត្តទទួលភ្ញៀវបែបនេះ ពិតជាកម្ររកបានណាស់។
លោកបានបន្ថែមទៀតថា “លុយ១លានទៅ២លានដុល្លារហុងកុង គ្រាន់តែជាកាកលុយប៉ុណ្ណោះសម្រាប់ពួកគេ”។
កាលពីមុន ផ្ទះដែលមានបន្ទប់គេងចំនួន៥ និងមានសួនច្បារមួយនេះត្រូវបានជួលក្នុងតម្លៃ១លានដុល្លារហុងកុង (ជិត១៣០.០០០ដុល្លារអាមេរិក) កាលពីខែធ្នូ ឆ្នាំ២០១៨។ ម្ចាស់បច្ចុប្បន្នបានទិញផ្ទះនេះក្នុងតម្លៃ៤៥៤,៨លានដុល្លារហុងកុង (ជាង៥៨លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០១០។
ទោះជាយ៉ាងណា ទាំងក្រុមហ៊ុន Giant Expert Investments និងលោក Yau Ka-cheung មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញផ្ទះនេះ៕