ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ អ្នកជំនាញបានអះអាងថា ដីធ្លីនៅកម្ពុជានៅតែមានឱកាសឡើងថ្លៃរយៈពេល១០ឆ្នាំខាងមុខទៀត ដោយសារកត្តាសំខាន់ៗជាច្រើន ដែលបាននិងកំពុងហុចផលច្រើនដល់អ្នកវិនិយោគក្នុងវិស័យនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹង ក្នុងកិច្ចសម្ភាសន៍ពិសេសកាលពីម្សិលម៉ិញនេះថា នៅកម្ពុជាដីធ្លី ជាផ្នែកសំខាន់និងមានភាពសកម្មជាងគេ ក្នុងចំណោមផ្នែកផ្សេងៗទៀតក្នុងវិស័យអចលនទ្រព្យ ដោយសារដីធ្លីទទួលបានផលចំណេញខ្ពស់ ពីការវិនិយោគ។
លោកបន្តថា “តម្លៃដីធ្លីនៅកម្ពុជា នឹងបន្តកើនឡើងរយៈពេល១០ឆ្នាំខាងមុខទៀត ដោយសារមានការគាំទ្រពីផ្នែកជាច្រើន” ។
កំណើនតម្លៃដីធ្លី ដែលនឹងកើនឡើងរយៈពេលវែងខាងមុខ ដោយសារទី១ មានការគាំទ្រ ពីវិស័យធនាគារ និងហិរញ្ញវត្ថុ ទី២ ការគាំទ្រនិងដាក់ចេញគោលនយោបាយយ៉ាងត្រឹមត្រូវរបស់ប្រមុខរដ្ឋាភិបាល ទី៣ តម្លៃដីនៅកម្ពុជា នៅមានកម្រិតទាបធៀបនឹងប្រទេសក្នុងតំបន់ ទី៤ នៅកម្ពុជារដ្ឋាភិបាលមិនទាន់ មានការបែងចែកហ្សូនច្បាស់លាស់ថាត្រូវធ្វើអ្វីមួយ ដែលធ្វើឲ្យមានភាពងាយស្រូលក្នុងការទិញលក់ ទី៥ កំណើនប្រជាពលរដ្ឋ និងការហូរចូលនូវការវិនិយោគពីអន្តរជាតិ និងទី៦ កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូលកើ់នឡើង។នេះបើតាមការបញ្ជាក់របស់លោកច្រឹក សុខនីម។
លោកបន្តថា ទោះជាក្នុងវិបត្តិកូវីដ១៩ ដែលមិនទាន់បានបញ្ចប់ក្តី ប៉ុន្តែទីផ្សារអចលនទ្រព្យកម្ពុជា មិនរងគ្រោះធ្ងន់នោះទេ ពិសេសផ្នែកដីធ្លីនៅតែមានការទិញលក់ គ្រាន់តែសកម្មភាពបានថមថយជាងមុន ពិសេសតម្លៃមិនថយចុះនោះទេ លើកលែងតែករណីម្ចាស់ដីជាប់គាំងក្នុងបំណុល ឬលំហូរសាច់ប្រាក់៕