ដោយៈសហការី
ភ្នំពេញៈក្រុមអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យ សុទ្ធតែបានបង្ហាញពីភាពសុទិដ្ឋិនិយមទៅលើតំបន់ជាយក្រុងនានា ជាពិសេសតំបន់ដែលមានចម្ងាយចន្លោះ៣០-៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិសំខាន់ៗចំនួន៤ រួមមានផ្លូវជាតិលេខ១ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៦A ។
តំបន់ដែលស្ថិតនៅជាប់រាជធានីភ្នំពេញ ឬតំបន់ជាយក្រុងស្ទើរគ្រប់ទីកន្លែង គឺកំពុងតែមានតម្រូវការទីផ្សារដីធ្លីយ៉ាងផុសផុល សម្រាប់អភិវឌ្ឍជាវិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម រោងចក្រ សហគ្រាស និងឃ្លាំង ដែលកាន់តែជំរុញឱ្យតម្លៃដី នៅតំបន់ទាំងអស់នេះ មានការកើនឡើងជាប់ជាប្រចាំ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amatak Property Service លោកស្រី តាំង ហួរបានមានប្រសាសន៍ថា សក្ដានុពល និងតម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាតម្លៃនៅលើទីផ្សារគឺមិនដូចគ្នានោះទេ ដែលវាក៏អាស្រ័យទៅតាមតំបន់ អភិវឌ្ឍន៍នៃវិស័យនីមួយៗផ្សេងគ្នា។
លោកស្រីបន្តថា “តាមបទពិសោធន៍ និងការយល់ឃើញរបស់ខ្ញុំ គឺឱ្យតែនៅតំបន់ជាយក្រុងក្រុង ជាពិសេសផ្លូវក្រវ៉ាត់ក្រុង តែងតែជាតំបន់មានសក្ដានុពលទាំងអស់នៅឆ្នាំ២០២០នេះ ហើយនឹងនៅតែបន្តទៅឆ្នាំបន្ទាប់ទៀត ក្នុងរយៈពេលយូរ មិនថាស្ថិតនៅក្នុងកាលទេសណានោះទេ” ។
ទោះជាតម្រូវការនៃការប្រើប្រាស់ដីធ្លី ដែលស្ថិតនៅជាប់ផ្លូវក្រវ៉ាត់ក្រុង ក៏ដូចជាតំបន់ជាយក្រុងមានកម្រិតខ្ពស់ពិតមែន ប៉ុន្តែចំពោះតម្លៃដីធ្លីវិញ គឺមិនមានភាពស្មើគ្នានោះទេ ដែលវាអាស្រ័យទៅលើការប្រើប្រាស់ដី បម្រើឱ្យវិស័យនីមួយៗ ដែលក្នុងនោះរួមមានដូចជា វិស័យលំនៅដ្ឋាន វិស័យឧស្សាហកម្ម និងរោងចក្រ ក៏ដូចជាវិស័យឃ្លាំងជាដើម។
លោកស្រី តាំង ហួរ បានលើកឡើងថា សម្រាប់តំបន់ដែលមានសក្ដានុពល និងសមស្របទៅនឹងវិស័យលំនៅដ្ឋាន គឺស្ថិតនៅប៉ែកខាងត្បូងនៃរាជធានីភ្នំពេញ ជាពិសេសតំបន់ដែលកំពុងមានការអភិវឌ្ឍថ្មីស្ថិតក្នុងខណ្ឌដង្កោ ដោយសារតែតំបន់ទាំងនេះមានអំណោយផលទៅទីតាំងភូមិសាស្ត្រ កៀកនឹងទីប្រជុំជនក្រុង មានគម្រោងមណ្ឌលពាណិជ្ជកម្មជាច្រើន រួមជាមួយនឹងហេដ្ឋារចនាសម្ព័នផងដែរ។
លោកស្រីបន្តថា តំបន់បន្ទាប់ដែលមានភាពទាក់ទាញលើវិស័យលំនៅដ្ឋាន គឺស្ថិតនៅតាមផ្លូវជាតិ១ និងផ្លូវជាតិលេខ៦ ។ ដោយឡែក សម្រាប់តំបន់ក្បែរផ្លូវក្រវ៉ាត់ក្រុងទី៣ តំបន់ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥១ ភាគច្រើនគឺស័ក្ដិសមទៅនឹងវិស័យឧស្សាហកម្ម រោងចក្រ និងឃ្លាំង ដោយសារតែតំបន់ទាំងនេះ មានភាពអំណោយផល និងងាយស្រួលក្នុងការដឹកជញ្ជូន ឆ្ពោះទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ៕