សញ្ញាវិជ្ជមាន៖ កម្ពុជា អាចនឹងមានការហោះហើរត្រង់ពីឥណ្ឌូនេស៊ីនៅឆ្នាំ២០១៩

0

ដោយ វុត្ថា

ភ្នំពេញ៖ ជាថ្មីម្តងទៀតមានការអះអាងថា ការតភ្ជាប់វិស័យដឹកជញ្ជូនផ្លូវអាកាសពី​ឥណ្ឌូនេស៊ីមកកាន់កម្ពុជានឹងចាប់ផ្តើមនៅឆ្នាំ២០១៩ខាងមុខនេះ ដែលនឹងជួយពង្រីកទំហំពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍បានមានប្រសាសន៍ឲ្យដឹងបន្ទាប់ពីជួប​ជាមួយលោក Sudrirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីថ្មីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៨នេះកន្លងមកថា ភាគីទាំងពីរបានពិភាក្សាគ្នា ជំរុញ  ឲ្យមានការហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌូនេស៊ី ហើយយើងអាចមានការហោះហើរត្រង់នៅក្នុងឆ្នាំ២០១៩ ដោយក្រុមហ៊ុនអាកាសចរណ៍ឡាយអិនអ៊ែរ។

ទន្ទឹមនឹងការជំរុញឲ្យមានការហោះហើរត្រង់នៅឆ្នាំ២០១៩នេះ កម្ពុជានិងឥណ្ឌូនេស៊ីក៏បានពិភាក្សាគ្នា ដើម្បីរៀបចំពិធីបុណ្យប្រពៃណីបែបពុទ្ធសាសនាផងដែរ។

លោកថោង ខុនបានបន្ថែមថា ការរៀបចំបុណ្យបែបប្រពៃណីពុទ្ធសាសនា យើងធ្លាប់បានរៀបចំនៅសៀមរាប កាលពីឆ្នាំ២០១៧ ហើយខាងឥណ្ឌូនេស៊ីប្រាប់ថា នឹងយកចំណុចនេះ ទៅពិភាក្សាជាមួយក្រសួងទេសចរណ៍ ហើយចំពោះកិច្ចសហប្រតិបត្តិការរវាងការតភ្ជាប់ដោយផ្ទាល់ពីកម្ពុជាទៅឥណ្ឌូនេស៉ី អាចនឹងមានការហោះហើរត្រង់នៅឆ្នាំ២០១៩ ដែលជាឆ្នាំប្រារព្ធខួបលើកទី៦០នៃទំនាក់ទំនងការទូតកម្ពុជា និងឥណ្ឌូនេស៊ី។

អត្ថប្រយោជន៍ដែលទទួលបានពីការរៀបចំបុណ្យប្រពៃណីបែបពុទ្ធសាសនានេះរួមមាន ទី១ បានផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ទី២ បានជំរុញឲ្យគេស្គាល់យើងបានកាន់តែច្រើន និងទី៣បានជំរុញឲ្យប្រជាពលរដ្ឋទាំងអស់ កាន់តែមានជំនឿលើព្រះពុទ្ធសាសនា ប្រព្រឹត្តទង្វើមួយដែលល្អ។

លោកស៊ិន ចាន់សិរីវុត្ថាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបាន​ថ្លែងថា ក្រុមហ៊ុន Lion Airline របស់ឥណ្ឌូនេស៊ី ពិតជាបានសិក្សាពីលទ្ឋភាពហោះហើរត្រង់មកកម្ពុជា តាមរយៈការហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកាន់កម្ពុជា ឬបង្កើតក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយនៅកម្ពុជា ដើម្បីប្រតិបត្តិការហោះហើរ ប៉ុន្តែលទ្ឋផលនៃការសិក្សានិងការបញ្ជាក់ពីកាលបរិច្ឆេតហោះហើរនាពេលណា លោកមិនទាន់អាចបញ្ជាក់បាននៅឡើយទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here