ដោយ គង់ សូរិយា
ភ្នំពេញ៖ ស្របពេលមានការចាប់អារម្មណ៍ និងវិនិយោគកាន់តែច្រើនលើវិស័យអចលនទ្រព្យ ការមានជម្រើសដ៏ឆ្លាតវៃមួយ អាចធ្វើឲ្យយើងក្លាយជាអ្នកមានបាន នាពេលអនាគត ហេតុនេះអ្នកជំនាញថា គួរជួលផ្ទះគេរស់នៅសិន ដើម្បីទុកលុយវិនិយោគ។
លោក ម៉ឹង លាងហ៊ន អ្នកជំនាញអចលនទ្រព្យបានប្រាប់ propertyarea.asia នាពេលថ្មីៗនេះថា ការជួលផ្ទះគេជារឿងល្អ នៅពេលដែលយើងមិនទាន់មានលទ្ធភាពទិញផ្ទះដោយលុយខ្លួនឯងទាំងស្រុង។ ឧទាហរណ៍ បើប្តី និងប្រពន្ឋរកបានចំណូល៥០០ដុល្លារក្នុងមួយខែដូចគ្នា យើងដក ៥០០ដុល្លារមកប្រើប្រាស់ ដោយយក១០០ដុល្លារជួលផ្ទះ និងសល់ពីនោះទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ដូច្នេះយើងអាចខ្ចីឥណទានពីធនាគារយកមកទិញដី ហើយយកលុយដែលសល់លុយ៥០០ដុល្លារទៀត សម្រាប់បង់ ឲ្យធនាគារ។ បន្ទាប់ពីទិញដីបានហើយ យើងអាចដាក់ដីយើងសម្រាប់ជួល ឬធ្វើអ្វីមួយ។
-->
បន្ទាប់ពីបីទៅបួនឆ្នាំ ក្រោយពីយើងបង់លុយធនាគារចប់ហើយ គឺយើងបានដីនោះជាទ្រព្យរបស់យើង។ បន្ទាប់មកយើងខ្ចីលុយពីធនាគារម្តងទៀត យកលុយទៅវិនិយោគលើដីនោះដោយធ្វើផ្ទះជួល ហើយអ្នកមកជួលផ្ទះយើង គឺជាអ្នករកចំណូលបង់ឲ្យយើងប្រចាំខែ ដែលអាចបង់បាន៨០ទៅ១០០ភាគរយ នៃលុយដែលយើងត្រូវបង់ធនាគារ។
លោកម៉ឹង លាងហ៊នបានបន្តថា ផ្ទុយទៅវិញ បើយើងទិញផ្ទះបង់រំលស់ យើងអាចបានផ្ទះតែ១ក្នុងរយៈពេល១០ឆ្នាំ ប៉ុន្តែក្នុងករណីប្តី ប្រពន្ឋមានប្រាក់ខែ៥០០ដូចគ្នា ហើយចៃដន្យប្តីបាត់បង់ការងារ តើយើងអាចមានលទ្ឋភាពបង់បន្តទៀតឬយ៉ាងណា? ហើយការទូទាត់នៅតែអាចទូទាត់បានឬយ៉ាងណា?។ ហេតុនេះជាយោបល់ខ្ញុំ យើងគួរទិញអចលនទ្រព្យសម្រាប់ធ្វើផ្ទះជួល ដើម្បីឲ្យអ្នកជួលផ្តល់ចំណូលដល់យើង និងបង់ធនាគារជំនួសយើង។
លោកបានបន្តលើកជាសំណួរសម្រាប់ពិចារណាថា ហេតុអីយើងត្រូវធ្វើបន្ទប់ជួល ដើម្បីរកចំណូលពីការជួលត្រលប់វិញ? ដោយសារយើងអាចមានប្រភពចំណូលលើសពីពីរផ្នែក ទី១ ចំណូលប្តី ទី២ចំណូលប្រពន្ឋ ទី៣ ចំណូលពីផ្ទះជួល។ ហេតុនេះបើទោះបីជាភាគីប្តី ឬប្រពន្ឋបាត់បង់ចំណូល ក៏យើងនៅមានលទ្ឋភាពទិញផ្ទះបានដែរ។
លោកលាងហ៊នបានបន្តថា ជាយោបល់របស់ខ្ញុំ បន្ទាប់ពីយើងបង់លុយធនាគារអស់ យើងត្រូវធ្វើគំរោងទី២ ហើយនៅបន្តជួលផ្ទះសិនទៅ។ ធ្វើឲ្យជីវិតយើងលំបាកសិនខ្លះទៅ ដើម្បីយើងយកពេលវេលា និងលុយរបស់យើងទៅវិនិយោគធ្វើផ្ទះជួលបន្តទៀត ហើយនៅពេលយើងធ្វើផ្ទះជួលបានពីរ ចំណូលយើងអាចទទួលបាន១០០០ដុល្លារ ហើយប្តីប្រពន្ឋយើងបាន១០០០ដុល្លារក្នុងមួយខែទៀត នឹងធ្វើឲ្យចំណូលរបស់យើងកើនដល់២០០០ដុល្លារក្នុងមួយខែ ពេលនោះយើងចង់ទិញផ្ទះសម្រាប់ស្នាក់នៅ គឺយើងយកចំណែកតែ៥០ភាគរយ នៃចំណូលផ្ទះជួលរបស់យើង ទៅបង់ធនាគារសម្រាប់ថ្លៃផ្ទះរបស់យើង។
ដូច្នេះប្រាក់ខែរបស់យើងក៏នៅសល់ លុយបានពីការជួលផ្ទះក៏សល់ក្នុងមួយខែ១៥០០ដុល្លារ។ ដូច្នេះទោះជាមានបញ្ហាអ្វីមួយ ក៏យើងមានលំហូរសាច់ប្រាក់សម្រាប់ទប់ទល់បានដែរ នេះជាលក្ខខ័ណ្ឌដែលធ្វើឲ្យអ្នកទិញមិនប្រឈមហានិភ័យ៕