ដោយគង់ សូរិយា
ភ្នំពេញ៖ អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម បានអំពាវនាវដល់សាធារណៈជនសូមកុំទិញនិងទទួលទានផលិតផល Kellogg’s HoneySmack cereal ដោយក្រុមហ៊ុន Kellogg Company របស់សហរដ្ឋអាមេរិកក្រោយក្រុមហ៊ុនរកឃើញថាមានសារជាតិពុលនិងមេរោគចម្លង។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានកម្ពុជា ត្រួតពិនិត្យទំនិញនីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំ (កាំកុងត្រូល) ឲ្យដឹងនៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៨នេះ បានធ្វើការជម្រាបជូនដល់សាធារណៈ ពាណិជ្ជករ នាំចូល អាជីវករលក់ដុំ លក់រាយជ្រាបថា រដ្ឋបាលឱសថ និងម្ហូបអាហារសហរដ្ឋអាមេរិក បានជូនដំណឹងអំពីការប្រមូលត្រឡប់មកវិញ ពីទីផ្សារសហរដ្ឋអាមេរិកដោយស្ម័គ្រចិត្ត នូវផលិតផល ខេឡូក ហាន់នី ម៉្មេកហ្សឺរៀល បន្ទាប់ពីរដ្ឋបាលឱសថនិងម្ហូបអាហារ រួមជាមួយមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជម្ងឺឆ្លងសហរដ្ឋអាមេរិក បានស្រាវជ្រាវរកឃើញប្រភពនៃការពុលម្ហូបអាហារបណ្តាលមកពីការទទួល ទានផលិតផលខាងលើដែលចែកចាយដោយក្រុមហ៊ុនអាមេរិក មានសក្តានុពលចម្លងចូលបាក់តេរីសាម៉ុនណេឡា (Salmonella)។







