វិនិយោគិនជប៉ុននឹងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាល

0

ដោយវុត្ថា

ភ្នំពេញ: អ្នកវិនិយោគជប៉ុនក៏ដូចជាអ្នកវិនិយោគដទៃទៀត នៅតែទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីរដ្ឋាភិបាលកម្ពុជា នៅពេលពួកគេមានបំណងឬចូលមកវិនិយោគ​នៅប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិ បានមានប្រសាសន៍ក្នុងជំនួបជា​មួ​យលោកMasashi Kono ប្រធានអង្គការពាណិជ្ជកម្មក្រៅស្រុកជប៉ុន (JETRO) ដែលត្រូវបញ្ចប់អាណត្តិការងារនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០១៨នេះថា រដ្ឋាភិបាលកម្ពុជានៅតែបន្តផ្តល់ការគាំទ្រគ្រប់បែបយ៉ាងជូនវិនិយោគិនជប៉ុន ដែលមានបំណងបណ្តាក់ទុនលើវិស័យធុរកិច្ចផ្សេងៗនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងជប៉ុន។

លោករដ្ឋមន្ត្រីបានស្វាគមន៍ ចំពោះលោកប្រធានអង្គការ JETROថ្មី និងបានលើកឡើងអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្នបានក្លាយជាដៃគូយុទ្ធសាស្ត្រលើផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ក៏បានស្នើលោកប្រធានអង្គការJETROថ្មី ជំរុញវិនិយោគិនជប៉ុន ពង្រឹងកិច្ចសហការជាមួយសហគ្រាសធុនតូច និងធម្យមកម្ពុជា ដើម្បីអភិវឌ្ឍន៍ផលិតផលខ្មែរឲ្យមានគុណភាព និងស្តង់ដារខ្ពស់ សំដៅឆ្លើយតបតម្រូវការទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារជប៉ុន។

លោកបន្តថា “កម្ពុជាកំពុងត្រូវការវិនិយោគិនជប៉ុន មកសហការជាមួយ SME ក្នុងការអភិវឌ្ឍខ្សែសង្វាក់តម្លៃផលិតផលមួយចំនួន ឲ្យមានគុណភាពខ្ពស់ និងស្តង់ដារបែបជប៉ុន ដើម្បីដាក់លក់នៅផ្សារ AEON និងនាំចេញ”។

លោក ម៉ាសាស្ហិ កូណូ និងលោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ បានថ្លែងអំណរគុណដល់រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា ដែលចែករំលែកនូវព័ត៌មានល្អៗ ស្តីពីទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងផ្តល់ការគាំទ្រជានិច្ចចំពោះវិនិយោគិន និងធុរជប៉ុន ក្នុងការប្រកបធុរកិច្ចនៅក្នុងប្រទេសកម្ពុជា។

លោក មីយ៉ាអុ ម៉ាសាហ៊ិរ៉ុ ប្រធានអង្គការJETROថ្មី បានសន្យាខិតខំផ្សព្វផ្សាយអំពីឱកាស និងសក្តានុពលវិនិយោគរបស់ប្រទេសកម្ពុជា ដល់សហគមន៍ធុរកិច្ចនៅក្នុងប្រទេសជប៉ុន ដើម្បីកៀងគរវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់តែច្រើន លើវិស័យ SME និងវិស័យអទិភាពផ្សេងៗរបស់កម្ពុជា សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here