ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលផ្លូវនេះនឹងមានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប ដែលគ្រោងនឹងរៀបចំជាមជ្ឈមណ្ឌលទេសចរណ៍មួយ។

ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ រដ្ឋាភិបាលនឹងសាងសង់ផ្លូវថ្មីមួយខ្សែ តភ្ជាប់ក្រុងសៀមរាប ទៅកាន់ក្រុងបាត់ដំបង ដែលផ្លូវនេះនឹងមានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសាប ដែលគ្រោងនឹងរៀបចំជាមជ្ឈមណ្ឌលទេសចរណ៍មួយ។

អ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២៤ ឧសភាកន្លងមកថា ផ្លូវមួយខ្សែដ៏សំខាន់នេះមានប្រវែងប្រមាណ៧០គីឡូម៉ែត្រ ដែលបានសិក្សាដោយក្រុមហ៊ុនចិន និងក្រុមហ៊ុនមួយចំនួនទៀត ប៉ុន្តែលទ្ឋផលសិក្សាផ្លូវការ មិនទាន់បញ្ចេញលំអិតបាននៅឡើយទេ។
លោកបន្តថា ផ្លូវដ៏សំខាន់នេះមានគោលដៅ ដូចជា ទី១ សម្រូលដល់ការដឹកជញ្ជូន ទី២ ជួយផ្តល់លំហូរទេសចរណ៍រវាងប៉ូលសេដ្ឋកិច្ចធំពីរគឺសៀមរាប និងបាត់ដំបង ដោយមិនចាំបាច់ឆ្លងកាត់ខេត្តបន្ទាយមានជ័យ ព្រោះបើឆ្លងកាត់ខេត្តបន្ទាយមានជ័យភ្ញៀវអន្តរជាតិនឹងចូលទៅកាន់ទីក្រុងបាងកង ទី៣ ជួយឲ្យមានលំហូរពលកម្មពីខេត្តបាត់ដំបងមកកាន់ខេត្តសៀមរាប ព្រោះខេត្តបាត់ដំបងមានមនុស្សរស់នៅច្រើន ជាងខេត្តសៀមរាប និងទី៤ ការបង្កើតឲ្យមានមជ្ឈមណ្ឌលទេសចរណ៍មួយ នៅកណ្តាលទន្លេសាប ដោយសារផ្លួវនេះមានស្ពានដ៏វែងឆ្លងកាត់ទន្លេសាប។
លោកវ៉ាស៊ីម សូរិយាបានបន្តថា “គំរោងនេះស្ថិតក្នុងផែនការអាទិភាព ព្រោះឯកឧត្តមទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុលចង់ជំរុញការងារនេះឲ្យបានលឿនណាស់ ប៉ុន្តែក៏៏មានការជំទាស់ពីក្រុមអ្នកបរិស្ថានផងដែរ”។ លោកបន្តថា “យ៉ាងណាការសាងសង់ស្ពានបែបនេះ មិនមានផលប៉ះពាល់បរិស្ថានធ្ងន់ធ្ងរនោះទេ បើការសាងសង់មានសរសេរគម្លាតគ្នាឆ្ងាយ វាមិនប៉ះពាល់ដល់លំហូរទឹកនោះទេ”។

លោកបន្តថា “គំរោងនេះអាចសាងសង់នៅពេលណាជាក់លាក់ ខ្ញុំមិនទាន់អាចបញ្ជាក់បានទេ ប៉ុន្តែក្រោយការសិក្សាចប់ គម្រោងនេះអាចឲ្យក្រុមហ៊ុនឯកជនដាក់ដេញថ្លៃសាងសង់ ឬជាថវិការបស់រដ្ឋាភិបាល មិនទាន់ដឹងពិតប្រាកដនៅឡើយទេ។
រាជរដ្ឋាភិបាលបាននិងកំពុងបង្ហាញមហិច្ឆតាដ៏ធំ ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ ដើម្បីជម្រុញកំនើនសេដ្ឋកិច្ចជាតិ។
សេដ្ឋវិទូបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិធ្លាប់បានមានប្រសាសន៍ថា ហេដ្ឋារចនាសម្ព័ន្ឋជាបញ្ហាប្រឈមមួយ ក្នុងការប្រកួតប្រជែងរបស់កម្ពុជាធៀបជាមួយប្រទេសក្នុងតំបន់ ប៉ុន្តែបច្ចុប្បន្នរដ្ឋាភិបាលបាននិងកំពុងវិនិយោគលើវិស័យនេះច្រើនហើយ តែយ៉ាងណាក៏ដោយវាត្រូវការពេលវេលា ព្រោះហេដ្ឋារចនាសម្ព័ន្ឋធំៗ មិនអាចសាងសង់បានក្នុងរយៈពេល១ខែឬ១ឆ្នាំនោះទេ។

លោកបន្តថា “ចង់ឲ្យសេដ្ឋកិច្ចរីកចម្រើនបន្ថែមទៀត រដ្ឋាភិបាលត្រូវតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋ បើទោះវាត្រូវចំណាយទុនដ៏ច្រើនក្តី”៕