ដោយៈ ម៉ាណេត
ភ្នំពេញៈ ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងភូមិកីឡា (Sport Village) អះអាងថា ខ្លូននឹងខិតខំសាងសង់គម្រោងភូមិកីឡានេះ ទៅតាមដែនបានកំណត់ ដើម្បីបម្រើឱ្យប្រតិភូកីឡា និងអត្តពលិកសរុបប្រមាណ១ម៉ឺននាក់ អំឡុងការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ា ហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

-->
អ្នកឧកញ៉ាសៀ ឬទ្ធីតំណាងក្រុមហ៊ុន World Bridge Sport Village ដែលកំពុងសាងសង់គម្រោងភូមិកីឡានេះ បានថ្លែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះថា ក្រុមហ៊ុន នឹងខិតខំសាងសង់គម្រោងភូមិកីឡានេះ ឲ្យទាន់ពេលវេលាកំណត់ នៅចុងឆ្នាំ២០២២ តាមរយៈការសម្រុកធ្វើការងារទាំងយប់ទាំងថ្ងៃ ទោះបីស្ថិតក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ក៏គម្រោងនៅតែបន្តការសាងសង់ជាប់ជានិច្ច។
ភូមិកីឡា កំពុងសាងសង់លើផ្ទៃដីប្រមាណ៨ហិចតា នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រូវសាងសង់ជាបន្ទប់ និងខុនដូសរុបជាង១,៧០០បន្ទប់ បំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ហើយជាតំបន់បៃតង ដែលមានទីធ្លារធំទូលាយ មានផ្សារទំនើប និងសាលធំៗអាចប្រើប្រាស់ជាការប្រកួតកីឡាបាន។ លើសពីនេះ ក៏មានរៀបចំសារមន្ទីរស៊ីហ្គេម ដើម្បីផ្ទុកនូវអនុស្សាវរីយ៍ ដែលកម្ពុជាធ្លាប់ដណ្ដើមបានពីស៊ីហ្គេមមុនៗទៀតផង។
ភូមិកីឡា ឬ Sport Village គឺជាកន្លែងស្នាក់នៅ និងហូបចុករួមដ៏ធំមួយ ដើម្បីត្រៀមស្វាគមន៍ប្រតិភូ និងអត្តពលិក ដែលនឹងមកចូលរួមប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជាដែលរាជរដ្ឋាភិបាលបានផ្ដស់សិទ្ធិដល់ក្រុមហ៊ុន World Bridge Sport Village ដើម្បីសាងសង់ឲ្យរួចរាល់មុនស៊ីហ្គេម ឆ្នាំ២០២៣។

តាមផែនការក្រុមហ៊ុនបានសន្យាថា ការសាងសង់គម្រោងនេះ នឹងត្រូវបញ្ចប់ចុងឆ្នាំ២០២២ ដើម្បីប្រគល់ឲ្យគណៈកម្មាធិការជាតិ CAMSOC ប្រើប្រាស់ឲ្យបានទាន់ពេលវេលានៃកាលបរិច្ឆេទរៀបចំស៊ីហ្គេម ចាប់ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម ចាប់ពីថ្ងៃទី១-១០ ខែមិថុនា ឆ្នាំ២០២៣៕