ដោយ គង់ សូរិយា
ភ្នំពេញ៖ ការវិនិយោគលើដីធ្លី ឬផ្ទះមិនសុទ្ឋតែបានផលចំណេញទេ បើសិនជាយើងខ្វះមូលដ្ឋានចំណេះដឹងត្រឹមត្រូវ និងមិនដឹងពីវិធីសាស្រ្តនៃការវិនិយោគទេនោះ ហេតុនេះ អ្នកជំនាញអចលនវត្ថុកម្ពុជា បានបង្ហើបពីវិធីសាស្រ្តមួយចំនួន ដើម្បីទិញអចលនទ្រព្យឆាប់ទទួលបានផលចំណេញ។
អគ្គនាយិកាក្រុមហ៊ុន AMATAK Property Service Co, Ltd លោកស្រី តាំង ហួរ បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ នាព្រឹកថ្ងៃទី៥ កក្កដានេះថា ការទិញដីឬផ្ទះមិនសុទ្ឋតែទទួលបានផលចំណេញទេ ព្រោះផ្ទះឬដីខ្លះទិញហើយមិនត្រឹមលក់មិនចេញទេ តែអាចនាំឲ្យខាតបង់ប្រាក់ និងពេលវេលាទៀតផង។ ហេតុនេះការទិញដី ឬផ្ទះដើម្បីបានចំណេញច្រើន និងលឿន គួរទិញដីនៅតាមផ្លូវក្រវ៉ាត់ក្រុង នៅពេលទទួលបានព៌តមានមុនគេ ទិញមុនគេ នឹងទទួលបានផលចំណេញច្រើន។
-->
លោកស្រីបានបន្តថា “អ្នកទិញដីឬផ្ទះក៏ត្រូវគិតពីហុងស៊ុយផងដែរ ព្រោះក្បួនហុងស៊ុយមានសារៈសំខាន់ណាស់ ទាក់ទងនឹងទ្រព្យធន់ ព្រោះទ្រព្យខ្លះមិនត្រឹមតែមិនធ្វើឲ្យយើងចម្រុងចម្រើនទេ តែក៏ធ្វើឲ្យយើងមានបញ្ហាក្នុងជីវិតផងដែរ”។លោកស្រីបន្តថា “ការទិញដីនៅជាយក្រុង ដែលមានចម្ងាយ២០ទៅ៣០គីឡូម៉ែត្រពីទីក្រុង និងជាតំបន់អភិវឌ្ឍន៍ មានមនុស្សច្រើនរស់នៅ ក៏យើងទទួលបានផលចំណេញខ្ពស់ផងដែរ”។
អ្វីដែលត្រូវចងចាំគឺគួរទិញដី ដែលស្ថិតនៅជាប់ផ្លូវ ផ្ទះដែលបែរមុខទៅរកហុងស៊ុយល្អប្រសើរ តែយើងមិនអាចកំណត់ថា ទិសណាល្អទាំងអស់ទេ វាអាស្រ័យលើហុងស៊ុយរបស់មនុស្សម្នាក់ៗ ដែលមានជោគជតាខុសៗគ្នាផងដែរ។លោកស្រីតាំង ហួរបញ្ជាក់ឲ្យដឹង។
លោកស្រីបន្តថា ដើម្បីទទួលបានព៌តមានល្អ និងដឹងពីមូលដ្ឋានអចលនវត្ថុ ទិសនៃក្បួនហុងស៊ុយល្អប្រសើរ លោកស្រីតែងតែផ្តល់ការពិគ្រោះយោបល់ពីបញ្ហានេះ ហេតុនេះ អ្នកវិនិយោគគួរសិក្សា ឬពិភាក្សាជាមួយអ្នកជំនាញអចលនវត្ថុជាមុន មុនសម្រេចចិត្តវិនិយោគជាការល្អប្រសើរ ដើម្បីបញ្ចៀសហានិភ័យ និងទទួលបានផលចំណេញលឿនពីការវិនិយោគរបស់ខ្លួន៕